ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសួរសុខទុក្ខនិងចែកអំណោយឧបត្ថម្ភបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យប្រមាណជាង១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ស្អែកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ខែតុលាតាមរថយន្តពីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យ។តែនៅយប់ថ្ងៃទី២០ខែតុលាសម្តេចសម្រាកនៅខេត្តសៀមរាប ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះបានបញ្ជាក់ថាពិធីចែកអំណោយរបស់សម្ដេចតេជោហ៊ុនសែននឹងត្រូវធ្វើឡើងពីរគោល ដៅនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖ គោលដៅទី ១ នៅម៉ោង៦ ព្រឹកចែកនៅក្នុងបរិវេណចំណុចទីទួលសុវត្ថិភាព(ផ្លូវជាតិលេខ៥-ផ្លូវវៀង)ក្នុងភូមិបត់ត្រង់ ឃុំបត់ត្រង់ និង គោលដៅទី២នៅម៉ោង ៨ ព្រឹកនៅផ្សារធំថ្មី បូរីជ័យII ចំការតាដោកភូមិចំការតា ដោកឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។ ចំណែកថ្ងៃទី ២២ខែតុលាចែក ជូនពលរដ្ឋជាង១ ម៉ឺនគ្រួសារទៀតគោលដៅទី១ម៉ោង៦ព្រឹកចែកជូនប្រជាពលរដ្ឋនៅបរិវេណផ្សារហង្សស៊ីផា ភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួកនិង ម៉ោង៨ព្រឹកនៅបរិវេណ ខាងជើងរង្វង់មូលផ្លូវជាតិ លេខ៥៨ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
សម្តេចតេជោហ៊ុន សែន បានបង្ហោះសារនៅក្នុងហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២០ខែតុលានេះថា៖«ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ខ្ញុំនឹងបំ ពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០»។
ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្គ្រោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង ។ សូមអរគុណសប្បុរស ជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ ។ល។តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្គ្រោះប្រជាជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងដោយសារភ្លៀងនៅតែបន្តធ្លាក់និងទឹកដែលហូរធ្លាក់មកពីស្ទឹងបវេលខេត្តបាត់ដំបងនិងពីប្រទេសថៃតាមអូរព្រំដែននិងការបាក់ទំនប់ អូរខៃដននៅតែបន្តហូរចាក់យ៉ាងគំហុកធ្វើឱ្យកម្ពស់ទឹកស្ទឹងមង្គលបុរីនិងស្ទឹងសិរីសោ ភ័ណហក់ឡើងលើសពីកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នដែលបណ្ដាលឱ្យជន់លិច និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋសរុប ២២១៧៨ ខ្នងផ្ទះដែលស្ថិតនៅតាមតំបន់មាត់អូរ ស្ទឹង និង ទីទំនាបនៃក្រុង-ស្រុកទាំង ៩ នៅទូទាំងខេត្តបន្ទាយមានជ័យ។
