ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក នូ ប៊ុនយ៉ាង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ស្រុកបវេល បានឲ្យដឹងថាៈ គ្រោះទឹកជំនន់ នៅបណ្តាស្រុកមួយចំនួន បានស្រកចុះអស់ច្រើន ដោយឡែក តែស្រុកបវេល បែរជាទឹកជំនន់ បង្កឡើងជាថ្មី យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យដំណាំកសិកម្ម និងហេដ្ឋារចនាផ្លូវថ្នល់ និងលំនៅឋានរបស់ពលរដ្ឋ រាប់ម៉ឺនគ្រួសារ ត្រូវរងផលប៉ះពាល់។
លោក នូ ប៊ុនយ៉ាង បានបញ្ជាក់ថាៈ គិតត្រឹមថ្ងៃទី២០ តុលា ស្រុកបវេល បានរងគ្រោះជំនន់ទឹកភ្លៀង ជាលើកទី២ មានសភាពធ្ងន់ធ្ងរជាងមុន ដោយផ្ទះរបស់ប្រជាពលរដ្ឋ ដំណាំកសិកម្ម និងផ្លូវថ្នល់ខូចខាត យ៉ាងច្រើន។
លោកនូ ប៊ុនយ៉ាង បានបញ្ជាក់ទៀតថាៈ ជំនន់ទឹកភ្លៀងលើកទី២នេះ បានជន់ឡើងគ្រប់បណ្ដាឃុំ នៃស្រុកបវេលទាំងមូល ដែលធ្វើឲ្យលិចលង់ លំនៅឋាន ពលរដ្ឋជាង ១ ម៉ឺនខ្នង ជម្លៀសពលរដ្ឋ ជាង ១ ពាន់គ្រួសារ ខូចខាតផលដំណាំ គ្រប់ប្រភេទ រាប់ពាន់ហិកតា និងខូចខាតផ្លូវថ្នល់ រាប់ពាន់ម៉ែត្រ។ ប៉ុន្តែលោក បានបញ្ជាក់បន្ថែមថាៈ បើគិតត្រឹមព្រឹក ថ្ងៃទី២១ តុលា នេះ ទឹកជំនន់ បានស្រកអស់ ស្ទើរគ្រប់កន្លែង ហើយនៅសល់តែ ឃុំព្រៃខ្ពស់មួយប៉ុណ្ណោះ ដែលនៅបន្តលិចលង់ នៅឡើយ។ រហូតមកដល់ម៉ោង ១១ ថ្ងៃទី២១ នេះ ទឹកបានចាប់ផ្តើមស្រក ជាបណ្ដើរៗហើយ។ ក្នុងនោះមានពលរដ្ឋដែលរងគ្រោះ រាប់ម៉ឺនគ្រួសារ បាននិងកំពុងទទូលអំណោយ ពីអាជ្ញាធរ និងសប្បុរសជន ជាបន្តបន្ទាប់ ។
លោកអភិបាលស្រុកបវេល បានឲ្យដឹងថាៈ ជំនន់ទឹកភ្លៀង ក្នុង រយៈពេលជិត ២ សប្ដាហ៍កន្លងទៅនេះ បានធ្វើឲ្យប៉ះពាល់លំនៅឋាន របស់ប្រជាពលរដ្ឋ នៅ ក្នុងឃុំទាំង ៨ ចំនួន ១១.០៤៦ គ្រួសារ ជម្លៀសពលរដ្ឋចេញពីផ្ទះ ទៅកាន់ទីទូលសុវត្ថិភាព ចំនួន ១.០៨៩ គ្រួសារ ប៉ះពាល់សាលារៀន ចំនួន ៣៩ខ្នង វត្តអារាម ចំនួន ៣០កន្លែង ។ ដោយឡែក ការខូចខាត ផ្លូវថ្នល់ប្រវែង ៤.២៧៥ ម៉ែត្រ ដំណាំស្រូវចំនួន ៦.៣៤៤ ហិកតា ដំឡូងមី ចំនួន ៦.១២៧ ហិកតា ដំណាំពោត ចំនួន ១៧ ហិកតា។ ចំណែកសត្វចិញ្ចឹម ចំនួនជាង ២.៥០០ ក្បាល ត្រូវបានជម្លៀសចេញ ទៅកាន់ទីទួលសុវត្ថិភាព ផងដែរ។
លោកបានអះអាងថាៈ ឥឡូវនេះ ប្រជាពលរដ្ឋ ដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បានវិលត្រឡប់មកលំនៅឋាន ជាបណ្ដើរៗវិញហើយ។ ពេលនេះ ពលរដ្ឋដែលរងគ្រោះ ក៏កំពុងទទូលអំណោយ ពីអាជ្ញាធរ សាខាកាកបាទក្រហមខេត្ត និងសប្បុរសជន ជាបន្តបន្ទាប់ ផងដែរ៕/V