បើបាយដិនឈ្នះ តើពិភពលោកនឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ?

លោក ចូ បាយដិន ប្តេជ្ញាថានឹងសង្គ្រោះឡើងវិញនូវភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌របស់សហរដ្ឋអាម៉េរិកនៅលើពិភពលោក ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតី ប៉ុន្តែបន្ទាប់ពីលោកដូណាល់ត្រាំកាន់អំណាចជិតបួនឆ្នាំធ្វើឱ្យខូចអស់បទដ្ឋានពិភពលោក តើបេក្ខជនបក្សប្រជាធិបតេយ្យជើងចាស់រូបនេះអាចធ្វើឱ្យរឿងនោះកើតឡើងរួចដែរ?

ធ្វើជាព្រឹទ្ធសមាជិក ៣៦ ឆ្នាំនិងជាអនុប្រធានាធិបតី ៨ ឆ្នាំក្រោមការដឹកនាំរបស់លោកបារ៉ាក់ អូបាម៉ា លោកបាយដិននឹងចូលក្នុងសេតវិមានជាមួយបទពិសោធន៍នយោបាយការបរទេសច្រើនជាងប្រធានាធិបតីណាៗទាំងអស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ប្រសិនបើគាត់ឈ្នះលោកត្រាំនៅថ្ងៃទី ៣ ខែវិច្ឆិកា។

លោកត្រាំបានព្យាយាមប្រែក្លាយប្រវត្តិរូបរបស់បាយដិនទៅជាបញ្ហាដ៏អាម៉ាស់ និង មានសេចក្តីរីករាយក្នុងការបំបែកឱ្យខ្ទេចខ្ទីនូវការមូលមតិផ្នែកការទូតទាំងក្នុងនិងក្រៅប្រទេស ដោយដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនានាដូចជា កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនិងអង្គការសុខភាពពិភពលោក និងងាកទៅកោតសរសើរពួកមេដឹកនាំផ្តាច់ការ។

សម្រាប់ដៃគូអន្តរជាតិដែលតក់ស្លុតចំពោះទង្វើរបស់លោកត្រាំ បញ្ហានេះមិនមែនគ្រាន់តែសម្រាប់រូបលោកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថាតើអ្នកបោះឆ្នោតអាម៉េរិកនឹងបន្តជ្រើសរើសមនុស្សដូចគាត់ទៀតឬយ៉ាងណា នេះយោងតាមសម្តីលោកស្រី កាទ្រីណា មូលលីហ្គាន នាយកគ្រប់គ្រងសន្តិសុខជាតិនិងគោលនយោបាយអន្តរជាតិនៅមជ្ឈមណ្ឌលវឌ្ឍនភាពអាម៉េរិក ដែលមានទំនោរឆ្វេងនិយម។

លោកស្រីនិយាយថា “សម្រាប់ពិភពលោកទាំងមូល ការបោះឆ្នោតប្រធានាធិបតីក៏ផ្តោតផងដែរអំពីថាតើអាម៉េរិកពិតជាអ្វីដែលការបោះឆ្នោតចុងក្រោយបង្ហាញថាខ្លួនមានចរិតអ៊ីចឹងឬថាតើអាម៉េរិកពិតជាបានចាកចេញពីពិភពលោកធម្មតាហើយឬយ៉ាងណា”។

លោកស្រីមូលលីហ្គាននិយាយថាលោកស្រីរំពឹងថារដ្ឋបាលលោកបាយដិននឹងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនទាំងចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានតាំងពីជំនាន់លោកអូបាម៉ានិងចំពោះតម្លៃសេរី ដោយលោកបាយដិនសន្យាថានឹងកោះប្រជុំកំពូលនៃបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំដំបូងរបស់លោក។

លោកស្រីនិយាយថា “ប៉ុន្តែនៅក្នុងរូបភាពធំ ខ្ញុំមិនមើលឃើញគោលនយោបាយការបរទេសរបស់បាយដិននឹងយកគំរូតាមគោលនយោបាយជំនាន់លោកអូបាម៉ាមកប្រើឡើងវិញនោះទេ។ ពិភពលោកបានផ្លាស់ប្តូរច្រើនហើយ។ ឥឡូវនេះយើងនៅឆ្ងាយ ២០ ឆ្នាំពីព្រឹត្តិការណ៍ ៩/១១”។

