Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ៥​ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​

ដោយៈ តារា​រិ​ទ្ធ / បន្ទាយ​មាន​ជ័​យៈ នា​ព្រឹក​ថ្ងៃទី ២១ តុលា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៥​ពាន់​គ្រួសារ នៅក្នុង​បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព (​ផ្លូវជាតិ​លេខ​៥-​ផ្លូវ​វៀង​) ក្នុងភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គលបុរី និង​ក្រុង​សិរីសោភ័ណ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្ដាំ សួរសុខទុក្ខ ចំពោះ​លោកយាយ លោកតា បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​រងគ្រោះ​ដោយ ទឹកជំនន់ ពី​សំណាក់ ព្រះករុណា ព្រះមហាក្សត្រ និង​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ហើយ​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​ក៏បាន​សំដែង​នូវ​មរណទុក្ខ ចំពោះ​អ្នក​ដែល​បាត់​បង់ជីវិត នៅក្នុង​ខេត្តបន្ទាយមានជ័យ និយាយ​ដោយឡែក និង​និយាយ​រួម នៅ​ទូទាំងប្រទេស ដែល​មកដល់ពេលនេះ មានការ​បាត់បង់​ជីវិត រហូត​ទៅដល់ ៣៤ នាក់ ប៉ុន្តែ​ក្នុង ៣៤ នាក់​នេះ ខេត្តបន្ទាយមានជ័យ មាន​ដល់​ទៅ ១៨ នាក់​។​

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ៥​ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថាៈ ” ខ្ញុំ​សូម​ចូលរួម​នូវ​មរណទុក្ខ ជាមួយនឹង​គ្រួសារ​សព ហើយក៏​គួរ​ឲ្យ​អាណិតអាសូរ ចំពោះ​អ្នក​ដែល​នៅ​ស្រុក​ថ្មពួក ដែល​លោត​ទៅ​សង្គ្រោះ​កូន តែ​ទទួល​ការបាត់​បង់ជីវិត​ខ្លួនឯង “​។​

​សម្តេច​តេ​ជោ បាន​មាន​ប្រសា​ន៍​ថាៈ ” ខ្ញុំ​បាន​ជូន​ថវិកា ២០ ម៉ឺន​ដុល្លារ សម្រាប់​ឱ្យ​ខេត្ត ដោះស្រាយ​ក្នុង​ដៃ ប៉ុន្តែ​វា​មិន​សមល្មម​ទេ យើង​ទើបតែ​ធ្វើបាន​ប៉ុន្មាន ពាន់​គ្រួសារ ដូច្នេះ​ខ្ញុំ​ក៏បាន​ខិតខំ​បាន​ឆាប់ គឺ​ខ្លួន​ខ្ញុំ​ចុះ​ផ្ទាល់​តែម្ដង​។ ការចុះ​ផ្ទាល់ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ឆាប់​បានទទួល​នូវ​អ្វី ដែលជា​ជំនួយ​ឧបត្ថម្ភ ក្នុង​គ្រា​ដ៏​លំបាក និង​បើ​មិន​ដូច្នេះ​ទេ ចេះតែ​បន្ត​មួយថ្ងៃ បាន​មួយ​ពាន់ ពីរពាន់ ។ តែ​ឥឡូវនេះ ខ្ញុំ​មកពីរ​ថ្ងៃ ចំនួន ២ ម៉ឺន​គ្រួសារ​តែម្ដង ថ្ងៃនេះ ចំនួន​ពីរ​កន្លែង ថ្ងៃស្អែក ធ្វើ​ពីរ​កន្លែង​ទៀត ។ ខ្ញុំ​ចង់​នៅទីនេះ​បន្ថែមទៀត ប៉ុន្តែ​ដោយសារតែ​ថ្ងៃ ២៣ (​តុលា​ខាងមុខ​) នេះ ត្រូវ​ប្រជុំ​គណៈរដ្ឋមន្ត្រី ឆ្លង​ច្បាប់​ដ៏​សំខាន់ នោះ​គឺ​ច្បាប់​សម្រាប់ ការគ្រប់គ្រង​ថវិកាជាតិ ឆ្នាំ​២០២១ និង​គម្រោង​មួយចំនួន​ផ្សេងទៀត ដែល​ទាក់ទង​ជាមួយនឹង​ការអភិវឌ្ឍ ប្រទេស​របស់​យើង “​។​

