សមាគមធនាគារនៅកម្ពុជា ចូលរួមគាំទ្រគោលនយោបាយ រាជរដ្ឋាភិ បាល លើការងារប្រែប្រួលអាកាសធាតុ

ដោយៈ មូលសម្បត្តិ/ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា បានរៀបចំតាមប្រព័ន្ធ​អនឡាញ នូវវេទិកាភាពជាអ្នកដឹកនាំ លើកទី៣ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ “កត្តាប្រែប្រួលអាកាសធាតុ និងវិស័យធនាគារ៖ បញ្ហាប្រឈម និងកាលានុវត្តភាព” ក្នុងគោលបំណងសំខាន់គឺ ដើម្បីផ្សព្វផ្សាយ អំពីផលប៉ះពាល់ ជាសកល ដោយសារការប្រែប្រួល អាកាសធាតុ និងស្វែងយល់ អំពីហានិភ័យ និងកាលានុវត្តភាព ដែលត្រូវបានយកចិត្តទុកដាក់ ដោយសហគមន៍ អ្នកផ្តល់កម្ចីអន្តរជាតិ។ នេះបើយោងតាមការផ្សាយចេញ ពីគេហទំព័រក្រសួងបរិស្ថាន នៅល្ងាច ថ្ងៃទី២0 ខែតុលា នេះ។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារ នៅកម្ពុជា បានបញ្ជាក់ថាៈ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមថ្មី ដែលវិស័យធនាគារ ត្រូវយកចិត្តទុកដាក់ ពិចារណា អំពីហានិភ័យ ក៏ដូចជា កាលានុវត្តភាព។ លោកបណ្ឌិត បានថ្លែងអំណរគុណ ដល់ក្រសួងបរិស្ថាន ដែលកន្លងមក បានផ្តល់កិច្ចសហការ យ៉ាងល្អជាមួយ សមាគមធនាគារនៃកម្ពុជា អនុលោមតាមស្មារតី នៃអនុស្សរណៈ នៃការយោគយល់រវាង ស្ថាប័នទាំងពីរ។

ថ្លែងក្នុងពិធីបើកអង្គវេទិកា លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងនាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ ចំពោះសមាគមធនាគារ នៅកម្ពុជា ដែលកាន់តែផ្តល់ ការយកចិត្តទុកដាក់ខ្ពស់ និងដើរតួកាន់តែសំខាន់ នៅក្នុងការគាំទ្រ ការវិនិយោគ លើគម្រោងដែល រួមចំណែក ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថាៈ ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់ ជាអវិជ្ជមានដល់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផលិតភាពការងារ ផលដំណាំ និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ជារួម។ នៅក្នុងបរិបទនេះ ការរៀបចំផែនការ អាជីវកម្មល្អ ចាំបាច់ ត្រូវយកកត្តាទាំងនេះ មកពិចារណា ហើយដាក់បញ្ចូល នូវបណ្តាវិធានការ ដែលនឹងធ្វើឱ្យអាជីវកម្ម កាន់តែធន់នឹងផលប៉ះពាល់ទាំងនេះ។ ធនាគារអាចដើរតួនាទីយ៉ាងសំខាន់ តាមរយៈការអនុវត្តស្តង់ដា ដើម្បីធានាថា អតិថិជនរបស់ពួកគេ ដាក់បញ្ចូលនូវហានិភ័យ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងគម្រោងស្នើសុំ ហិរញ្ញប្បទាន ដែលប្រការនេះ នឹងជួយកាត់បន្ថយ នូវហានិភ័យ នៃប្រាក់កម្ចីដែលមិនដំណើរការ (non-performing loan) ហើយរួមចំណែកដល់ ការកសាងសេដ្ឋកិច្ច ដែលធន់នឹងអាកាសធាតុ។

លោករដ្ឋលេខាធិការ បានបន្ថែមថាៈ ការប្រែប្រួលអាកាសធាតុ ក៏នាំមកនូវឱកាសផងដែរ តាមរយៈការ បង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីដោះស្រាយបញ្ហានេះ ដែលជារួមផ្តល់នូវ ឱកាសឈ្នះ-ឈ្នះ ជាពិសេសក្នុងវិស័យថាមពល កកើតឡើងវិញ ដូចជាបច្ចេកវិទ្យាថាមពល ពន្លឺព្រះអាទិត្យ ដែលមានតម្លៃកាន់តែទាប រួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ផ្តល់អត្ថប្រយោជន៍ ផ្នែកសុខភាព និងកិច្ចការពារបរិស្ថាន ក្នុងមូលដ្ឋាន ហើយបង្កើននូវសមត្ថភាព ប្រកួតប្រជែង នៃអាជីវកម្មជារួម។ ការយល់ដឹងកាន់តែច្បាស់ របស់សាធារណជន អំពីបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជា បញ្ហាបរិស្ថាន គឺជាកត្តាសំខាន់ មួយទៀត ដែលអាចដាក់សម្ពាធ ដល់វិនិយោគិន ឱ្យពិចារណា អំពីការរួមចំណែក ធ្វើឱ្យមានការប្រែប្រួល អាកាសធាតុ របស់គម្រោងវិនិយោគ ក៏ដូចជា ចូលរួមអនុវត្តបណ្តាវិធានការដោះស្រាយ បញ្ហាប្រែប្រួល អាកាសធាតុ និងបញ្ហាបរិស្ថាន។

លោក ទិន ពន្លក បានបន្តថាៈ នៅក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ “អាជីវកម្មដូចធម្មតា” (Business as usual) មិនមែនជាជម្រើសទៀតទេ។ ចាំបាច់ត្រូវមានចក្ខុវិស័យរួម នៃអ្នកពាក់ព័ន្ធទាំងអស់ ហើយទាមទារឱ្យយើង ចាកចេញពី “តំបន់ផាសុកភាព” (Comfort zone)”។ អ្នកដែលមើលឃើញ និន្នាការទាំងនេះ ហើយចាប់យកឱកាសបាន នឹងឈានមុខជាងគេ ក្នុងការរួមចំណែកនាំប្រទេសកម្ពុជា ទៅកាន់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍរបស់ខ្លួន។ វិស័យធនាគារមានតួនាទីសំខាន់ មិនអាចខ្វះបាន នៅក្នុងអន្តរកាលនេះ ហើយក្រសួង បរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ត្រៀមខ្លួនគាំទ្រ និងសហការជាមួយ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បី រួមចំណែកដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ ចាប់យកនូវកាលានុវត្តភាពថ្មីៗ តាមរយៈហិរញ្ញប្បទានបៃតង ដែលសេដ្ឋកិច្ចរបស់យើង ត្រូវការបំផុត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...