ដោយៈ តាកែវ / តាកែវៈ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តតាកែវ រួមជាមួយកងកំលាំងនគរបាលខេត្ត ចុះជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ នៅ ក្នុងភូមិមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងធ្នង់ ស្រុកបាទី ជាច្រើនគ្រួសារ មកនៅទីទួលសុវត្ថិភាព ក្នុងបរិវេណវត្តឃ្លាំងមឿង ដើម្បីបញ្ចៀសការគ្រោះថ្នាក់ ដោយសារទឹកជំនន់ទឹកភ្លៀង ដែលកំពុងគំរាមកំហែងខ្លាំង នៅក្នុងទឹកដីស្រុកបាទី និងស្រុកផ្សេង ទៀត មិនតែប៉ុណ្ណោះ ជំនន់ទឹកភ្លៀងនេះ បានកាត់ផ្តាច់ផ្លូវជាតិសំខាន់ចំនួន ២ គឺផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ៣ ធ្វើអោយមានការរាំងស្ទះជាខ្លាំង ដល់អ្នកធ្វើ ដំណើរ និងរថយន្តដឹកទំនិញ។
សូមជម្រាបថា បន្ទាប់ពីជម្លៀសប្រជាពលរដ្ឋ មកទីទួលសុវត្ថិភាពរួច គេឃើញមានវត្តមានរបស់លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ បានចុះនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ មកចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជម្លៀស មករកទីទួលសុវត្ថិភាព ដែលកំពុងស្នាក់អាស្រ័យ នៅក្នុងវត្តឃ្លាំងមឿង ។
ក្នុងឱកាសនោះ លោក អ៊ូច ភា បានឱ្យដឹងថាៈ ស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលកំពុងគំរាមកំហែងខ្លាំង និងប៉ះពាល់ដល់ ស្រុកមួយចំនួន នៅក្នុងខេត្តតាកែវ តែក្នុងនោះ នៅស្រុកបាទី ទទួលរងនូវទឹកជំនន់ទឹកភ្លៀង ដោយទឹកហូរពីខេត្តកំពង់ស្ពឺ បង្កឱ្យប៉ះពាល់ដល់ឃុំចំនួន ៩ ឃុំ ស្មើនឹង ៨៣ ភូមិ បណ្តាលឱ្យលិច លំនៅដ្ឋាន ចំនួន ១.១៧៧ ខ្នង ដំណាំស្រូវលិចទឹក ៤៦០,៧ ហិកតា លិចផ្លូវលំ ២៤.៩០៨ ម៉ែត្រ លិចទំនប់ ៣៥០ ម៉ែត្រ និងលិចផ្លូវជាតិលេខ២ ចំនួន ១.២០០ ម៉ែត្រ៕/V