ដោយៈ មេសា​/កំពង់ធំ​-​ស្ទោងៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើង​អំពី​ទិដ្ឋភាព​ទូទៅ នៃ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ថា “ និយាយ​ជារួម ពោលគឺ​តាំងពី​ពេល​ចាប់ផ្តើម​ដំណើរការ រហូតមកដល់​ពេលនេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន សូម្បីតែ​គ្រោះទឹកជំនន់​នាពេល​បច្ចុប្បន្ននេះ ក៏​មិនបាន​បន្ទច់បង្អាក់​ដល់​ដំណើរការ​បើកប្រាក់​ជូន​ប្រជាជន​គោលដៅ​ដែរ ហើយ​កាន់តែ​គួរឱ្យ​រីករាយ​ជាងនេះទៅទៀត​នោះ គឺ​ប្រជាជន​ដែល​អ្នកទទួលផល ភាគច្រើនបំផុត បាន​យក​ថវិកា​នោះ ទៅប្រើ​ប្រាស់​ចំ​គោលដៅ ផ្តល់​ជា​ប្រ​យោ​ជន៍ ដល់​ជីវភាព​គ្រួសារ ខណៈ​អ្នកខ្លះ យកទៅ​ផ្តួចផ្តើម​មុខរបរ​របស់ខ្លួន ដែល​អាច​បានជា​ប្រយោជន៍​សម្រាប់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​វែងឆ្ងាយ​ទៅមុខទៀត “ ។​


​លោក វង សូត ថ្លែង​ប្រកបដោយ​មោទកភាព​បែបនេះ នាឱកាស​ជួប​សំណេះសំណាល និង ចែក​អំណោយ​ដល់​ប្រជាជន​ដែលជា​អ្នកទទួលផល និង អ្នករងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ២០០ គ្រួសារ នៅក្នុង​ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ នា​ព្រឹក​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ។​


​លោក វង សូត បាន​បន្ថែមថា អ្វីដែល​យើង​បានឃើញ​ផ្ទាល់​គឺមាន​គ្រួសារ​ខ្លះ បាន​យក​ថវិកា​នោះ ទៅ​ទិញ​មាន់ មក​ចិញ្ចឹម ដែល​ឥឡូវនេះ មាន់​របស់​ពួកគាត់ កំពុង​ចាប់ផ្តើម​កើន​ចំនួន​បណ្តើរៗ​ហើយ ខណៈ​គ្រួសារ​ខ្លះ មាន​ភាព​ធូរស្រាល​មួយកម្រិត​ដោយសារតែ​ថវិកា​នេះ ដូចជា​គ្រួសារ​ខ្លះ គឺជា​មនុស្ស​ចាស់ជរា ហើយ​ត្រូវ​នៅ​ទទួលបន្ទុក​រ៉ាប់រង​មើលថែរក្សា​ចៅ​តូចៗ​របស់​ពួកគាត់​ទៀតផង ( ព្រោះ​ឪពុកម្តាយ​កុមារ​ទាំងនោះ​ធ្វើ​ចំណាកស្រុក ) ចំណែក​ពេលខ្លះ ប្រជាជន បាន​ពោល​សរសើរ​រាជរដ្ឋាភិបាល កម្ពុជា យ៉ាងខ្លាំង​លើសពី​អ្វីដែល​ជាការ​រំពឹង​ទុក​ទៅទៀត ។​


​គប្បី​រំឭកថា កាលពី​ថ្ងៃទី ១៩ និង ទី ២០ ខែ តុលា ឆ្នាំ ២០២០ នេះ លោក វង សូត បាន​ជួប​សំណេះសំណាល និង ចែក​អំណោយ​ដល់​ប្រជាជន​ដែលជា​អ្នកទទួលផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ និង ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ ៣ ខេត្ត គឺ​ស្រុក ថ្មគោល ខេត្ត បាត់ដំបង ៣០០ គ្រួសារ , ក្រុង សេរី​សោភ័ណ ខេត្ត បន្ទាយមានជ័យ ៣០០ គ្រួសារ និង ស្រុក ពួក ខេត្ត សៀមរាប ២០០ គ្រួសារ ។ ដូច្នេះ​បើ​បូកសរុប​បញ្ចូល​គ្នា​ទាំង​នៅ ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង​ធំ នេះ ២០០ គ្រួសារ​ទៀត​នោះ គឺ​លោក​រដ្ឋមន្ត្រី វង សូត បាន​ជួប​ប្រជាជន​សរុប ១ ០០០ គ្រួសារ​គត់ ក្នុង​រយៈពេល ៣ ថ្ងៃនេះ ។​