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ៥​ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថាៈ ” ទោះបីថា ខ្ញុំ​មក​យឺត ក៏ប៉ុន្តែ​ប្រសើរ​ជាង មិន​មក អ្វីដែល​យើង​ត្រូវធ្វើ​ជាបឋម ការជម្លៀស​ប្រជាជន ចេញពី​តំបន់​រងគ្រោះ បទបញ្ជា​ដែល​ខ្ញុំ​បានដាក់ សម្រាប់​អាជ្ញាធរ គ្រប់​ទីកន្លែង​ទាំងអស់ ធ្វើ​កិច្ចការងារ​នេះ​។ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ ចូលរួម​ជា មួយ​នឹង​បងប្អូន ដែល​រង​ផលប៉ះពាល់ ដែលជា​រឿង​កម្រ​មាន ។ រយៈពេល ៧០ ឆ្នាំមុន មាន​កើតឡើង​នៅ​តំបន់​នេះ ៧០ ឆ្នាំក្រោយ ក៏​កើតឡើង ។ យើង​មិន​ធ្លាប់​ជួប ៤០ ឆ្នាំ ក្រោយ​រំដោះ ៧៩ ទេ ប៉ុន្តែ​យើង​ទើបនឹង​ជួប ហើយ​យើង​បាន​សិក្សា​ថា ៧០ ឆ្នាំមុន បាន​ជួប​នូវ​រឿងនេះ “​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ” ប្រទេស​មួយចំនួន ធ្ងន់ធ្ងរ​ជាង​យើង ប៉ុន្តែ​ឆ្នាំនេះ យើង​ចាត់ទុកថា ជំនន់​ឆ្នាំនេះ ដែល​មិនធំ​ដល់​ជំនន់​មេគង្គ​ទេ តែ​យើង​ចាត់ទុកថា ជំនន់​ទឹកភ្លៀង​នេះ គឺជា​ជំនន់​ធំ ដែល​វា​មិន​ធ្លាប់មាន ហើយក៏​វា​កម្រ​មាន​ណាស់ ក្នុងពេលដែល​មានទឹក​ជំនន់ ក្រោយ​ចេញ​ព្រះវស្សា​នោះ វា​ចម្លែក​តែ​ទឹកទន្លេ​មេគង្គ មកដល់ពេលនេះ ឡើង​ស្រកៗ ហើយ​ថ្ងៃនេះ ចាប់​ស្រ​កនៅ​ស្ទឹងត្រែង ។ ធម្មតា ក្រោយពេល​ភ្ជុំ ភ្លៀង​ខ្លាំង ទឹកទន្លេ បែរជា​កើនឡើង ក្រោយ​ចូល​ចេញ វស្សា​ទៅវិញ​នេះ ហើយ​ដែល​ហៅថា ការប្រែប្រួល​អាកាសធាតុ ដែល​នាំមក​នូវ ការលំបាក ពិបាក​ប៉ាន់ស្មាន ” ។​

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ៥​ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​

​ពាក់ព័ន្ធ​នឹង​មធ្យោបាយ​ជួយ​ដឹកជញ្ជូន​សង្គ្រោះ​ពលរដ្ឋ សម្តេច​តេ​ជោ បានលើកឡើង នូវ​អ្វីដែល​កន្លងមក គេ​បាន​វាយប្រហារ លើ​រដ្ឋាភិបាល​ថា ទិញ​រថយន្ត ( ២៩០ គ្រឿង​) មក​សម្រាប់​បង្ក្រាប​ប្រជាពលរដ្ឋ ប៉ុន្តែ​ឥឡូវ រថយន្ត​ដែលជា​មធ្យោបាយ​បំពាក់​ឲ្យ​កងទ័ព ក្លាយទៅជា​មធ្យោបាយ សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​នេះ​ជាការ​បញ្ជាក់ តប​នូវ​ទង្វើ​ជាក់ស្ដែង ពី​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ក្នុង​ហ្នឹង​មាន កង​អាវុធហត្ថ និង​នគរបាល ។​

