Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ ...

ក្រសួង​អប់រំ ស្ថានទូត​ចិន និង យូ​នី​សេ​ហ្វ​រួមគ្នា​ពិនិត្យមើល​ការប្រើប្រាស់​អំណោយ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ តំណាង​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​យូ​នី​សេ​ហ្វ បាន​ជួបជុំគ្នា​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែតុលា​នេះដើម្បី​សង្កេតមើល​ការប្រើប្រាស់​បរិក្ខារ​អនាម័យ និង​សម្ភារ​សិក្សា ដែល​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​សា​លាម​ត្តេ​យ្យ​សហគមន៍​នៅ​កម្ពុជា​។ ក្រសួងពាណិជ្ជកម្ម​ចិន បាន​ឧបត្ថម្ភ​សម្ភារ​ទាំងនេះ​ដល់​សា​លាម​ត្តេ​យ្យ​សិក្សា​ចំនួន​៣.០៦៤​កន្លែង​ទូទាំងប្រទេស​កម្ពុជ​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​កុមារ​ប្រមាណ​៧០.០០០​នាក់​បាន​វិលត្រឡប់​ទៅ​សិក្សា​វិញ​ប្រកបដោយ​សុវត្ថិភាព​និង​ទទួលបាន​ការការពារ​ពី​ជំងឺ​កូ​វីដ​១៩​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​យូ​នី​សេ​ហ្វ​នៅ​កម្ពុ​ជានា​ថ្ងៃទី​២១​ខែតុលា​។​

រូបៈតំណាង​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​យូ​នី​សេ​ហ្វ បាន​ជួបជុំគ្នា​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​ដើម្បី​សង្កេតមើល​ការប្រើប្រាស់​បរិក្ខារ​អនាម័យ និង​សម្ភារ​សិក្សា ដែល​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​សា​លាម​ត្តេ​យ្យ​សហគមន៍​នៅ​កម្ពុជា​(​រូបថត យូ​នី​សេ​ហ្វ​-​កម្ពុជា​)


​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​ក្រសួងពាណិជ្ជកម្ម​ចិន គឺជា​អ្នកផ្ដល់​ការឧបត្ថម្ភ​ដ៏​សំខាន់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​យូ​នី​សេ​ហ្វ ក្នុងការ​ឆ្លើយតប​រួមគ្នា​ចំពោះ​វិបត្តិ​កូ​វីដ​១៩​។ ការផ្ដល់​សម្ភារ​រៀន និង​បង្រៀន (​ព្រមទាំង​បរិក្ខារ​ទឹកស្អាត និង​អនាម័យ​) ដូចជា​ឧបករណ៍​សម្រាប់​លាង​សម្អាត​ដៃ​ចល័ត ធុង​ចម្រោះ​ទឹក និង​សម្ភារ​លាង​សម្អាត​ដទៃទៀត ដែលមាន​សារៈសំខាន់​ចាំបាច់​សម្រាប់​ការពារ​សុវត្ថិភាព​និង​សុខភាព​របស់​កុមារ​តូចៗ​។​បច្ចុប្បន្ន​សម្ភារ​ទាំងអស់​នេះ​កំពុង​ត្រូវបាន​ចែកជូន ការិយាល័យ​អប់រំ​ស្រុក​ចំនួន​១៨៧​ស្រុក នៅក្នុង​រាជធានី​ខេត្ត​ទាំង​២៥​។​


