ដោយៈ វណ្ណៈ / ព្រះសីហនុៈ រឿងកូនក្រពើមួយក្បាល ដែលអ្នកភូមិប្រទះឃើញ កាលពីម៉ោងជាង ៧ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងអូរក្រោយ មន្ទីរព័ត៌មានខេត្ត ក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ត្រូវបានគេសម្លាប់ ធ្វើជាម្ហូបបាត់ទៅហើយ នៅព្រឹកថ្ងៃទី២១ តុលា នេះ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាៈ អ្នកដែលចាប់ក្រពើនេះ ឈ្មោះ កង វ៉ាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានសម្លាប់ក្រពើនេះ ធ្វើជាអាហារ ។
សមត្ថកិច្ច បានបន្តថាៈ កូនក្រពើនេះ មានទម្ងន់ប្រហែល ៦ គីឡូក្រាម និងសន្និដ្ឋានថា ទំនងជាកូនក្រពើ ដែលរួចពីកន្លែងចិញ្ចឹមណាមួយ ចូលមកក្នុងអូរ ក្នុងភូមិ ក្រោយពេលមានភ្លៀង ធ្លាក់ច្រើន ប៉ុន្មានថ្ងៃ កន្លងមកនេះ។
ទោះជាយ៉ាងនេះក្តី មិនទាន់មានប្រភពណាមួយ បញ្ជាក់ឲ្យដឹងថា បុរសដែលចាប់បានសត្វក្រពើ នៅដងអូរ ខាងក្រោយផ្ទះ ហើយសម្លាប់ធ្វើជាម្ហូប រូបនោះ មានទោសទណ្ឌដែរ ឬយ៉ាងណានោះទេ ៕/b /V