អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានវិលត្រឡប់មករកយុទ្ធនាការឃោសនា បោះឆ្នោតវិញកាលពីថ្ងៃពុធ (២១ តុលា) ដោយបើកការវាយប្រហារយ៉ាងខ្លាំង ទៅលើលោកដូណាល់ ត្រាំ ខណៈសល់ពេលមិនដល់ ២ សប្តាហ៍នឹងឈានដល់ថ្ងៃ បោះឆ្នោត ដែលត្រាំនឹងត្រូវប្រឈមនឹងលោកចូ បាយដិន។
ថ្លែងនៅក្នុងពិធីជួបជុំនៅទីក្រុងហ្វីឡាដែលហ្វៀជំនួសមុខឱ្យលោកបាយដិន លោកអូបាម៉ា បានរិះគន់យ៉ាងខ្លាំងទៅលើអ្នកស្នងតំណែងពីគាត់ ដោយផ្តោតលើ វោហារសាស្ត្របំបែកបំបាក់និងកំណត់ត្រារបស់ត្រាំនៅក្នុងការិយាល័យពងក្រពើ។
លោកអូបាម៉ាបាននិយាយអំពីលោកត្រាំយ៉ាងដូច្នេះថា “គាត់មិនបានយកចិត្តទុកដាក់ បំពេញការងារឬជួយដល់នរណាម្នាក់ក្រៅពីខ្លួនគាត់ផ្ទាល់នោះទេ”។
លោកអូបាម៉ា ដែលគ្រប់គ្រងប្រទេសរយៈពេលពីរអាណត្តិនិងនៅតែជា ឥស្សរជនមានប្រជាប្រិយភាពបំផុតនៅក្នុងគណបក្សប្រជាធិបតេយ្យ បានបន្ទោសលោកត្រាំចំពោះការគ្រប់គ្រងមិនបានល្អលើជំងឺរាតត្បាត ដោយកត់សម្គាល់ថា លោកប្រធានាធិបតីផ្ទាល់បានធ្លាក់ខ្លួនជារងគ្រោះ ដោយសារវីរុសកូរ៉ូណាផងដែរ។
លោកបាននិយាយថា “ដូណាល់ត្រាំនឹងមិនការពារពួកយើងភ្លាមៗនោះទេ។ គាត់ថែមទាំងមិនអាចចាត់វិធានការដើម្បីការពារខ្លួនគាត់បានផង”។
លោកនិយាយថា លោកត្រាំបានបង្ហាញថាខ្លួនគាត់ “គ្មានសមត្ថភាពក្នុងការយកចិត្តទុកដាក់លើការងារនេះទេ។ នេះមិនមែនជាកម្មវិធីជីវិតពិតលើកញ្ចក់ទូរទស្សន៍ទេ។ នេះជាតថភាពពិតជាក់ស្តែង”។
លោកបន្តថា “ហើយយើងទាំងអស់គ្នាត្រូវរស់នៅជាមួយនឹងផលវិបាកពីការដែលគាត់ខំប្រឹងសបញ្ជាក់ថាខ្លួនគាត់មិនមែនអសមត្ថភាពក្នុងការងារ”។
ដោយជំរុញឱ្យអ្នកបោះឆ្នោតកុំទាន់អាលអរ លោកបានព្រមានអំពីកំហុសនៅក្នុងការស្ទង់មតិ មុនពេលត្រាំទទួលបានជ័យជម្នះយ៉ាងភ្ញាក់ផ្អើលក្នុងឆ្នាំ២០១៦។
លោកអូបាម៉ានិយាយថា “យើងមិនត្រូវដេកអរនោះទេ។ ខ្ញុំមិនខ្វល់អំពីការស្ទង់មតិស្អីនោះទេ។ មានការស្ទង់មតិច្រើនណាស់កាលពីមុន។ វាគ្មានប្រយោជន៍ស្អីទេ។ ពីព្រោះមនុស្សច្រើនណាស់សម្ងំដេកនៅផ្ទះ ហើយខ្ជិលច្រអូសនិងត្រេកអរជាមុន។ លើកនេះសូមកុំដេកអរ។ សូមកុំដេកអរក្នុងការបោះឆ្នោតលើកនេះ”។
ការបង្ហាញខ្លួនរបស់លោកអូបាម៉ាគឺដើម្បីបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយលោកបាយដិន ដែលស្នាក់នៅក្នុងផ្ទះនៅរដ្ឋដេឡាវែចាប់តាំងពីថ្ងៃចន្ទសម្រាប់ការប្រជុំនិងការត្រៀមខ្លួនមុនការជជែកដេញដោលរបស់លោកនៅថ្ងៃព្រហស្បតិ៍ទី២២តុលាជាមួយលោកត្រាំនៅទីក្រុងណាស់វីល រដ្ឋថេនណេសស៊ី៕ ដោយ ៖ កញ្ញាដាលីស/Ha