​លើសពីនេះ​ទៀត​នោះ គឺថា នៅ​រាល់​បន្ទាប់ពី​ការជួប​សំណេះសំណាល និង ចែក​អំណោយ​ទាំងនោះ​ទៅ លោក វង សូត ក៏​តែងតែបាន​ចុះ​ជួប​សំណេះ​សំ និង ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅតាម​ភូមិ​នានា ដល់​ខ្នង​ផ្ទះ​ប្រជាជន​អ្នកទទួលផល​ពី​កម្មវិធី និង អ្នករងគ្រោះ​ដោយ​ទឹកជំនន់ ដែល​នោះ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ នាំឱ្យ​លោក​រដ្ឋមន្ត្រី​ហ៊ាន​អះអាងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​គុណប្រយោជន៍ ព្រោះ​អ្វីៗ​ដែល​លោក​បានឃើញ និង បានឮ ដោយផ្ទាល់ ហើយក៏​មិនមាន​ការរៀបចំ​ដោយ​អ្នកណាម្នាក់​ដែរ ។


​ក្រៅពីនោះ​ទៅ លោក វង សូត ក៏​តែងតែបាន​ជួបពិភាក្សា​ពិនិត្យ​នូវ​ដំណើរការ​កម្មវិធី​នេះ​ជាមួយ​អ្នកប្រតិបត្តិ​ក គឺ​មន្ត្រី​ក្រុមប្រឹក្សាឃុំ និង បញ្ជរ​ដែលជា​អ្នកបើក​ប្រាក់​ជូន​ប្រជាជន​ផងដែរ ។​


​លោក វង សូត បាន​ទទួលស្គាល់ថា អ្នកទទួលផល​តិចតួច ( ប្រហែលជា​តិចតួច​បំផុត ) មិនទាន់បាន​ប្រើប្រាស់​ថវិកា​ដែល​រាជរដ្ឋាភិបាល​បើក​ផ្តល់ជូន​តាមរយៈ​កម្មវិធី​ខាងលើនេះ បាន​ដោយ​ល្អ និង ប្រកបដោយ​គុណប្រយោជន៍​នៅឡើយ​ទេ ដែល​ចំពោះ​អ្នក​ទាំងនោះ លោក វង សូត មិនមាន​វិធានការ​អ្វី​ក្រៅ​តែ​អំពី​ការអំពាវនាវ និង ពន្យល់​ណែនាំ​ឡើយ ។​


​គប្បី​រំឭកថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ ពោលគឺ​រហូត​មដក់​ដ​ល់​ពេលនេះ គឺជា​ខែ​ទី ៤ ហើយ ដោយ​កម្មវិធី​បាន​ចំណាយ​ថវិកា ( របស់​រាជរដ្ឋាភិបាល ) ប្រមាណ​ជា ១០៨ លាន​ដុល្លារ​អាមេរិក ហើយ គិត​ត្រឹម​ម៉ោង ៦ និង ០០ នាទី ល្ងាច​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច ដែល​អ្នកដឹកនាំ​អនុវត្ត​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ខាងលើនេះ ។​


​ក៏​គប្បី​រំឭក​ផងដែរ​ថា រាជរដ្ឋាភិបាល កម្ពុជា បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា នឹង​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នេះ រយៈពេល ៣ ខែ​ទៀត ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ តុលា ហើយនឹង​បញ្ចប់ទៅ​នៅ​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ ៕ Kh

លោក វង សូត ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល និង ចែក​អំណោយ​ដល់​ប្រជាជន​នៅ​ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ ( រូបៈ មេសា )