​សម្តេច​តេ​ជោ ក៏បាន​យក​ឱកាស​នេះ ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ ស្រុក ឃុំ ក៏ដូចជា គ្រប់​កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ​ដែល​បាន​ខិតខំ​ធ្វើការ បើទោះបីថា ” យើង​មាន​មនុស្ស​ស្លាប់ រហូត​ទៅដល់ ១៨ នាក់ នៅក្នុង​ខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែ​បើ​ពុំមាន​អន្តរាគមន៍​នោះទេ ប្រហែលជា​ប្រជាពលរដ្ឋ របស់​យើង ទទួលរង​គ្រោះ​ច្រើនជាង​នេះ​។ យើង​មានការ​សោកស្ដាយ​ណាស់ នៅពេលដែល​ខ្ញុំ​និយាយ នៅ​ទីក្រុង​ភ្នំពេញ ទើប​ស្លាប់ ១២ – ១៣ នាក់​ប៉ុណ្ណោះ ឥឡូវនេះ ឡើងទៅ​ដល់ ៣៤ នាក់ ” ។​

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ៥​ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​មោទនភាព នៅក្នុង​រយៈពេល នៃ​ការកើតឡើង នូវ​ទឹកជំនន់​ទឹកភ្លៀង ដែលមាន​រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ រាជធានី​ភ្នំពេញ កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង ហើយ​នៅពេលដែល​កើតឡើង​នូវ​រឿងនេះ សប្បុរសជន​ជាច្រើន បាន​ចូលរួម​នូវ​វិភាគទាន សម្រាប់​ជួយ​ដល់​ជនរងគ្រោះ ។ សម្តេច​បាន​បញ្ជាក់ថាៈ ” នៅពេល​ជួប​ការលំបាក គឺ​លេចឡើង នូវ​ស្មារតី​សាមគ្គីភាព នេះ​ជា​ចំណុច​ល្អ​ណាស់ នៅក្នុង​ជាតិ​សាសន៍​របស់​យើង ប្រជាជន​នានា រាប់ទាំង​គណបក្សនយោបាយ និង​អ្នកនយោបាយ​នានា ក៏បាន​ធ្វើដំណើរ​មក​ចែកចាយ ជំនួយ​សង្គ្រោះ ទោះបី​បាន​តិច បាន​ច្រើន ក៏ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​បានបញ្ជាក់​ឲ្យ​ខេត្ត ដែល​អ្នកណា​ធ្លាប់​បានទទួល​ជំនួយ​ប៉ុន្មាន​ហើយក៏​ដោយ គឺ​មក​ទទួល​ជំនួយ​ពី​ខ្ញុំ​បន្ថែម ព្រោះ​អ្វីដែល​បាន​ពីមុន អាហ្នឹង​គិត​រឿង​ពីមុន ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​មក គឺ​ត្រូវ​មកជា​មួយ ទទួល​បន្ថែមទៀត ប៉ុន្តែ​ត្រឹមតែ ២ ម៉ឺន​ទេ ក្រែង​លើស ២ ម៉ឺន ក៏​ត្រូវតែ​រៀបចំ ឬក៏​ចែក​បន្តទៀត ចំពោះ​អ្នក​ដែល​រង​ផលប៉ះពាល់ ” ។​

