ដោយៈចាន់តូ/ភ្នំពេញ៖ ទីតាំងក្លិបកម្សាន្ត ៥៥ ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង បង្កការភ្ញាក់ដល់ប្រជាពលរដ្ឋជិតខាងតែសំណាងល្អមិនបង្កឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនិងមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅផ្លូវលេខ៥៥ កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ទីតាំងក្លិបនេះ គឺត្រូវបានបិទជាយូរមកហើយ ។តែរាល់ថ្ងៃមានជាងកំពុងវាយកម្ទេចចោល ខណៈនៅល្ងាចថ្ងៃកើតហេតុនេះ ស្រាប់តែមានហ៊ុយផ្សែង បង្កជាអណ្ដាតភ្លើងឆេះតែម្ដង។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងទៅនគរបាលជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញជួយបាញ់ទឹកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងទីតាំងក្លិប។

ក្រោយពេលកើតហេតុអាជ្ញាធរចុះមកជួយអន្តរាគមន៍និង យក អេស្កាវាទ័រ មកកាយទំលុះជញ្ជាំងក្លិប ដើម្បីបង្កការងាយស្រួលក្នុងការជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។ ក្នុងប្រតិបត្តិការនេះដែររថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន១២គ្រឿង សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២០រថយន្តទើបរលត់ជាស្ថាពរ។ សូមបញ្ជាក់ផងដែរចំពោះការខូចខាតគឺទាំងស្រុងតែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ៕S/
