ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលាតាមប្រព័ន្ធវីដេអូ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) និងប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអ.ស.ប។
ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ប្រភពដដែលបន្តថា កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ រួមមាន ការអនុវត្តសេចក្តីថ្លែងការរួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះ នឹងមានការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផងដែរ ក្នុងការស្វែងរកវិធីពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយសារតែវិបត្តិសុខភាពសកលដែលបង្កឡើងដោយជំងឺកូវីដ-១៩។
គួរកត់សម្គាល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អ.ស.ប នេះ ត្រូវបានរៀបចំឡើងជាទៀតទាត់ ស្របពេលសម័យប្រជុំនៃមហាសន្និបាតអ.ស.ប។ នៅក្នុងឆ្នាំនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អ.ស.ប ត្រូវបានរំពឹងថា នឹងរំលេចលើកិច្ចពិភាក្សាអំពីបញ្ហាតំបន់ និងសកលមួយចំនួន ដែលឆ្លុះបញ្ចាំងនឹងមូលបទនៃសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម – ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគីដែលមានប្រសិទ្ធភាព» ៕S/

រូបថត
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា (រូបថតៈឯកសារ)