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ៥​ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថាៈ ” ការងារ​របស់​យើង ពិតជា​ធ្ងន់ធ្ងរ ប៉ុន្តែ​បើទោះបីជា​ធ្ងន់ធ្ងរ ខ្ញុំ​ជឿថា យើង​អាច​ធ្វើបាន​នៅក្នុង​ស្មារតី នៃ​ការទទួលខុសត្រូវ របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា ស្ថាប័ន​ថ្នាក់ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា រាប់ទាំង​សំណូមពរ របស់​អភិបាលខេត្ត អម្បាញ់មិញ ដែល​ទាក់ទង​ជាមួយនឹង​ការបើក​ផ្លូវទឹក ខ្ញុំ​យល់ស្រប ហើយ​ទៅធ្វើ​ការងារ​ជាមួយ ក្រសួង​ធនធានទឹក ជាមួយនឹង​ក្រសួង​សាធារណការ ដើម្បី​បើកផ្លូវ​តំបន់​ខ្លះ គឺ​ស្ពាន​វា​តូច អញ្ចឹង​យើង​អាច កាត់ផ្ដាច់​បន្ថែម កសាង​ស្ពាន​ធំ​ជំនួស​វិញ​ដើម្បី​ឲ្យ​ទឹក​ហូរ​ចេញ​បាន​ឆាប់​ជាង ។ នៅពេល​ដែលមាន​ជំនន់​ម្ដង យើង​សិក្សា​បាន​ម្ដង ថា​មកពី​អី ដើម្បី​យើង​សម្រួល ហើយ​ម្សិលមិញ ឯកឧត្តម លឹម គានហោ បានរៀបចំ​ឱ្យ​ខ្ញុំ​មើល​ផែនទី​ហើយ ដើម្បី​ដោះស្រាយ​ទឹក ដែល​ធ្លាក់​មកពី​ថៃ មាន ៣ ចំណុច ។ ទន្ទឹមនឹង​ដោះស្រាយ​គ្រោះទឹកជំនន់ និង​គ្រោះមហន្តរាយ​ផ្សេងៗ យើង​បន្ត​រួមគ្នា​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ ១៩ ” ។​

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ៥​ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាងថាៈ ” យើង​មានលទ្ធភាព​ការពារ ប្រជាជន​យើង ព្រោះ​រួច​ផុតពី​បញ្ហា​ហើយ ក៏ត្រូវ​ប្រុងប្រយ័ត្ន ជាមួយ​សត្វ​អាសិរពិស​ដែរ យើង​បានដឹង​មកហើយ ហើយ​ថ្ងៃនេះ ក៏បាន​នាំមក​នូវ​ថ្នាំពេទ្យ ដើម្បី​ចែក​ដល់​មន្ទីរពេទ្យ​ផងដែរ ដូច្នេះ​យើង​រួមគ្នា ខ្ញុំ​ជឿជាក់ថា យើង​ពិតជា​យកឈ្នះ ជំនះបាន​នូវ​ការលំបាកៈ ការលំបាក​ទី ១ ដែល​យើង​ត្រូវ​ជម្នះ ហើយ​ជឿថា យើង​អាច​ធ្វើបាន គឺ​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ ១៩ យើង​ជឿថា យើង​ធ្វើបាន ហើយ​យើង​មិន​ឆ្លង ក្នុង​សហគមន៍​ទេ​។ ជនបរទេស និង​អ្នកធ្វើដំណើរ មកពី​បរទេស​ទេ ដែល​ច​ត្តា​ឡី​ស័ក​នោះ នៅ​ដាច់ដោយឡែក​ហើយ​មិនមាន​ការឆ្លង​ក្នុងស្រុក​នោះទេ អីចឹង​ខ្ញុំ​ជឿថា យើង​បន្ត​ធ្វើបាន មកដល់ពេលនេះ យើង​មិនទាន់មាន​មនុស្ស​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​នេះ​ទេ ទាំង​ជនជាតិខ្មែរ ទាំង​បរទេស​។ ទី​២.​យើង​នឹង​ជំនះបាន​នូវ​ការលំបាក ដោយ​បណ្ដាលមកពី ជំនន់​ទឹកភ្លៀង​តែឯង នៅ​បន្ទាយមានជ័យ និង​នៅ​ទូទាំងប្រទេស និយាយ​ជារួម​។ ទី​៣.​យើង​នឹង​ទទួលជោគជ័យ នៅក្នុង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ទឹកជំនន់ និង​បន្ទាប់ពី​កូ​វីដ ” ។​

