ក្រសួងសន្តិសុខបាននិយាយនៅថ្ងៃពុធទី២១តុលាថា មនុស្ស ៩ នាក់ រួមទាំងមន្រ្តីប៉ូលិសម្នាក់បានស្លាប់នៅក្នុងប្រទេសហ្គីណេស្ថិតនៅអាហ្រ្វិកខាងលិច បន្ទាប់ពីមានភាពចលាចលប៉ុន្មានថ្ងៃក្រោយការបោះឆ្នោតប្រធានាធិបតីកាលពីចុងសប្តាហ៍ដ៏តានតឹង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានចង្អុលបង្ហាញអំពីការបាញ់ប្រហារ និងការចាក់នឹងកាំបិតនៅក្នុងរដ្ឋធានីកូណាគ្រីនិងកន្លែងផ្សេងទៀតនៅក្នុងប្រទេសចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។
ក្រសួងបាននិយាយថា “យុទ្ធសាស្រ្តនៃភាពវឹកវរនេះត្រូវបានរៀបចំឡើងដើម្បី ធ្វើឱ្យអន្តរាយដល់ការបោះឆ្នោតថ្ងៃទី ១៨ ខែតុលា” ដោយបន្ថែមថា មនុស្សជាច្រើនបានរងរបួស ហើយទ្រព្យសម្បត្តិជាច្រើនបានខូចខាត។
ការប៉ះទង្គិចគ្នាបានកំពុងបន្តកើតមាននៅទីក្រុងកូណាគ្រីកាលពីថ្ងៃពុធ កន្លែងដែលមន្រ្តីសន្តិសុខម្នាក់ឈ្មោះ ម៉ាម៉ាឌូ កេហ្គាណាន ឌូមប៊ូយ៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាយ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់។
ហើយគ្រូពេទ្យម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា គាត់បានទទួលសាកសព ចំនួន ២ នាក់និងមនុស្សរបួស ៩ នាក់នៅគ្លីនិករបស់គាត់។
អំពើហិង្សានេះកើតឡើងបន្ទាប់ពីការបោះឆ្នោត ដែលប្រធានាធិបតី អាល់ហ្វា ខុនដេ ឈរឈ្មោះសម្រាប់អាណត្តិទី ៣ នៅក្នុងការប្រជែងដ៏ចម្រូងចម្រាសមួយដែលបាន បង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំរួចទៅហើយ។
ជាមួយភាពតានតឹងកំពុងកើនឡើងខ្ពស់រួចជាស្រេច មេដឹកនាំបក្សប្រឆាំងរបស់ហ្គីណេ លោក សែលលូ ដាលៀន ដែលឡូ កាលពីថ្ងៃចន្ទបានប្រកាសជ័យជម្នះនៅក្នុង ការបោះឆ្នោត មុនពេលលទ្ធផលផ្លូវការគ្រោងនឹងប្រកាសនៅសប្តាហ៍នេះ។
ក្រុមអ្នកគាំទ្របក្សប្រឆាំងមានមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតនេះ ទោះបីរដ្ឋាភិបាលទទូចថាវាត្រឹមត្រូវក៏ដោយ។
ភាពតានតឹងភាគច្រើននៅហ្គីណេគឺពាក់ព័ន្ធនឹងបេក្ខភាពរបស់លោកខុនដេ។
កាលពីខែមីនា ប្រធានាធិបតីអាយុ ៨២ ឆ្នាំរូបនេះបានជំរុញតាមរយៈរដ្ឋធម្មនុញ្ញថ្មីដែល លោកអះអាងថានឹងធ្វើទំនើបកម្មប្រទេស។ ទោះយ៉ាងណា វាក៏អនុញ្ញាតឱ្យគាត់ ឆ្លងហួសការកំណត់ចំនួនតែ២អាណត្តិសម្រាប់ប្រធានាធិបតីផងដែរ។
កម្លាំងសន្តិសុខបានបង្ក្រាបការធ្វើបាតុកម្មទ្រង់ទ្រាយធំដែលប្រឆាំងនឹងចំណាត់ការរដ្ឋធម្មនុញ្ញនេះ ចាប់ពីខែតុលាឆ្នាំមុន ដែលបានសម្លាប់មនុស្សរាប់សិបនាក់។
កាលពីថ្ងៃពុធ ផ្សែងខ្មៅបានហុយឡើងនៅលើមេឃនៅទីតាំងរឹងមាំរបស់ ក្រុមប្រឆាំងនៅក្នុងរដ្ឋធានីកូណាគ្រី កន្លែងដែលក្រុមអ្នកតវ៉ាបាន ដាក់របាំងនិងដុតភ្លើង។
យុវជននៅតាមផ្លូវឌឿងហែមតូចៗក៏បានគប់ដុំថ្មដាក់មន្រ្តីប៉ូលិសដែលឈរជើងនៅផ្លូវធំ ដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកតបតវិញ។
ក្រសួងសន្តិសុខបានបញ្ជាក់ថា “មន្ត្រីប៉ូលិសម្នាក់ត្រូវបានរឹតករហូតដល់ស្លាប់” នៅជាយក្រុងកូណាគ្រី ដោយមិនបានបញ្ជាក់ពីពេលវេលានៃការវាយប្រហារនោះទេ។
នៅក្នុងសារបង្ហោះតាមបណ្តាញសង្គមកាលពីព្រឹកថ្ងៃពុធ លោកខុនដេ បានអំពាវនាវ ឱ្យមានភាពស្ងប់ស្ងាត់និងស្ងប់អារម្មណ៍ ខណៈរង់ចាំលទ្ធផលនៃដំណើរការ បោះឆ្នោត”៕ ដោយ ៖ កញ្ញាដាលីស/Ha