លោកបាយដិនបានសន្យាថានឹងជំរុញឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមជាសកលដូចជាការផ្លាស់ប្តូរអាកាសធាតុនិងជំងឺកូវីដ១៩ និងអំពាវនាវមានចំណាត់ការរឹងមាំអំពីសិទ្ធិមនុស្សជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តដូចជាអារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងតួកគី ដែលមេដឹកនាំរបស់ពួកគេសុទ្ធតែបានស្វែងរកការគាំទ្រពីលោកត្រាំ។

លោកស្រីសេលីយ៉ា បឺលីន អ្នកសិក្សាស្រាវជ្រាវមកពីវិទ្យាស្ថានប្រ៊ូកឃីងស៍ ដែលសិក្សាអំពីពួកប្រជាធិបតេយ្យ បាននិយាយថា លោកបាយដិនមានទីប្រឹក្សាច្រើន ដែលមានគំនិតថ្មីៗសម្រាប់គោលនយោបាយការបរទេសក្រោយជំនាន់ត្រាំ។

ប៉ុន្តែលោកស្រីបាននិយាយថា “មានហានិភ័យដែលថាបាយដិននិងជំនួយការជិតដិតបំផុតរបស់គាត់គឺជាអ្នកអន្តរជាតិនិយម ដែលមើលឃើញពិភពលោកជាសម្បកចាស់ពីមុន នៅពេលពួកគេចាកចេញ និង មិនមើលឃើញពិភពលោកសព្វថ្ងៃដូចធម្មតាពីមុននោះទេ”។

  • គោលដៅរួមមួយចំនួន

បាយដិនទំនងជាមិនមើលងាយសម្ព័ន្ធមិត្តបរទេសឬគំរាមធ្វើសង្គ្រាមនៅលើបណ្តាញសង្គមធ្វីតធឺនោះទេ ប៉ុន្តែគាត់ក៏មិនសូវខុសគ្នាប៉ុន្មានពីលោកត្រាំនោះដែរ។

ដូចមហាសេដ្ឋីអចលនៈទ្រព្យដែរ លោកបាយដិនបានសង្កត់ធ្ងន់លើជំនាញចរចានិងទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយមេដឹកនាំនានា ជាជាងនិយាយអំពីយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ។

លោកបាយដិនក៏ឈរខាងលោកត្រាំលើបញ្ហាសំខាន់ៗមួយចំនួនផងដែរ។ ជាអ្នកមានមន្ទិលអស់រយៈពេលជាយូរអំពីសង្រ្គាមរបស់អាម៉េរិកនៅអាហ្វហ្គានីស្ថាន លោកបាយដិនបានគាំទ្រដល់ការដកកងទ័ពចេញ។

ស្របនឹងគំនិតរបស់បក្សទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន លោកបាយដិនក៏បានអំពាវនាវផងដែរឱ្យមានការរឹតបន្ដឹងលើប្រទេសចិនជុំវិញពាណិជ្ជកម្ម សន្តិសុខជាតិ និងសិទ្ធិមនុស្ស ដោយបេក្ខជនទាំងពីរបានឌឺដងឱ្យគ្នាថាតើនរណានឹងចាត់ការលើចិនធ្ងន់ដៃជាង។

រដ្ឋមន្រ្តីកិច្ចការបរទេសបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក ក្លេម៉ង់ បូន និយាយថា “ក្នុងនាមអឺរ៉ុប យើងមិនគួរគិតថា ប្រសិនបើមានប្រធានាធិបតីអាម៉េរិកថ្មី នោះស្ថានការណ៍នឹងដូចជំនាន់មុនពេលប្រធានាធិបតីត្រាំជាប់ឆ្នោតនោះទេ”។

លោកនិយាយថា “និន្នាការមួយចំនួននៃអាណត្តិប្រធានាធិបតីត្រាំ ដូចជា ការដាក់សម្ពាធលើសហភាពអឺរ៉ុបទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានលើសន្តិសុខផ្ទាល់ខ្លួនរបស់អឺរ៉ុប ការធ្វើចំណាត់ការតឹងរ៉ឹងលើពាណិជ្ជកម្ម ការលេងធម៌ក្តៅរបស់ប្រធានាធិបតីត្រាំជាមួយចិន ខ្ញុំគិតថា ធាតុសំខាន់ៗនៃរឿងនេះនឹងនៅតែបន្តកើតមានដដែល”៕ ដោយ ៖ កញ្ញាដាលីស

អ្នកជំនាញជាច្រើនរូបជឿថា ទោះបាយដិនជាប់ឆ្នោត ក៏ពិភពលោកនឹងមិនវិលត្រឡប់ទៅរកដូចជំនាន់លោកអូបាម៉ានោះដែរ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...