ដោយ:វណ្ណះ/ព្រះសីហនុ: ក្មេងស្រីអាយុ១៣ឆ្នាំ ម្នាក់ត្រូវបានទឹកកួចបាត់ខ្លួន រកពុំទាន់ឃើញ នៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ពេលកំពុងលេងទឹកជាមួយម្តាយមីង ហើយរអិលជើងធ្លាក់ចូលទឹក កាលពីម៉ោង៥ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះរឿង បញ្ញា អាយុ១៣ឆ្នាំ ជាសិស្សរៀននៅខេត្តបាត់ដំបង មានលំនៅបច្ចុប្បន្នស្នាក់បណ្ដោះអាសន្ននៅអូរ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។


ក្រោយទទួលដំណឹងនេះលោក គួចចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះផ្ទាល់ ជាមួយមន្រ្តីជំនាញ និងបុគ្គលិកសង្គ្រោះ ដើម្បី អន្តរាគមន៍រុករកជួយក្មេងស្រីនេះ ហើយគិតមកត្រឹមម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ប្រតិបត្តិការរុករកកំពុងធ្វើ និងមិនទាន់ដឹងពីជោគវាសនារបស់ក្មេងស្រីរងគ្រោះយ៉ាងណានៅឡើយ៕/R/Ha


