អ្វីៗ ដើម្បី​ប្រជាពលរដ្ឋ​!

​ដោយ​: លី ម៉េង​ហួរ​៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើដំណើរ​តាម​រថយន្ត​ចាក​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយ ជំនន់​ទឹកភ្លៀង ជាង​ពីរម៉ឺន​គ្រួសារ​។ ពិធី​ជួបជុំ​នឹង ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២១ និង​ទី​២២​ខែតុលា​។
​ ​
​ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក អមដោយ​រូបថត​ក្នុង​ឯកសណ្ឋាន នាយ​ឧ​ត្ត​ម​សេនីយ៍ ផុត​លេខ​ផ្កាយ មាស ៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សម្តេច​នឹង​បំពេញការងារ​ពីរ​ថ្ងៃ​នៅ​ខេត្ត បន្ទាយមានជ័យ គឺ​នៅ​ថ្ងៃទី​២១ និង​ថ្ងៃ​២២ ខែតុលា មុននឹង​សម្តេច វិល​ត្រឡប់មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៣ ខែតុលា ។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បន្ថែមថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ​ក្រោយ​ទឹក ជំនន់​ផង​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​សប្បុរសជន ដែល​ជួយផ្តល់ ជា​ថវិកា សម្ភារ ស្បៀងអាហារ​។​ល​។ តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម​ឬ​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន ដែល​រងគ្រោះ​។​

​សម្តេច ក៏បាន​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ ក្រុមយុវជន​ទាំងអស់ ដែល​បាន​ចូលរួម​ជួយសង្គ្រោះ ប្រជាជន​នៅ​តំបន់​រងគ្រោះ ដែល​នេះ បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ និង​ទូលំទូលាយ នៃ​ជាតិ​យើង​។​
​ ​
​ដោយឡែក អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏បាន​នាំ​អំណោយ ទៅ​ចែកជូន​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ នៅ​ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា​។

​ដោយឡែក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​យប់​ថ្ងៃទី​១៦ ខែតុលា សម្តេច​បាន អញ្ជើញ​ជួប​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ស្ទឹង​ព្រែក​ត្នោត ទាំង​ភ្លៀង​សស្រិច នៅ​ទួល​សុវត្ថិភាព ជិត​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ ​
​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ ខែតុលា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ចំនួន ៣៣៨៤​គ្រួសារ​។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ នៅជាប់​ក្លោងទ្វា​វត្ត​រតន​តេ​ជៈ ហៅ​វត្ត កំពង់​ក្តុល សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ជួប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ ទឹកជំនន់ នៅពេលនេះ ហើយក៏​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយសារ ទឹកជំនន់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ផងដែរ​។

​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​មាន​ប្រសា​ស៍​ថា ទោះជា​អំណោយ​នេះ តិចក្តី ច្រើនក្តី​នេះ​គឺជា​ការ ចូលរួមចំណែក​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នេះ​។ សម្ដេច​ក៏ បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​បណ្ដា​សប្បុរសជន​ទាំងឡាយ ដែល​បាន​ចូលរួម​សប្បុរសធម៌​ជាមួយនឹង​រាជរដ្ឋាភិបាល​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​កន្លងមក ក្នុង​ការជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នាពេលនេះ​។​

​ក្រៅពី​សកម្មភាព​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​នៅមាន​សកម្មភាព​របស់ អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់ នៅតាម​ខេត្ត​រាជធានី ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ បាន​ជួយ​អន្តរាគមន៍ ជម្លៀស​ប្រជាពលរដ្ឋ ចេញពីផ្ទះ​លិច​ទឹក​។ ជំនួយ​សង្គ្រោះបន្ទាន់​ជាច្រើន ក៏ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច កាកបាទក្រហមកម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រួមទាំង ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​នានា ពិសេស​សប្បុរសជន​ជាច្រើន​ក្រៅពី​ចូលរួម​ថវិកា​ជូន​សម្តេច តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ហើយ​សប្បុរសជន ជាច្រើន ក៏បាន​យក​ជំនួយ ផ្តល់ជូន​ផ្ទាល់ដៃ ដល់​ពលរដ្ឋ​រងគ្រោះ​ថែម​ទៀតផង​។​ក្នុងនោះ កងកម្លាំងប្រដាប់អាវុធ មាន​ប៉ូលិស ប៉េអឹម និង​ទាហាន ក៏បាន​ដើរតួនាទី និង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការចុះ​លុយ​ទឹក ជួយសង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​កន្លែង​លិច​ទឹក​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅពេលនេះ អ្នកនយោបាយ រួមទាំង​ថ្នាក់ដឹកនាំ អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់ លំដាប់ថ្នាក់ បានចេញ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទេ​។ សំខាន់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពី​គ្រោះមហន្តរាយ ទឹកជំនន់​នាពេលនេះ​។​

​ទន្ទឹមនឹងនេះ បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ត្រូវតែ​បន្ត​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព ជាពិសេស​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ដែល​ប្រទេស​យើង​មិនទាន់​រួចផុត នៅឡើយ និង​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុងអំឡុងពេល​ទឹកជំនន់​នេះ ជាពិសេស​កូនតូចៗ ជន​ចាស់ជរា ត្រូវ​ថែរក្សា​សុខភាព តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត​ការរស់នៅ​មាន​អនាម័យ ជាពិសេស​ពេលដែល​ទឹក​ស្រក​ទៅនោះ ក៏ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​ដ​ង្កា​ក់នា​នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...