ដោយៈឆាយានាថ/ភ្នំពេញៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានផ្តល់ឡាន ២ គ្រឿង ដោយមួយគ្រឿង ជាឡានបោសសំអាតផ្លូវ និងមួយគ្រឿងទៀត ជាឡានលាងសំអាតផ្លូវ ជូនរដ្ឋបាលខណ្ឌច្បារអំពៅ ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើង នៅសាលាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក លោកស្រី អភិបាលរង លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។
លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានថ្លែងថាៈ នេះជាអំណោយសប្បុរសធម៌ ជូនចំពោះរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីបម្រើការងារបោសសំអាត និងលាងផ្លូវ ក្នុងមូលដ្ឋាន អោយកាន់តែមានសោភ័ណភាព ល្អបន្ថែមទៀត ។
ជាកិច្ចឆ្លើយតប, លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្រី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលបានផ្តល់ឡាន ២ គ្រឿងនេះ សម្រាប់រដ្ឋបាល ខណ្ឌច្បារអំពៅ ។
លោក មុនីរ៉ា បានសង្កត់ធ្ងន់ថាៈ «ឡាននេះមានតម្លៃ និងកាន់តែមានសារសំខាន់ណាស់ សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងការចូលរួមចំណែក យ៉ាងសំខាន់ សម្រាប់ការងារបោសសំអាតផ្លូវ និងលាងផ្លូវសម្រាប់មូលដ្ឋាន»។ ជាមួយគ្នានេះ លោក ចេង មុនីរ៉ា សង្ឃឹម និងជឿជាក់ថាៈ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប នឹងនៅតែបន្តជួយដល់ រដ្ឋបាលខណ្ឌច្បារអំពៅ បន្ថែមទៀត ។
ដោយឡែក ដើម្បីលើកទឹកចិត្តដល់កងកម្លាំង ក៏ដូចជាកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ក៏បានឧបត្ថម្ភនូវអង្ករ និង ទឹកសុទ្ធ ជូនដល់មន្ត្រីក្រោមឱវាទ ផងដែរ ៕/b