Home ព័ត៌មានជាតិ នយោបាយ លទ្ធផលកិច្ចប្...

លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០

™

នៅថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានអង្គការសហប្រជាជាតិ តាមរយៈប្រព័ន្ធវីដេអូ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសអាស៊ាន អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA)។

កិច្ចប្រជុំ បានចែករំលែកសារអបអរសាទរចំពោះខួប៧៥ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិនិងបានកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេងដែលអង្គការសហប្រជាជាតិសម្រេចបានក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមក ជាពិសេស ក្នុងការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយប្រឈមជាមួយនឹងបញ្ហាមិនធ្លាប់មានពីមុនដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន និងអង្គការសហប្រជាជាតិនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយពហុភាគីនិយម និងតំបន់និយម ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងរិះរក មធ្យោបាយរួមគ្នាក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិនៃជំងឺនេះ។

កិច្ចប្រជុំបានកត់សម្គាល់ការអនុវត្តប្រកបដោយជោគជ័យនៃផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ (២០១៦-២០២០) និងបានអនុម័តផែនការសកម្មភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៥។កិច្ចប្រជុំនេះ បានអះអាងជាថ្មីម្តងទៀតនូវកិច្ចខិតខំ ប្រឹងប្រែងរួមរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីម្តងទៀតអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមដើម្បីលើកស្ទួយពហុភាគីនិយម ឲ្យក្លាយជាសរសរស្តម្ភសម្រាប់សន្តិភាព សន្តិសុខនិងវិបុលភាព។

ក្នុងរបៀបវារៈស្តីពីសន្តិភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងមុតមាំរបស់អាស៊ានចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការ ស្តីពីសកម្មភាពសម្រាប់ថែរក្សាសន្តិភាព(A4P) ។ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃសេចក្តី សម្រេចលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងជា អន្តរជាតិនេះ តាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ និងប្រតិបត្តិការ ថែរក្សាសន្តិភាពនៅតាមតំបន់មួយចំនួននៅលើពិភពលោក បើទោះបីជាមានការគំរាមកំហែងដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក្តី។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីសកម្មភាពដោះមីនដើម្បីមនុស្សធម៌ ដែលឯកឧត្ដម ជឿជាក់ថា អាស៊ាន និងអង្គការសហប្រជាជាតិ អាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងបានលើកទឹកចិត្តឱ្យអង្គការសហប្រជាជាតិ ពិចារណាផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ដើម្បី ដោះស្រាយ ក្នុងទិដ្ឋភាពមនុស្សធម៌ ចំពោះបញ្ហាគ្រាប់មីន និងសំណល់ ជាតិផ្ទុះ ដទៃទៀត នៅក្នុងតំបន់និងលើពិភពលោក៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...