ថៃបានទទួលអ្នកទេសចរមួយក្រុមមកពីប្រទេសចិនកាលពីថ្ងៃអង្គារទី២០តុលា និងជាក្រុមអ្នកទេសចរដំបូងដែលបានធ្វើដំណើរតាមយន្តហោះពាណិជ្ជកម្មបន្ទាប់ពីជើងហោះហើរដូច្នេះត្រូវបានហាមឃាត់ចាប់តាំងពីខែមេសាមកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
អ្នកទេសចរ៣៩នាក់មកពីក្រុងសៀងហៃ បានមកដល់កាលពីយប់ថ្ងៃអង្គារ ដោយទូរទស្សន៍ថៃបង្ហាញអ្នកទេសចរពាក់ម៉ាស់មុខធ្វើដំណើរចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ហើយពួកមន្ត្រីប្រដាប់ដោយគ្រឿងបរិក្ខាការពារ បានបាញ់ថ្នាំសម្លាប់មេរោគដាក់ហិបអីវ៉ាន់អ្នកដំណើរ។នៅខាងក្រៅ អ្នកទេសចរខ្លះពាក់ខែលមុខនិងពាក់ស្រោមដៃជ័រ នៅពេលពួកគេត្រៀមឡើងជិះរថយន្រក្រុងទៅកាន់សណ្ឋាគារ។
ការមកដល់របស់ទេសចរនេះកើតឡើងចំពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅបន្តផ្គើននឹងបំរាមហាមជួបជុំមនុស្សចាប់ពី៥នាក់ឡើង ក្រោយពីអាជ្ញាធរបានប្រកាសប្រើច្បាប់គ្រាអាសន្នធ្ងន់ធ្ងរមួយនៅក្រុងបាងកក។
ភាពវឹកវរនេះមិនបានប៉ះពាល់ការចាប់អារម្មណ៍នៅក្នុងប្រទេសទេ នេះបើតាមប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក យុទ្ធថាសាក់ ស៊ូផាសន បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ។លោកបាននិយាយថា «មិនមានការលុបចោល ឬការសួរអំពីសភាពការណ៍នយោបាយទេតាំងពីមុនមក និងពួកគេបានតាមដានព័ត៌មាននេះ»។
បាតុកម្មដឹកនាំដោយក្រុមនិស្សិត ដែលទាក់ទាញមនុស្សរាប់ពាន់នាក់បានចូលកាន់កាប់ផ្លូវបំបែកដ៏មមាញឹកអស់ពេលជាច្រើនម៉ោងមុនបំបែកដោយសន្តិវិធី។ក្នុងឧបទ្ទវហេតុមួយកាលពីសប្តាហ៍មុន ប៉ូលិសបានបាញ់ទឹកលាយសារធាតុគីមីអោយផ្សាភ្នែកដាក់ហ្វូងបាតុករ ក្រោយរដ្ឋាភិបាលប្រកាសប្រើច្បាប់គ្រាអាសន្នភ្លាម។
ប្រទេសដែលពឹងលើទេសចរណ៍នេះ អាចទាក់ទាញទេសចរបរទេសបានតែ៦,៧លាននាក់នៅឆ្នាំនេះ គឺមិនដល់១ភាគ៥នៃចំនួនទេសចរ៣៩,៨លាននាក់ដែលថៃទទួលបាននៅឆ្នាំ២០១៩។
រដ្ឋាភិបាលថៃបានហាមប្រាមជើងហោះហើរពាណិជ្ជកម្មនៅខែមេសាដើម្បីទប់ស្កាត់កូវីដ១៩កុំអោយរីករាលដាលខ្លាំង ហើយករណីឆ្លងថ្មីៗចាប់តាំងពីពេលនោះមានភាគច្រើនកើលើជនជាតិថៃដែលវិលមកពីក្រៅប្រទេសប៉ុណ្ណោះ។ប្រទេសនេះមានអ្នកឆ្លងកូវីដ១៩ សរុបប្រមាណ៣.៧០០នាក់។
អ្នកទេសចរថ្មីទាំងនេះចូលមកតាមទិដ្ឋាកាពិសេស៩០ថ្ងៃ និងត្រូវធ្វើចត្តាឡីស័ក២សប្តាហ៍ ដោយ៧ថ្ងៃនៅក្នុងបន្ទប់សណ្ឋាគារ និង៧ថ្ងៃនៅក្នុងបរិវេណសណ្ឋាគារ ហើយត្រូវធ្វើតេស្តិ៍អវិជ្ជមាន៣ដងមុនអាចចេញទៅដើរលេងដោយសេរី។
អ្នកទេសចរក្នុងក្រុមទី២១៤៧នាក់នឹងមកពីក្រុង ក្វាងចូវ ប្រទេសចិន ។ពួកគេនឹងមកដល់ថ្ងៃ២៦តុលា និងច្រើនទៀតនឹងមកដល់នៅខែក្រោយ៕ប្រែសម្រួល៖វាសនា

អ្នកទេសចរចិនមកដល់ថៃតាមទិដ្ឋាកាពិសេសរយៈ៩០ថ្ងៃ