​សម្តេច​តេ​ជោ បាន​បន្តទៀតថាៈ ” យើង​មាន​សមត្ថភាព ធ្វើ​ដោយ​កាទទួលខុសត្រូវ​ផ្ទាល់ របស់​ជនជាតិ​យើង​ខ្លួនឯង ទាំង​ប្រជាពលរដ្ឋ ទាំង​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ។ ដៃគូ​មិត្ត​ភ​ក្កិ​នានា ដៃគូ​អភិវឌ្ឍន៍ ដែលមាន​ប្រទេស​នេះ ប្រទេស​នោះ ស្ថាប័ន​នេះ ស្ថាប័ន​នោះ ជួយ​យើង ក៏​ស្វាគមន៍ អបអរសាទរ អ្វីដែល​ត្រូវធ្វើ​មុនគេ គឺ​អន្តរា​គន៍​ប្រជាពលរដ្ឋ​ខ្លួនឯង កំលាំង​ខ្លួនឯង​”​។

​សម្តេច​បាន​បញ្ជាក់ថាៈ អំណោយ​ចែកជូន​ដូចគ្នា ២ ម៉ឺន​គ្រួសារ គឺ​ថ្ងៃនេះ ប្រាំ​ពាន់​គ្រួសារ ក្នុង​មួយ​គ្រួសារ បាន​អង្ករ ២៥ គីឡូ​, មី​១​កេស​តូច , ទឹក​សុទ្ធ ១​កេស , ទឹកត្រី​១​យួរ , ទឹកស៊ីអ៊ីវ​១​យួរ​, ត្រីខ​១​យួរ , មុង​១, ក្រមា​១ , សារុង​១ , កន្ទេល​មួយ និង​ថវិកា​មួយ​គ្រួសារ ៥ ម៉ឺន​រៀល​។ នេះ​គ្រាន់តែ​ជាការ​ដោះ​ទាល់ សម្រាល​ការលំបាក មួយរយៈ​ទេ យើង​នឹង​បន្ត​តាមដាន ហើយ​គ្រួសារ​នីមួយៗ នឹង​បន្ត​ការខិតខំ បន្ទាប់ពី​ទឹកជំនន់​ឆ្លង​ផុត ។​

​សម្រាប់​កម្លាំង​អន្តរាគមន៍ នៅក្នុង​ខេត្តបន្ទាយមានជ័យ គឺមាន ១0 អង្គភាព ដែលមាន​កម្លាំង ៣៧៣៦ នាក់ ក៏​សុំ​ជូន​ថវិកា ក្នុង​មួយអង្គ​ភាព ដប់​ម៉ឺន​រៀល សម្រាប់​កម្លាំង​អន្តរាគមន៍​គ្រប់​ប្រភេទ ហើយ​ជូន​សាលាឃុំ​សង្កាត់ ៦៤ ឃុំ​សង្កាត់ ក្នុង​មួយ​ឃុំ​សង្កាត់​ទទួលបាន ៣ លាន​រៀល សាលាស្រុក​ក្រុង ចំនួន ៩១ ទទួល​ថវិកា ៥ លាន​រៀល ជូន​គ្រូពេទ្យ​ប្រចាំការ តាម​គោលដៅ​ជាក់ស្ដែង ក្នុង​ម្នាក់ៗ ទទួល​ថវិកា​ចំនួន ១0 ម៉ឺន​រៀល ជូន​អង្គភាព​ប្រតិបត្តិការ​តំបន់ ១​អង្គភាព​ទទួល​ថវិកា ៥ លាន​រៀល ហើយ​គ្រូពេទ្យ​មក​ប្រចាំការ​នៅ​នេះ ៣0 នាក់ ម្នាក់ៗ ១0 ម៉ឺន​រៀល​។

​សម្តេច​បានបញ្ជាក់​ទៀតថាៈ ” មិនមែន​ពេលដែល​ខ្ញុំ ចែកចាយ​ចប់​ហើយ មាន​សប្បុរសជន មក​ចែក យើង​មិន​ឲ្យ​ចែក​ទេ យកមកចែក​កាន់តែច្រើន កាន់តែ​ល្អ​, គណបក្សនយោបាយ ក៏​អញ្ជើញ​មក ហើយ​សង្ឃឹមថា គណបក្សនយោបាយ​នានា និង​អ្នក​យោ​បាយ មិន​រើសអើង ចំពោះ​អ្នក​ដែល​កំពុង​ត្រូវការ នូវ​ការសង្គ្រោះ គឺជា​ពលរដ្ឋ​ជាសំខាន់ ” ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...