​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​យើង​សូម​ស្វាគមន៍​ចំពោះ​ការឧបត្ថម្ភ​ពី​ក្រសួងពាណិជ្ជកម្ម​ចិន តាមរយៈ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​នេះ​ដែល​បាន​សហការ​ជាមួយ​យូ​នី​សេ​ហ្វ ដើម្បី​ផ្ដល់​ការឧបត្ថម្ភ​ដល់​សិស្ស​ម​ត្តេ​យ្យ​។ ក្រសួង​ចង់ឱ្យ​កុមារ​តូច​កាន់តែ​ច្រើ​អាច​ទទួលបាន​ផល​ពី​ការ​ចូលរៀន​នៅ​សា​លាម​ត្តេ​យ្ហើ​យ​គោលដៅ​នេះ​អាច​សម្រេច​ទៅបាន​លុះត្រាតែ​បរិយាកាស​រៀនសូត្រ​មាន​សុវត្ថិភាព​។​យើង​សង្ឃឹមថា​ប្រជាពលរដ្ឋ​នឹងមាន​ទំនុកចិត្ត​ក្នុងការ​បញ្ជូន​កូន​របស់​ពួកគាត់​ទៅ​រៀន​នៅ​សា​លាម​ត្តេ​យ្យ ដោយសារតែ​ការគាំទ្រ​ដ៏​សំខាន់​នេះ​។​”


​ក្រោយ​ពិធី​ចែក​សម្ភារ​ជូន​នាយក​នាយិកា​សាលា​ម​ត្តេ​យ្យ​សិក្សា​ចំនួន​៥​រូប​រួចមក​គណៈប្រតិភូ​បានធ្វើ​ដំណើរ​ទៅកាន់​សា​លាម​ត្តេ​យ្យ​សហគមន៍​ភូមិ​ត្រពាំង​ថ្លាន់ ដើម្បី​សង្កេតមើល​ការប្រើប្រាស់​បរិក្ខារ​អនាម័យ និង​សម្ភារ​សិក្សា ដែល​ប្រើប្រាស់​ដោយ​បុគ្គលិក​សិក្សា​និង​សិស្សានុសិស្ស​នៅក្នុង​សាលា​ម​ត្តេ​យ្យ​នេះ​។​ពួកគាត់​បាន​ជួប​ជជែក​ជាមួយ​អ្នកគ្រូ​លោកគ្រូ​តំណាង​ការិយាល័យ​អប់រំ​ស្រុក​ព្រមទាំង​សមាជិក​សហគមន៍​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ឱ្យ​កុមារ​អាច​នៅ​បន្ត​រៀនសូត្រ​បាន និង​ជួយ​ឱ្យ​សាលារៀន​នៅតែ​បន្ត​ដំណើរការ​នៅក្នុង​ស្ថានភាព​ដែលមាន​សុវត្ថិភាព​បំផុត​។​
​លោក អ៊ូ ហ្គ័​រ​ឈៀន​អគ្គ​កុងស៊ុល​ទទួលបន្ទុក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ប្រទេស​ចិន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​ជាស​កល គាំទ្រ​ពេញទំហឹង​ដល់​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី និង​ផ្ដល់​ការគាំទ្រ​យ៉ាង​មុតមាំ​ដល់​បេសកម្ម​ដឹកនាំ​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​នេះ​។ សម្ភារ​ទាំងនេះ គឺ​តំណាងឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ចិន យូ​នី​សេ​ហ្វ និង​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពិសេស​ពី​ក្រសួងពាណិជ្ជកម្ម​ចិន ក្នុងនាម​តំណាងឱ្យ​រដ្ឋាភិបាល​ចិន ជូន​ដល់​យូ​នី​សេ​ហ្វ សម្រាប់​ការគាំទ្រ​ឱ្យ​កុមារ​កម្ពុជា​ទទួលបាន​កិច្ចការពារ​សុខភាព និង​ការអភិវឌ្ឍ និង​លើកកម្ពស់​សមត្ថភាពរ​បស់​សហគមន៍ និង​សាលារៀន​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​ជាស​កល​ក៏ដូចជា​ដើម្បី​ជួយ​ឱ្យ​កុមារ​អាច​ត្រឡប់​ទៅ​សាលារៀន​វិញ​ប្រកបដោយ​សុវត្ថិភាព​។​”


