ដោយៈរ៉ាម៉ន/ភ្នំពេញៈរដ្ឋបាលរាជធានីភ្នំពេញបន្តនាំយកអំណោយមនុស្សធម៌របស់ម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនឹងអំណោយស្ថានទូតចិនទៅចែកជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារ នៅខណ្ឌដង្កោដែលកំពុងរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ កាលពីរសៀលម្សិលមិញ។
ពិធីចែកត្រូវបានប្រារព្ធឡើងនៅទីតាំងចំនួន២ ក្នុងនោះ ចំនួន២៧៥គ្រួសារនៅក្នុងសង្កាត់ ក្រាំងពង្រ និង១០០គ្រួសារទៀត នៅតំបន់ទីទួលសុវត្ថិភាព ក្នុងតំបន់ រង្វង់មូលកួរស្រូវ ដោយអំណោយទាំងនោះរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូរសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺបានណែនាំនឹងជំរុញឱ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណាសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសមរម្យ ពោល គឺពុំមានអ្នកណាម្នាក់ត្រូវរងគ្រោះបាត់បង់ជីវិតនៅឡើយ» ។ ហើយអាជ្ញាធរ និងរាជរដ្ឋាភិបាល នៅតែបន្តគិត គូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះបន្តទៀត ដូចជាការផ្តល់អំណោយមនុស្សធម៌ ជាមួយនឹងការចែកអាហារហូបចុកគ្រប់គ្រាន់ ខណៈដែលការសង្គ្រោះប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយឬគណបក្សណានោះឡើយ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ ថា៖ ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនង និងជាបងប្អូនជាមួយគ្នាយ៉ាងល្អ ចេះជួយយកអាសារគ្នាទៅ វិញទៅមក ហើយក្នុងស្ថានភាពកម្ពុជារងគ្រោះដោយគ្រោះធម្មជាតិនេះ រដ្ឋាភិបាលចិនសូមចូលរួមរំលែក ទុក្ខ និងរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភាព បាន
ផ្តាំផ្ញើរសូមបងប្អូនដែលកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ទឹកភ្លៀងត្រូវគិតគូរពីបញ្ហាសុវត្ថិភាពនិងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ សំខាន់ត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត បរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
សូមបញ្ជាក់ថា ចាប់ពីតាំងពីថ្ងៃទី១៣ ខែតុលាមក គ្រោះទឹកជំនន់ដែលបណ្តាលមកទឹកទឹកស្ទឹង ព្រែកត្នោត បានបង្កឱ្យមានការលិចលុងផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងខណ្ឌដង្កោ ខណ្ឌកំបូល និងមួយផ្នែកទៀតនៅខណ្ឌពោធិសែនជ័យ ហើយភ្លាមៗនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីសម្តេចតេជោហ៊ុន សែន បាននាំយកជំនួយមនុស្សធម៌មានគ្រឿង ឧបភោគបរិភោគជាច្រើនមុខរួមទាំងថវិកា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដើម្បីដោះស្រាយជីវភាពក្នុងអឡុងពេលរងគ្រោះដោយទឹកជំនន់នេះ៕/R