ដោយៈចាន់តូ/ភ្នំពេញៈបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង សង្ស័យងោកមួយភាំងបើកឡើងសួនច្បារចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាន់ណូមួយដើមបាក់រាបដល់ដី រីឯតៃកុងកៀបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០នៅចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌សលាយបៃតង ពាក់ផ្លាកលេខ ភ្នំពេញ3A.1656ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តជាច្រើនគ្រឿងឈប់បន្ត កន្ទុយគ្នានៅនឹងស្តុប ខណៈនោះសង្ស័យងោកមួយភាំងរ៉េចង្កូតឡើងលើសួនច្បារចែកទ្រូងផ្លូវរទៅបុកបង្គោលប៉ាន់ណូផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យដែកបង្គោលប៉ាន់ណូផ្ទប់ជាប់ជាមួយកាប៊ីនរថយន្ត តៃកុងកៀបជាប់ជើងរើមិនរួចស្លេកមុខបែកញើសជោគពេញខ្លួន។
ខណៈនោះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវក៏ដូចជានៅក្បែរកន្លែងកើតហេតុនិងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាននាំគ្នាយកដៃជួយគាស់ដើម្បីជួយសង្គ្រោះតៃកុងដែរកៀបជាប់ តែគាស់មិនបាន។ពេលនោះមានរថយន្តស្ទូចមួយគ្រឿងដែលបានឆ្លងកាត់នៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចហៅមកឲ្យជួយស្ទូចយកខ្សែកាបថ្ពក់ជាប់នឹងកាប៊ីនទាញ ទើបអាចយក តៃកុងចេញពីរថយន្តបានរួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕-R