ដោយ: តារារិទ្ធ / បន្ទាយមានជ័យ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនគឺជាគណបក្សដែលរួមសុខរួមទុក្ខជាមួយប្រជាជន។ វាខុសពីគណបក្សផ្សេង សូម្បីតែពាក្យមួយម៉ាត់សម្ដែងនូវមរណទុក្ខ សម្ដែងនូវការសោកស្ដាយចំពោះការលិចលង់ក៏គេមិនបាននិយាយផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីចែកជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួនជាង ៥០០០គ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជន គឺជាគណបក្សដែលរួមសុខរួមទុក្ខជាមួយប្រជាជន។ អ្នកខ្លះរួមតែសុខទេ ពេលមានទុក្ខរត់ចោល សូម្បីតែពាក្យមួយម៉ាត់សម្ដែងនូវមរណទុក្ខ សម្ដែងនូវការសោកស្ដាយ ចំពោះការលិចលង់ក៏គេមិនបាននិយាយផង”។

ប៉ុន្តែសម្រាប់គណបក្សប្រជាជន ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ អស់រយៈពេល៣១ឆ្នាំ យើងនៅតែបន្តប្រពៃណីនេះបន្តទៀត។ ចំណុចនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់នៅពេលណាដែលប្រជាជនជួបការលំបាកតែងមានវត្តមានជានិច្ច នៃមន្ត្រីគណបក្សប្រជាជន។
សម្តេចតេជោបន្តថា “សម្រាប់ខ្លួនខ្ញុំ គឺខ្ញុំគ្មានទម្លាប់រត់ចោលប្រជាជននៅពេលដែលប្រជាជនកំពុងជួបការលំបាកទេ។ ខ្ញុំនៅចាំបានថា នៅពេលទឹកជំនន់ឆ្នាំ២០០០ ខ្ញុំប្រើពេល៦៨ថ្ងៃ ដោយមិនគិតការលំបាក ដើម្បីសង្គ្រោះប្រជាជន នៅពេលនោះ ទឹកជំនន់មានទំហំដ៏ធំរាប់មឺនគ្រួសារ”។

សម្តេចបន្តថា តែពេលនេះគឺយើងមានត្រឹមតែប៉ុន្មានម៉ឺមនគ្រួសារតែប៉ុណ្ណោះ។ ដូច្នេះពាក្យរួមសុខរួមទុក្ខនេះ ភ្ជាប់ទៅជាមួយនឹងពាក្យខ្មែរយើងនិយាយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក។ ភាសាខ្មែររបស់យើងត្រូវរៀនសង្កេតមើលឥរិយាបថនៃការទទួលខុសត្រូវ។ ខ្មែរយើងគឺបានភ្ជាប់គ្នារវាងពាក្យទទួលខុសនិងត្រូវ ដូចគ្នានឹងពាក្យរួមសុខរួមទុក្ខដូចគ្នាដែរ។ ពេលប្រជាជនបានសុខសប្បាយមិនសូវឃើញមុខ ហ៊ុន សែន ក៏ប៉ុន្តែបើប្រជាជនមានទុក្ខមានមុខ ហ៊ុន សែន ហើយអាហ្នឹងគឺជាទម្លាប់ មិនមែនរឿងថ្មីរបស់ហ៊ុនសែនទេ ក៏ប៉ុន្តែនេះជាឥរិយាបថដែលខ្ញុំបានធ្វើសកម្មភាពនេះ បើប្រជាជនកំពុងតែលំបាក យើងត្រូវរួមទុក្ខជាមួយគាត់៕ ល/Ha




