​បុរស​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា បាន​ទទួលរង​ភាព​តក់ស្លុត​យ៉ាង​ខ្លាំង នៅពេល​គោមួយ​ក្បាល​បាន​បុស​គាត់​ឡើង​ប៉ើង​ដូច​ក្រដាស ហើយ​ធ្លាក់​មក​វិញ​ចូលក្នុង​លូ​កណ្ដាលផ្លូវ​កាលពី​ពេល​ថ្មីៗ​នេះ​។​
​ ​
​នៅ​មុនពេល​កើតហេតុ​បន្តិច ខណៈពេល​បុរសរងគ្រោះ​បាន​ដើរ​មួយៗ​តាម​ផ្លូវ​មួយ​ក្នុងស្រុក​ហ្គោ​ដា​វ៉ា​រី ភាគ​ខាងកើត រដ្ឋ​អាន​ដ្រា ប្រា​ដេស ប្រទេស​ឥណ្ឌា​ភាគខាងត្បូង​ស្រាប់តែ​ពេល​នោះ​គោ​អនាថា​មួយ​​ក្បាល​ហាក់​ចាប់អារម្មណ៍​នឹង​បន្លែ​ក្នុង​កញ្ច្រែង​ដែល​គាត់​កាន់​នៅ​នឹង​ដៃ​។
​ ​
​ហើយ​នៅពេល​គាត់​ឈប់​ដើម្បី​ងាក​ទៅ​និយាយ​ជាមួយ​បុរស​ម្នាក់​ទៀត ស្រាប់តែ​គោ​នេះ​បុស​គាត់​ពីក្រោយ​ឡើង​ប៉ើង​ទាំង​មនុស្ស ប៉ើង​ទាំង​បន្លែ ហើយ​គាប់​ជួន​ទិដ្ឋភាព​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​នេះ​ត្រូវ​កាមេរ៉ា​​សុវត្ថិភាព​ថត​ចាប់បាន​។​

​ភ្លាមៗ​នោះ មនុស្សម្នា​បាន​ស្ទុះ​រត់​ទៅ​ជួយ​ទាញ​លើក​គាត់​ចេញពី​រណ្ដៅ​លូ​ឱ្យ​អង្គុយ​ចុះ ខណៈ​គោ​ដែល​បុស​គាត់​ស៊ី​បន្លែ​ធ្វើ​រំភើយ​៕​ប្រែ​សម្រួល​៖​ខុម​/sn