គ្រោះទឹកជំនន់នេះបានធ្វើឱ្យពលរដ្ឋចំនួន១៥នាក់លង់ទឹកស្លាប់និង១៣,៧៦៣ នាក់ក្នុងចំណោម១៩៦,៥៣៦ នាក់ដែលរងផលប៉ះពាល់ដោយទឹកជន់លិចផ្ទះសំបែងត្រូវបានជម្លៀ សចេញទៅកាន់ទីទួលមានសុវត្ថិភាពខណៈដំណាំស្រូវជិត៥ម៉ឺនហិកតានិងដំឡូងមីរួមទាំងដំណាំរួមផ្សំសរុបចំនួនជិត១ម៉ឺនហិកតាទៀតត្រូវបានទឹកជន់ លិចទាំងស្រុង។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ត្រូវបានទឹកជន់លិចផងដែរក្នុងនោះជន់លិចសាលារៀនចំនួន ១១៨ កន្លែង ប៉ះពាល់ដល់ការសិក្សារបស់សិស្សរាប់ពាន់នាក់និងជន់លិចមណ្ឌលសុខភាពចំនួន ៩ កន្លែងនិងសាលាឃុំ ៥ កន្លែងប៉ះពាល់ដល់ការងារផ្ដល់សេវាសាធារណៈមួយចំនួននៅក្នុងសហគមន៍មូលដ្ឋានរួមទាំងជន់លិចប៉ះពាល់ផ្លូវ៥៩៦កន្លែងមានប្រវែ ងសរុប ៣៨៦ គីឡូម៉ែត្រ ប៉ះពាល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូ នទំនិញនិងកសិផលនានាផងដែរ។
ក្នុងចំណោមក្រុង-ស្រុកទាំង៩របស់ខេត្តបន្ទាយមានជ័យដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងនិងទឹកដែលហូរចាក់មកពីប្រទេសថៃនាពេលនេះមានក្រុង-ស្រុកចំនួន៣រួមមានក្រុងប៉ោយប៉ែតស្រុកអូរជ្រៅនិងស្រុកថ្មពួករងការជន់លិចធ្ងន់ធ្ងរជាងគេ។នៅ ពេលនេះល្បឿនទឹកដែលហូរធ្លាក់ពីប្រទេសថៃតាមអូរព្រំដែនក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៣នេះបានថយចុះបន្តិចបើធៀបកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទដែលមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងជាប់តំបន់ជួរព្រំដែនកម្ពុជា-ថៃ។
អាជ្ញាធរថៃនៅខេត្តស្រះកែវកាលពីថ្ងៃទី១៥ខែតុលាបានជូនដំណឹងដល់ភាគីកម្ពុជាអំពីការបើកទ្វារទឹកនៅភាគខាងលើនៃស្រុកអារញ្ញនិងបានអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលរស់នៅក្នុងតំបន់ទីទំនាបតាមដងអូរព្រំដែន(កម្ពុជា-ថៃ) បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះទឹកជំនន់។
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះទឹកជំនន់បានវាយប្រហារនៅក្រុងប៉ោយប៉ែតកាន់តែធ្ងន់ធ្ងរដោយសារបាក់ទំនប់អូរខៃដនដែលធ្វើឲ្យលិចលង់ខ្លាំងជាងមុនផងដែរ ។ ជំនន់ទឹកភ្លៀងនេះបានហូរមកពីថៃតាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ម្ល៉េះប៉ុន្តែវាត្រូវបានស្តុកនៅអាងអូរខៃដន។ដោយសារទំហំទឹកបុកមកខ្លាំងពេកធ្វើឲ្យបាក់ទំនប់អូរខៃ ដននេះនិងហូរកាត់ផ្លូវជាតិលេខ៥ចំណុចភូមិកូនដំរីហើយបុកទៅភូមិសូរិយា។
បើពិនិត្យទីតាំងភូមិសាស្ត្រដែលខ្សែទឹកត្រូវហូរស្របគ្នាដែលភាគីថៃបានត្រៀមនឹងកាយប្រឡាយបង្ហូរទឹកថែមទៀតអាចឲ្យមានទឹកធ្លាក់មកច្រើនបុកទៅអូរបីជាន់ចំណែកទឹកដែលបាក់ទំនប់អូរខៃដនវិញអាចនឹងហូរចូលក្រុងសេរីសោភ័ណ្ឌបន្ថែមទៀត។
គិតត្រឹមថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ គ្រោះជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស ២៥ នាក់និងប៉ះពាល់ទីជម្រករបស់ប្រជាពលរដ្ឋជាង ៨ ម៉ឺនគ្រួសារ ស្មើនឹង ៣៤ ម៉ឺននាក់ក្នុងនោះ ៣៧ ៣៩៦ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានេះទឹកជំនន់បានជន់លិច និងធ្វើឱ្យប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំសរុបជាង ៣០ ម៉ឺនហិក តា ប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំសរុបប្រវែងជាង ១ ៨០០ គ.ម៕BR