ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក សុខ ដារ៉ូ ប្រធានការិយាល័យ ប្រយុទ្ធប្រឆាំងជំងឺសត្វ និងលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង សហការជាមួយពេទ្យសត្វ ស្រុកកំពង់លែង បានចុះត្រួតពិនិត្យ ការចិញ្ចឹមគោក្របី និងផ្សព្វផ្សាយពី វិធានការពារជម្ងឺអុតក្តាម នៅភូមិឯលិច ភូមិកណ្តាល និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក សុខ ដារ៉ូ បានផ្ដាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ដែលចិញ្ចឹមគោក្របី ត្រូវចេះយកចិត្តទុកដាក់ថែទាំ និងត្រួតពិនិត្យសុខភាព ការផ្តល់ចំណី ឲ្យបានល្អប្រសើរ។
ចំណែក លោក ហ៊ុន លី ក៏បានផ្សព្វផ្សាយពីជំងឺឆ្លង វិធានការការពារជំងឺអុតក្តាម និងណែនាំការរៀបចំ ទុកដាក់ចំបើង និងអនាម័យកន្លែងចិញ្ចឹម ឲ្យបានល្អ កុំលែងឲ្យដើរស៊ី ពាសវាល ពាសកាល ជៀសវាងការឆ្លងជំងឺ ពីសត្វមួយ ទៅសត្វមួយ ។

ក្រុមការងារ បានសម្រេចលទ្ធផល គឺចុះផ្សព្វផ្សាយបាន ចំនួន ៣ ភូមិ និងមានប្រជាពលរដ្ឋ ចូលរួមចំនួន ៥៥ គ្រួសារ ហើយមានចំនួនសត្វ សរុប ៤.០៣៤ ក្បាល សត្វឈឺសរុប ២.៦៣៣ ក្បាល ជាបាន ៩៣៨ នឹងកំពុងព្យាបាលបន្ត សរុប ចំនួន ១.៦៩៥ ក្បាល។ ក្នុងនោះ ១.ភូមិឯលិចសត្វ សរុប ១.៦៥០ក្បាល ជាបាន ៣៥០ ក្បាល ។ ២.ភូមិកណ្តាល សត្វសរុបចំនួន ១.២៨៨ ក្បាល ជាបានចំនួន ២៧៨ ក្បាល។ ៣.ភូមិធ្លកសត្វ សរុប ១.០៩៦ ក្បាល ជាបាន ៣១០ ក្បាល ។
លោក សុខ ដារ៉ូ និងលោក ហ៊ុន លី ព្រមទាំងក្រុមការងារ ក៏បានប្រគល់ថ្នាំ និងសម្ភារមួយចំនួន ដល់ក្រុមការងារពេទ្យសត្វភូមិ ដើម្បីយកទៅព្យាបាលបន្ត ដល់សត្វគោក្របី របស់ប្រជាពលរដ្ផ នៅក្នុងភូមិរបស់ខ្លួន ដែលកំពុងកើត ជំងឺអុតក្ដាមនោះ ៕/V


