ចិនបានសម្ញែងរូបភាពដែលអាកាសយានិកនៃយន្តហោះប្រដេញរបស់ខ្លួនមួយចេញការព្រមានទៅកាន់យន្តហោះបរទេសដោយបង្ខំអោយយន្តហោះសត្រូវចាកចេញពីដែនអាកាសខ្លួន។
ក្នុងវីដេអូថ្មីមួយ បញ្ចេញដោយទូរទស្សន៍រដ្ឋCCTV កាលពីថ្ងៃចន្ទទី១៩តុលា អាកាសយានិកចិននេះត្រូវបានគេឮនិយាយជាភាសាអង់គ្លេសក្នុងវិទ្យុទាក់ទងក្រោយហោះប្រកៀកប្រកិតពីក្រោយយន្តហោះសត្រូវ។
អាកាសយានិក ឡូ វេ ត្រូវគេឮនិយាយថា« នេះជាកងទ័ពអាកាសចិន។ប្រុងស្មារតី អ្នកកំពុងហោះក្នុងដែនប្រតិបត្តិការរបស់យើង ដែលអាចបង្កគ្រោះថ្នាក់សុវត្ថិភាពអាកាសរបស់យើង។កំណត់អត្តសញ្ញាណអ្នកភ្លាម »។

ក្នុងកិច្ចសម្ភាសន៍នៅពេលក្រោយមក អាកាសយានិក ឡូ វេ បានប្រាប់ទូរទស្សន៍CCTVថា លោកបានហោះតាមពីក្រោយយ៉ាងប្រកៀកប្រកិតយន្តហោះសត្រូវ ក្រោយពីវាមិនស្តាប់ការព្រមានរបស់លោកនិងបានបន្តហោះសំដៅព្រំដែនចិន។«នៅពេលគូប្រជែងដឹងថា គេមិនអាចយកឈ្នះខ្ញុំតាមរយៈហោះក្រឡឹងនិងហោះទម្លាក់ខ្លួនចុះទាប ពួកគេបានជ្រើសរើសការចាកចេញពីឆ្នេររបស់យើងនិងសំដៅទៅលំហសមុទ្រ»។
ទោះជាយ៉ាងណា CCTVមិនបានបញ្ជាក់ថាយន្តហោះសត្រូវនោះជានរណាទេ ដោយគ្រាន់តែនិយាយថា អាកាសយានិកចិនហោះកៀកដល់ថ្នាក់ឃើញសញ្ញាសំគាល់និងលេខរបស់យន្តហោះ។
សកម្មភាពក្នុងឃ្លីបវីដេអូនេះ ត្រូវគេជឿថាជាការឆ្លើយតបមួយរបស់ចិនប៉េកាំងចំពោះសកម្មភាពកាន់តែកើនឡើងរបស់យន្តហោះអាម៉េរិកដែលហោះចូលក្នុងព្រំដែនចិននិងលើដែនទឹកមានជម្លោះជិតច្រកសមុទ្រតៃវ៉ាន់នៅប៉ុន្មានខែមកនេះ។
ម៉ាស៊ីនឃោសនារបស់ចិនតែងតែអួតអាងអំពីសមត្ថភាពយោធារបស់ខ្លួន នៅពេលបញ្ជូនការព្រមានទៅកាន់ប្រទេសផ្សេងៗចំពេលមានទំនាក់ទំនងជូរចត់ជាមួយអាម៉េរិកនិងអាជ្ញាធរកោះតៃវ៉ាន់។
ការបង្ហាញរូបភាពនេះកើតឡើងចំពេលមានភាពតានតឹងខ្ពស់រវាងចិននិងកោះតៃវ៉ាន់ ដោយចិនបង្កើនសម្ពាធការទូតនិងយោធា ។សហរដ្ឋអាម៉េរិកនៅក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ បានបង្កើនការទាក់ទងជាមួយរដ្ឋាភិបាលក្រុងតៃប៉ិះ ដែលវារឹតតែធ្វើអោយរដ្ឋាភិបាលក្រុងប៉េកាំងក្រោធខឹង។
ក្នុងឃ្លីបវីដេអូឃោសនាមួយទៀតបញ្ចេញដោយ CCTVនៅខែនេះផងដែរ កងទ័ពរំដោះប្រជាជនចិនត្រូវគេឃើញធ្វើត្រាប់ការវាយប្រហារដូចជាពិតៗលើកោះមួយក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយ។កាលពីខែមុន ចិនបានបញ្ចេញវីដេអូឃោសនាមួយបង្ហាញយន្តហោះទម្លាក់គ្រាប់បែកដែលអាចផ្ទុកគ្រាប់បែកនុយគ្លេអ៊ែរ ធ្វើការវាយប្រហារក្លែងក្លាយលើអ្វីដែលទំនងជាមូលដ្ឋានទ័ពអាម៉េរិកនៅកោះហ្កាំ៕ប្រែសម្រួល៖វាសនា
ក្នុងវីដេអូបង្ហាញដោយទូរទស្សន៍ CCTVកាលពីថ្ងៃចន្ទ គេឮអាកាសយាននិកចិននិយាយតាមវិទ្យុទាក់ទងប្រាប់យន្តហោះសត្រូវអោយចាកចេញពីដែនអាកាសចិន