​ចាប់តាំងពី​ពេល​មានការ​រាតត្បាត​ជា​សកល​ដំបូងៗ​នៃ​ជំងឺ​កូ​វីដ​១៩ យូ​នី​សេ​ហ្វ​នៅ​កម្ពុជា បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល ដើម្បី​ឆ្លើយតប​ចំពោះ​ផលប៉ះពាល់​ដែល​បង្កដោយ​ជំងឺ​កូ​វីដ​១៩ លើ​ការសិក្សា​រៀនសូត្រ​។ ការគាំទ្រ​នេះ​បាន​ជួយ​ឱ្យ​កុមារ​គ្រប់​វ័យ រួមទាំង​កុមារ​ដែល​កំពុង​រៀន​នៅតាម​សាលា​ម​ត្តេ​យ្យ​ផងដែរ អាច​បន្ត​ទទួលបាន​ការអប់រំ​នៅក្នុង​រយៈពេល​ដែល​សាលារៀន​ត្រូវបាន​បិទទ្វារ​។ ការគាំទ្រ​នេះ​ក៏បាន​ជួយ​ឱ្យ​សាលារៀន​អាច​ត្រៀមខ្លួន​សម្រាប់​បើក​ដំណើរការ​ឡើងវិញ ដោយ​ប្រើប្រាស់​ការអនុវត្ត​ល្អៗ ដើម្បី​ធានា​ឱ្យ​បរិយាកាស​នៅក្នុង​សាលារៀន​មាន​សុវត្ថិភាព និង​ផ្ដល់​ការការពារ​សុខភាព​ដ​ល់​កុមារ​។​
​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​មាន​ភស្តុតាង​ជាច្រើន​បានបង្ហាញ​ថា ការអប់រំ​កុមារ​តូច​បំពេញ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​កុមារ ជួយ​ឱ្យ​កុមារ​ទទួលបាន​លទ្ធផល​ពី​ការអប់រំ​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ និង​ជួយ​ឱ្យ​ពួកគេ​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​នៅពេល​ពេញវ័យ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងពាណិជ្ជកម្ម​ចិន ដែល​បាន​វិនិយោគ​លើ​ការអប់រំ​កុមារ​តូច​និង​ជួយ​ឱ្យ​កុមារ​នៅ​កម្ពុជា​អាច​ទទួលបាន​ការអប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា​ប្រកបដោយ​សុវត្ថិភាព​។ ខណៈពេលដែល​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​កំពុង​ត្រលប់​មករក​ភាពប្រសើរ​ជាង​មុន និង​កាន់​តែមាន​ភាព​ធន់​ក្នុងការ​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ យើង​ត្រូវ​បន្តធ្វើ​ការងារ​រួមគ្នា ដើម្បី​ប្រមើលមើល​ជាថ្មី​ពី​ការផ្ដល់សេវា​អប់រំ​កុមារ​តូច​ដល់​កុមារ​នៅ​កម្ពុជា​គ្រប់រូប ជាពិសេស​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​។​”
​យូ​នី​សេ​ហ្វ​នៅ​កម្ពុជា បំពេញការងារ​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​សុខមាលភាព​សម្រាប់​កុមារ ការពារ​សិទ្ធិ​របស់​ពួកគេ និង​ជួយ​គាំទ្រ​ការសម្រេច​នូវ​សក្ដានុពល​ពួកគេ​ចាប់ពី​វ័យ​កុមារ​តូច រហូតដល់​ក្មេង​ជំទង់​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​យូ​នី​សេ​ហ្វ និង​ការងារ​យូ​នី​សេ​ហ្វ​ដើម្បី​កុមារ សូម​ចូលទៅ​កាន់​គេហទំព័រ www.unicef.org.kh​។ សូម​តាមដាន​ព័ត៌មាន​អំពី​យូ​នី​សេ​ហ្វ​តាមរយៈ Twitter និង Facebook៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...