ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជាបានបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោកនិងបន្តឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការបន្តនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងការឧបត្ថម្ភគាំទ្រលើការងារធ្វើអោយប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនឹងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងផែនការ។
លោកស្រី Claire Conan ជាតំណាង និងនាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបន្តថា កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូរវាងកម្មវិធីស្បៀងអាហារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយក្រសួងផែនការដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។

ជាការឆ្លើយតប លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានលោកស្រីនៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសម្តែងនូវអំណរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្មវិធីស្បៀងអាហារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក កម្មវិធីស្បៀងអាហារពិភពលោកជាមួយនឹងក្រសួងផែនការ ។
លោកកិត្តិសេដ្ឋាបណ្ឌត បានបន្តថា នាឆ្នាំក្រោយក្រសួងផែនការ រួមនឹងដៃគូជំនួយ នឹងចាប់ផ្តើមដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែមសម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាពសុខភាពនៃប្រជាពលរដ្ឋកម្ពុជាដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្តនិងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ,ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ,កម្មវិធីវិនិយោគសាធារណៈនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ យើង(កម្ពុជា) នឹងដៃគូអភិវឌ្ឍន៍ សង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានក្នុងកម្រិតមួយខ្ពស់ជាមួយគ្នាក្នុងការអនុវត្តនិងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា ក្នុងដំណាក់កាលនេះ កម្ពុជាកំពុងមានប្រឈមខ្លាំង ដោយសារជំនន់ទឺកភ្លៀង និងបញ្ហាការរីករាលដាលជំងឺកូវីដ១៩ មិនអាចកំណត់បានថា នឹងចប់នៅវេលាណាមួយជាក់លាក់ឡើង។ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាជនក្រីក្រ និងងាយរងគ្រោះ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានអនុវត្តចំនួន៤ជុំរួចមកហើយ នឹងបន្តបើកផ្តល់រហូតដល់ចុងឆ្នាំ២០២០នេះ។

ក្នុងបរិការណ៍នៃការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិនិងសម្រេចឱ្យបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ វាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដែគូអភិវឌ្ឍន៍ វិស័យឯកជន ត្រូវតែខិតខំប្រឹងប្រែង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងទ្វេរដង។
លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោក ដែលជានិច្ចជាកាលគាំទ្រនិងបន្តការឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងផែនការ។យើងនឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយគ្នា៕S/