ដោយៈសោម ប៊ុនថន/ភ្នំពេញៈនៅដើមខែតុលា ឆ្នាំ២០២០ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមការផ្តួចផ្តើមរបស់បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្ញើលិខិតមួយច្បាប់ជូនលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីស្នើសុំការអនុញ្ញាតឲ្យយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជន កម្ពុជាមកពីស្រុកចំនួន៧ នៃខេត្តត្បូងឃ្មុំ ចំនួន២១០នាក់ បានចូលទស្សនាមជ្ឈមណ្ឌលឯកសារកោះថ្ម ក្នុងគោលបំណងចង់ពង្រឹងចំណេះដឹងបន្ថែមអំពីពេលវេលាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាពិសេស ចាប់តាំងពីទសវត្សរ៍ឆ្នាំ៧០ រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជានឹងឈ្វេងយល់បន្ថែមអំពីដំណើរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកៀងគរកម្លាំងវាយផ្ដួលរបបខ្មែរក្រហមដើម្បីរំដោះប្រទេស និងប្រជាជនឲ្យរួចផុតពីការកាប់ សម្លាប់របស់ក្រុមខ្មែរក្រហម។
តបតាមសំណើរនេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានសេចក្តីសោមនស្ស និងបានប្រគល់ភារកិច្ចនេះដល់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើ ប្រល័យពូជសាសន៍នៅកម្ពុជា ដើម្បីសហការនិងរៀបចំទទួលស្វាគមន៍ក្រុមយុវជនទាំង២១០នាក់ ក្រោមការដឹកនាំពីលោក ផាត សានសុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ត្បូងឃ្មុំ។
ក្រុមយុវជនទាំង២១០នាក់ ត្រូវបានរៀបចំជា៧ក្រុមទស្សនកិច្ច ដោយក្រុមទស្សនកិច្ចលើកទី១ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១០ ខែតុលា , ក្រុមទី២ នៅថ្ងៃទី១១ ខែតុលា, ក្រុមទី៣ នៅថ្ងៃទី១៦ ខែតុលា , ក្រុមទី៤ នៅថ្ងៃទី១៧ ខែតុលា , ក្រុមទី៥ នៅថ្ងៃទី១៨ ខែតុលា , ក្រុមទី៦ នៅថ្ងៃទី២៤ ខែតុលា និង ក្រុមទី៧ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
កម្មវិធីសម្រាប់ដំណើរទស្សនកិច្ចនីមួយៗត្រូវបានរៀបចំឡើងដូចៗគ្នាគឺ៖ ទី១. ក្រុមយុវជនចូលក្នុងបន្ទប់មជ្ឈមណ្ឌលឯកសារកោះថ្មដើម្បីទស្សនារូបថត រូបគំនូរ និងផ្ទាំងផែនទី ដែល ដាក់តាំងបង្ហាញអំពីពេលវេលាប្រវត្តិសាស្ត្រ។ ទី២.ក្រុមយុវជនទាំងអស់ ស្ដាប់ការធ្វើបទបង្ហាញរបស់ លោក ផេង ពង្សរ៉ាស៊ី ទាក់ទងនឹងព័ត៌មាន ពេលវេលា និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលម្អិត ដែលបាន កើតឡើងក្នុងចន្លោះឆ្នាំ១៩៧០រហូតមកដល់១៩៧៩។ ទី៣. និង ទី៤. ក្រុមយុវជនទាំងអស់ទស្សនា ខ្សែភាពយន្តឯកសារផលិតដោយក្រុមការងារវិមានឈ្នះឈ្នះ ដែលបង្ហាញពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ចាកចេញពីបន្ទាយទាំងព្រួយបារម្ភ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ភៀសខ្លួនចូលទៅ ក្នុងទឹកដីប្រទេសវៀតណាមដើម្បីកៀងគរកម្លាំងវាយផ្ដួលរំលំរបបខ្មែរក្រហម និង ខ្សែភាពយន្តឯកសារមួយទៀតផលិតដោយកងយោធពលខេមរៈភូមិន្ទ ដែលបង្ហាញពីមរតក ២ ធ្នូ ១៩៧៨ ជាថ្ងៃបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីផ្ដួលរំលំរបបខ្មែរក្រហមរហូតទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ថា ការបង្កើតរណសិរ្ស ២ ធ្នូ គឺអនុវត្តតាមគោលការណ៍គ្រឹះ១១ខ ដែលបង្ហាញពី៖ ១) ស្មារតីរួមកម្លាំងសាមគ្គីភាព និងស្មារតីលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន និង២) ការផ្សះផ្សាបង្រួបបង្រួមកសាងសន្តិភាពនិងកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយបំបាត់ចោលនូវសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។
បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញរបស់លោកផេងពង្សរ៉ាស៊ីក្រុមយុវជនទាំងអស់បានធ្វើដំណើរទៅមើលទីតាំងជាក់ស្ដែងនៅចំណុច(X១៦)គឺជាទីកន្លែងដែលសម្ដេចតេជោហ៊ុនសែនអុជធូបបន់ស្រន់សូមឲ្យការធ្វើដំណើរភៀសខ្លួនរបស់សម្តេចប្រព្រឹត្តទៅរលួន និងចៀសវាងរាល់ឧបសគ្គ។ បន្ទាប់មក ក្រុម យុវជនទាំងអស់បានធ្វើដំណើរទៅកាន់ស្តូប ២ ធ្នូ ដើម្បីបានឃើញជាក់ស្ដែង ដែលជាការបញ្ចប់កម្មវិធី ទស្សនកិច្ច។ ទោះបីយ៉ាងណា ក្រុមយុវជនទាំងអស់នេះនឹងមានទស្សនកិច្ចដាច់ដោយឡែក មកកាន់ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, សារមន្ទីរវាលពិឃាតបឹងជើងឯក និងអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមយុវជនបានសួរសំណួរទាក់ទងនឹងប្រវត្តិសាស្ត្រប្រទេស កម្ពុជា, ដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសវៀតណាមដើម្បីរំដោះប្រទេសជាតិ និងអំពី ភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសរហូតមកដល់បច្ចុប្បន្ន។
សំណួរសំខាន់ៗរបស់ក្រុមយុវជនខាងលើគឺស្របជាមួយគោលបំណងដែលមជ្ឈមណ្ឌលឯកសារកម្ពុជាចង់ផ្ដល់ឱកាសឲ្យយុវជនទាំងអស់សិក្សាឲ្យបានស៊ីជម្រៅទាក់ទងនឹងប្រវត្តិសាស្ត្រ រួមមាន ទី១. ឈ្វេងយល់អំពី “បញ្ហា” ដែលបានកើតមាននៅក្នុងរបបខ្មែរក្រហមបង្កឲ្យប្រជាជនជាងបីលាននាក់ស្លាប់ បាត់បង់ជីវិត ហើយប្រទេសជាតិបានធ្លាក់ដល់កម្រិតសូន្យ។ ទី២. ឈ្វេងយល់អំពី “ប្រភពនៃបញ្ហា” ដែល ប៉ុល ពត ចង់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសជឿនលឿនខាងកសិកម្ម ដោយមិនបានគិតគូរអំពីផលប៉ះពាល់ដល់ជីវិតប្រជាជនដែលទទួលរងដោយសារការអនុវត្តផែនការរបស់ខ្លួន (ផែនការ៤ឆ្នាំ)។ ទី៣. ឈ្វេងយល់អំពីការ “រំលត់បញ្ហា”ដែលផ្តើមចេញពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងរំដោះប្រទេសជាតិ និងការទប់ស្កាត់កុំឲ្យរបបប្រល័យ ពូជសាសន៍វិលត្រឡប់មកវិញ និង ទី៤. ប្រើប្រាស់វិធីសាស្ត្រផ្ទាល់ខ្លួន ដែលបានសិក្សាឈ្វេងយល់ ពីដំណើរទស្សនកិច្ចនេះ ដើម្បី “ដោះស្រាយបញ្ហា” និង “ការពារមិនឲ្យបញ្ហាកើតឡើងជាថ្មីម្តងទៀត” ក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។
ប្រវត្តិមជ្ឈមណ្ឌលឯកសារកោះថ្ម
