ដោយៈ តារារិទ្ធ / បន្ទាយមានជ័យៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បន្តអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ១០.០០០ គ្រួសារ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាថ្ងៃទី២ នៃបេសកកម្ម មកកាន់ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និង ផ្តល់ជំនួយឧបត្ថម្ភ ជូនពលរដ្ឋរងគ្រោះ ក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១ ម៉ឺនគ្រួសារ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ ក្នុងឆ្នាំ ២០២០ នេះ ខេត្តបន្ទាយមានជ័យ បានទទួលរងគ្រោះ ដោយទឹកជំនន់ ចំនួន ពីរលើក ដែល ជំនន់លើកទីមួយ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង កើតឡើង បណ្ដាលឱ្យលិចលំនៅឋាន ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយអូរ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រអូរបីជាន់ ស្រុកអូរជ្រៅ ចំនួន ៦៩ គ្រួសារ បានជម្លៀសមកនៅទីទួលសុវត្ថិភាព ស្ថិតនៅក្នុងសាលាឃុំអូរបីជាន់ ។ ជំនន់លើកទីពីរ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ដោយសារស្ថានភាព បង្កឱ្យមានភ្លៀង ធ្លាក់ជោកជាំ គួបផ្សំនឹងទឹកហូរពីអូរ ព្រំដែនកម្ពុជា – ថៃ ផង ជំនន់ទឹកភ្លៀង ក៏កើតឡើងម្ដងទៀត បានធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ហក់ឡើងលើសកម្រិត ប្រកាសអាសន្ន បណ្ដាលឱ្យលិច តាមតំបន់ទំនាប ភូមិតាមមាត់ស្ទឹង និងប៉ះពាល់ ដល់អាយុជីវិត មនុស្ស សត្វ និង ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ។ រហូតមក ដល់ពេលនេះ មានមនុស្សលង់ទឹក ស្លាប់ចំនួន ១៨ នាក់ ប៉ះពាល់លំនៅឋាន ចំនួន ២៩.២២៥ ខ្នង លិចស្រែចំនួន ៦៤.៣៧២ ហិកតា , ដំឡូងមី ចំនួន ៦០.២៥៩ ហិកតា , ដំណាំរួមផ្សំ ចំនួន ៩៨៩ ហិកតា , សាលារៀន ចំនួន ១៨៦ កន្លែង មណ្ឌលសុខភាព ចំនួន ៩ កន្លែង វត្តអារាម ចំនួន ៦០, សាលាឃុំ ចំនួន ៥ កន្លែង , ផ្លូវប្រវែង ៥៣៥ គីឡូម៉ែត្រ , អណ្ដូងស្នប់ ចំនួន ៥៤ កន្លែង និងលិចទំនប់ អាង ប្រវែង ៣៤ គីឡូម៉ែត្រ ។
ក្រុងប៉ោយប៉ែត ប៉ះពាល់លំនៅដ្ឋាន ចំនួន ១.៦៩៧ ខ្នង មនុស្សរាយ ៦.០៣៨ នាក់ / ស្រី ២.៦៦៧ នាក់ ( ជម្លៀសទៅទីទួលសុវត្ថិភាព ១.១៤៧ គ្រួសារ មនុស្សរាយ ៤.២២៧ នាក់ ស្រី ១.៨៥៨ នាក់ ) លង់ទឹកស្លាប់ ១ នាក់ , លិចលង់សាលារៀន ៣ កន្លែង , វត្ត ៦ កន្លែង , លិចស្រូវ ៥៦ ហ.ត , ដំឡូងមី ៩៥ ហ.ត , ដំណាំរួមផ្សំ ៧ ហ.ត លិចផ្លូវ ៦១ កន្លែង ប្រវែង ២១.៨៥០ ម៉ែត្រ និងលិច អណ្តូងស្នប់ ចំនួន ១ កន្លែង ។
ចំណែកស្រុកថ្មពួក ប៉ះពាល់លំនៅដ្ឋាន ចំនួន ៤.២៣៦ ខ្នង , មនុស្សរាយ ១១.៧៥៦ នាក់ / ស្រី ៩.០៤៩ នាក់ ( ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ៩៦ គ្រួសារ ) លង់ទឹកស្លាប់ចំនួន ២ នាក់ , សាលារៀន ១៣ កន្លែង , វត្តចំនួន ៨, លិចស្រូវ ៥.២២៩ ហ.ត , ដំឡូងមី ៧.៥០២ ហ.ត , ដំណាំរួមថ្សំ ២១ ហ.ត , លិចផ្លូវ ១១៣ កន្លែង ប្រវែង ៧.៧៦២ ម៉ែត្រ ៕/V/Ha