​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ដែល​ស្ថិតនៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​លោក​ចាប់តាំងពី​បាន​ឡើងកាន់​តំណែង​មក​នោះ កាលពី​ថ្ងៃ​អង្គារ​ទី​២០​តុលា​​បាន​សម្តែង​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ីអាគ្នេយ៍​ឆ្ពោះ​ទៅរ​កការសម្រេចបា​ន​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​មាន​ការជំរុញ​របស់​ជប៉ុន​ក្នុងការ​ធ្វើ​ឱ្យ​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក សេរី​និង​បើកចំហ​។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ដែល​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ទៅកាន់ ប្រទេស​វៀតណាម​និង​ឥណ្ឌូ​នេះ​ស៊ី​នេះ​បាន​មកដល់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ ក្រោយ​ចេញពី​ក្រុង​ហាណូយ​របស់​វៀតណាម​។

​អាស៊ីអាគ្នេយ៍​ត្រូវបាន​ជ្រើសរើស​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ចាប់តាំងពី​លោក​បាន​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​លោក ស៊ីន​ហ្សូ​អាបេ​កាលពី​ខែ​មុន​ដើម្បី​បង្ហាញ​សារៈសំខាន់​នៃ​​តំបន់​នេះ ចំពោះ​ប្រទេស​ជប៉ុន​។​

​បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​និយាយ​ថា​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មាន​សារៈសំខាន់​ដើម្បី​ធ្វើឱ្យ​តំបន់​ឥ​ណ្ឌ -​ប៉ា​ស៊ី​ហ្វិ​ច​របស់​ជប៉ុន​(FOIP) សេរី​និង​បើកចំហ​ហើយ​លោក​បាន​ប្រាប់​លោក​ចូកូ វី​ដូ​ដូ ថា​ប្រទេស​ជប៉ុន​ប្តេជ្ញា​រួមចំណែក​ដល់​សន្តិភាព​និង​វិបុលភាព​នៅក្នុង​តំបន់​”​។

​លោក​បាន​និយាយថា​” ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥ​ណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច​ដែល​ឥណ្ឌូនេស៊ី​បាន​ផ្តួចផ្តើមឡើង ព្រោះ​វា​មាន​លក្ខណៈ​រួម​ដូច​គ្នា​ច្រើន​ជាមួយ​ឥ​ណ្ឌូ – ប៉ា​ស៊ី​ហ្វិ​ច​សេរី​និង​​បើក​ចំហ​របស់​ជប៉ុន​” ។​

​លោក​បាន​និយាយថា ” លោក ចូកូ វី​ដូ​ដូ បាន​ស្វាគមន៍​ការគាំទ្រ​របស់​ជប៉ុន​ចំពោះ​អាស៊ាន​និង​ភាព​ជា​ដៃគូ​រវាង​ឥណ្ឌូនេស៊ី​និង​ជប៉ុន​។​ខ្ញុំ​សង្កត់ធ្ងន់​លើ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ដើម្បី​បន្ត​ពង្រឹង​ជាពិសេស​នៅក្នុង​ពេល​មានការ​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​រវាង​ប្រទេស​មហាអំណាច​នៅលើ​ពិភពលោក ។​ខ្ញុំ​ក៏​បញ្ជាក់​ក្តីសង្ឃឹម​របស់​ខ្ញុំ​ថា សមុទ្រ​ចិន​ខាងត្បូង​អាច​បន្ត​ជា​សមុទ្រ​សន្តិភាព​និង​ស្ថិរភាព​»​។​

​លោក​បាន​បន្ថែមថា មេដឹកនាំ​ទាំង​២ ក៏​បាន​ឯកភាពគ្នា​ថា​នឹង​ពង្រឹង​ចំណង​ទាក់ទង​វិស័យ​យោធា​ទ្វេភាគី​ផងដែរ​។​ភាគី​ទាំងពីរ​បាន​យល់ព្រម​ធ្វើការ​ឆ្ពោះទៅរក​ការសំរេចបាន​កិច្ចព្រមព្រៀង​ផ្ទេ​រគ្រឿង​​បរិក្ខា​យោធា​និង​បច្ចេកវិទ្យា​។​

​ស៊ូ​ហ្កា បាន​ចុះហត្ថលេខា​ដូច្នេះ​ជា​មួយ​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​។​

​ជប៉ុន​មាន​កិច្ចព្រមព្រៀង​ផ្ទេរ​គ្រឿង​បរិក្ខា​យោធា​ដូច្នេះ​ជាមួយ​១១​ប្រទេស​ផ្សេង​ទៀត រួមមាន អាម៉េរិក អង់គ្លេស ហ្វីលីពីន និង​ម៉ាឡេស៊ី ហើយ​ក៏​កំពុង​ចរចា​ជាមួយ​ថៃ​។​

​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​បាន យល់ព្រម​ពង្រីក​ឥណទាន​៥០​ពាន់​លាន​យេន​(៤៧០​លាន​ដុល្លារ​)​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​រងគ្រោះ​ដោយ​ជំងឺ​កូវី​ដ​១៩​របស់​ឥណ្ឌូនេស៊ី សំរាប់​វិស័យ​ដូចជា បង្ការ​គ្រោះ​មហន្តរាយ ព្រមទាំង​​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​គ្រឿង​បរិក្ខា​សំរាប់​បណ្តា​ស្ថាប័ន​វេជ្ជសាស្ត្រ​។​

​ជប៉ុន​ក៏​នឹង​គាំទ្រ​ការជំរុញ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​ឡើងវិញ​តាមរយៈ​គំរោង​ហេដ្ឋារចនាសម្ពន្ធ​នានា ដូចជា​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ការអភិវឌ្ឍ​បណ្តា​កោះ​ដាច់ស្រយាល​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (​រូប​ឆ្វេង​) និង លោក ចូកូ វី​ដូ​ដូ ក្នុងជំនួប​ពិភាក្សា​នៅ​វិមាន​ប្រធានាធិបតី​នៅ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​