ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួនជាង ៧០០នាក់បានបាត់បបង់ជីវិត និងជាង ២ពាន់នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល ១៧៤ថ្ងៃ និងយានយន្តជិត ២០ម៉ឺនគ្រឿងត្រូវបានផាកពិន័យ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២១ ខែតុលា ថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១៧៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២១ ខែតុលា បានកើតឡើងចំនួន ១៤១៩លើក បន្តាលស្លាប់មនុស្សចំនួន ៧០៣នាក់ របួសចំនួន ២។១៩០នាក់ ក្នុងនោះរបួសធ្ងន់ ១៣១១នាក់។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២១ ខែតុលា កើតឡើង ប្រាំលើក ស្លាប់ ប្រាំនាក់ របួសប្រាមនាក់ ក្នុងនោះរបួសធ្ងន់ចំនួន ពីរនាក់។ អ្នកនាំពាក្យដដែលបានបន្តទៀតថា ចមណែកលទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១៧៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២១ ខែតុលា យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៩៤.៣៥០គ្រឿង ក្នុងនោះម៉ូតូមានចំនួនជាង ១៤៣.៥៩២គ្រឿង និងរថយន្តជិត ៥០.៧៥៨គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕ /R