ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: កំណាត់ផ្លូវជាតិលេខ៥, ផ្លូវនានាក្នុងប្រជុំក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបន្តផ្អាកបណ្តោះអាសន្នចូលថ្ងៃទី២ហើយនូវរថយន្តធុនធ្ងន់ ក្នុងពេលទឹកជំនន់ហូរលិចនិងហូរកាត់។

មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែតប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២២ខែតុលាថា៖ ការផ្អាកបណ្តោះអាសន្នបានធ្វើពីថ្ងៃទី២០ខែតុលាមក បន្ទាប់ពីអាងទឹកអូរខៃដន បានឡើងកម្រិតទឹកយ៉ាងគំហុក បណ្តាលលិចភូមិឋានពលរដ្ឋនៅបណ្តាយអូរជ្រៅ(ព្រំដែនកម្ពុជា ថៃ) រួចបុកឡើងបណ្តាលបាក់ទំនប់អាងអូរខៃដន រួចច្រាលមកលិចផ្លូវដែកនិងផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមដើមពោធិ៍លោកយាយម៉ៅ ភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាល ដល់ផ្លូវបំបែកទៅសិរីសោភ័ណ និងម៉ាឡៃ នៃផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៨ (កូនដំរី )។
ប្រភពបន្តថា៖ មកទល់ព្រឹកថ្ងៃទី២២ខែតុលា ទឹកជំនន់នៅក្រុងប៉ោយប៉ែត កន្លែងខ្លះបានបន្តហក់ឡើង តែកន្លែងខ្លះបានស្រកដែរ។ នេះបើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

លោកបានបន្តថា៖ ស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមិនមានទេ តែទឹកជំនន់ស្រុងចុះពីស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ នៅបន្តមក តែមិនគំហុកខ្លាំងទេ។ ចំពោះចរាចរណ៍ចេញចូលក្រុងប៉ោយប៉ែត សម្រាប់យានយន្តធុនស្រាល និងយានផ្សេងទៀត ដែលហ៊ានប្រថុយផ្លូវជាតិលេខ៥ ដែលត្រូវទឹកជំនន់បាក់ទំនប់អាងូរខៃដន អាចធ្វើដំណើរបាន។
ប៉ុន្តែរថយន្តធំធុនធ្ងន់ត្រូវបង្វែរឲ្យចរាចរណ៍តាមផ្លូវជាតិលេខ៥៨ ដោយចេញពីរង្វង់មូលស្ទឹងបត់ ទៅជើងសសៀរតាមបណ្តោយព្រំដែន ហើយចេញតាមរង្វង់មូលបឹងត្រកួនកាត់ផ្លូវខេត្តលេខ២៥៦៣ ហើយបត់នៅទីរួមស្រុកថ្មពួកតាមផ្លូវជាតិលេខ៥៨ ទៅក្រុងសិរីសោភ័ណ ហើយដល់ភ្លើងស្តុបទី១ ត្រូវបត់ទៅកើតតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តសៀមរាប។ ព្រោះថា ផ្លូវជាតិលេខ៥ កំណាត់សិរីសោភ័ណ-មង្គលបូរី-អូរញរ (ព្រំប្រទល់ខេត្តបាត់ដំបង) ត្រូវបន្តផ្អាកចរាចរណ៍បណ្តោះអាសន្នបន្តទៀត ត្បិតស្ថានភាពទឹកជំនន់បន្តហក់ឡើងលិចផ្លូវនេះច្រើនចំណុចបន្ថែម៕ ល/Ha