ដោយ​: ជា សីហៈ / ភ្នំពេញ​: នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដឹកនាំ​កិច្ចប្រជុំ​ធំៗ​ចំនួន​៣​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​វីដេអូ​។

​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ទី ១) គឺ កិច្ចប្រជុំ​លើក​ទី​៤២ នៃ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន កិច្ចប្រជុំ​ទី​២) កិច្ចប្រជុំ​លើក​ទី​២០ រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន និង​ប្រទេស​បូក​៣ (​ចិន កូរ៉េ ជប៉ុន​) និង កិច្ចប្រជុំ​ទី​៣) កិច្ចប្រជុំ​លើក​ទី​៦ រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ឥណ្ឌា ។

​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​នៃ​បណ្តា​ប្រទេស​អាស៊ាន ប្រទេស​បូក​៣ (​ចិន កូរ៉េ ជប៉ុន​) និង​ប្រទេស​ឥណ្ឌា នឹង​អនុម័ត​លើ​ឯកសារ​មួយចំនួន ដើម្បី​អនុវត្ត​ក្នុង​គោលដៅ​លើក​កំពស់​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ ជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វិដ​១៩​ជាដើម​៕ ល​