ដោយៈ រ៉ាម៉ន/ភ្នំពេញ ៖ លោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK CONDO កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានយកអំណោយអង្ករ ចំនួន ៥០ តោន ឧបត្ថម្ភដល់រដ្ឋបាល រាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្ដ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ក្នុងពិធីទទួលអំណោយ នៅសាលារាជាធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិ ក្រុមហ៊ុន UK CONDO ដែលបានចូលរួមឧបត្ថម្ភ ជាអង្ករចំនួន ៥០ តោន ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើ សម្រាប់ចែកបន្ដជូន ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀស មកកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់។ លោកក៏បានសន្យាថា នឹងនាំយកអំណោយទាំងនោះ ទៅឱ្យដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់ នឹងបន្តយកទៅជួយជនក្រីក្រ នៅតាមមូលដ្ឋាន ដោយមិនធ្វើអោយម្ចាស់អំណោយ ខកចិត្តឡើយ។
ក្នុងឱកាសនោះ លោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិ ក្រុមហ៊ុន UK CONDO បានមានប្រសាសន៍ថាៈ ការជួយឧបត្ថម្ភម នាពេលនេះ តិចតួច តែជាទឹកចិត្ត ទោះជាតិចក្តី ច្រើនក្តី លោកឧកញ៉ា និងក្រុមគ្រួសារ នឹងខិតខំប្រឹងប្រែង ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ពិសេសទឹកជំនន់ និងជួបបញ្ហានានា ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ ដែលបង្កឡើង ដោយសារទឹកភ្លៀង ដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ បានបណ្តាលឲ្យមនុស្ស ៣៤ នាក់ហើយ បានបាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋ ប្រមាណជាង ៣១ ម៉ឺននាក់ រួមទាំងកសិផល និងទ្រព្យសម្បត្តិ ជាច្រើនទៀត៕/b