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើលិខិតស្នើសុំបន្ទប់រៀន ចំនួន២បន្ទប់នៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់រៀបចំជាសារមន្ទីររក្សាទុកឯកសារស្រាវជ្រាវ ដោយសហការរៀបចំ និងប្រតិបត្តិជាមួយនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លិខិតពីឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពលើសំណើរ សុំបន្ទប់សិក្សាចំនួន២នេះ។
ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារួមមាន ឡុង ដានី, ផេង ពង្សរ៉ាស៊ី, លី កុកឆាយ, សូ ហ្វារីណា, លឹម យ៉ុងហួត និងសុខ វណ្ណៈ បានរៀបចំដំឡើងផ្ទាំងពិព័រណ៍រូបថត និងរចនាមជ្ឈមណ្ឌល ឯកសារកោះថ្មនេះឡើង។ ឯកសារពិព័រណ៍បង្ហាញពេលវេលាជាប្រវត្តិសាស្ត្រនេះ យកចេញពី ១. ឯកសារខ្មែរក្រហម ២. ឯកសារអាម៉េរិក និង៣. ឯកសារវៀតណាម និងរូបភាពទាំងឡាយផ្តើមចេញ ពីអ្នកថតរូបចំនួន៥រូប គឺ ១. ម៉ៃឡាំ អ្នកថតរូបវៀតណាម, ២. ស៊ីលវ៉ាណាហ្វូ័រ អ្នកថតរូបអាមេរិក, ៣. ដេវីត ហ៊ក អ្នកថតរូបអាមេរិក, ៤. ឆាំង យុ អ្នកថតរូបកម្ពុជា និង៥. ហ្គ៊ុនណា បឺតស្ត្រម អ្នកថតរូប ស៊ុយអែត និង រូបគំនូរទាំង៣៦ផ្ទាំង គូរដោយវិចិត្រករ អ៊ុត រឿន។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអ្នករៀបចំពិព័រណ៍នេះ ដើម្បីជាការ ចាប់ផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលឯកសារកោះថ្ម សហការជាមួយក្រុមការងារវិមានឈ្នះឈ្នះ តំបន់ ប្រវត្តិសាស្ត្រយោធានៃក្រសួងការពារជាតិ។ មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារប្រវត្តិសាស្ត្រ យោធា នឹងខិតខំពង្រឹងកិច្ចសហការឲ្យមានការសិក្សាស្វែងយល់ និងស្រាវជ្រាវអំពីអំពើប្រល័យពូជ សាសន៍នៅកម្ពុជា ឲ្យកាន់តែប្រសើរជាងសព្វដង សម្រាប់ជាចំណេះចេះដឹងដល់យុវជនយុវនារីជំនាន់ ក្រោយ។ មជ្ឈមណ្ឌលឯកសារកោះថ្មនេះ ក៏មានតួនាទីជាទីតាំងបណ្តោះអាសន្នសម្រាប់រៀបចំធ្វើសារមន្ទីរ ក្រោមលំហមេឃមួយ នៅលើផ្ទៃដីនៅចំពីមុខសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម។
រូបថតដែលបានដាក់តាំងបង្ហាញទាំងអស់ គឺជាបណ្តុំរូបថតបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។ រូបថតទាំងនេះ បង្ហាញដល់អ្នកទស្សនាអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដែលចាប់ផ្តើមពីការធ្វើសង្គ្រាមនៅតាមព្រំប្រទល់កម្ពុជា-វៀតណាម ជាពិសេស នៅតំបន់កោះថ្ម ឃុំទន្លូង និងភូមិមួយចំនួនក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ), ការកកើតនិងគ្រប់គ្រងប្រទេសទាំងស្រុងរបស់ខ្មែរក្រហមក្នុងចន្លោះឆ្នាំ១៩៧៥ដល់ ១៩៧៩ ដែលបង្កឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជនកម្ពុជាជាង២លាននាក់និងហេដ្ឋារចនា សម្ព័ន្ធប្រទេសទាំងមូល, ដំណើរឆ្ពោះទៅការផ្តួលរំលំរបបខ្មែរក្រហមនិងជីវិតរស់នៅប្រចាំថ្ងៃបន្ទាប់ពីរបប ខ្មែរក្រហម ព្រមទាំងភស្តុតាងឧក្រិដ្ឋដែលបន្សល់ទុកពីរបបនេះ រហូតឈានដល់ការផ្តួចផ្តើមគំនិតបង្កើត គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បី បង្រួបបង្រួមប្រទេសទាំងមូលដោយសន្តិភាពនិងសន្តិវិធី៕សរន