ទឹកភ្លៀង​លិច​ក្នុង​បុរី និង​តំបន់​មួយចំនួន គួរតែ​លើកយក​គិតគូរ​ឡើងវិញ​

ដោយ​:​លី ម៉េង​ហួរ​៖ ចាប់តាំងពី​ភ្លៀង​ធ្លាក់​ខ្លាំង កាលពីដើម​ខែតុលា​នេះ ទឹកភ្លៀង បាន​លិច​ផ្លូវ តំបន់​ទំនាប​មួយចំនួន រួមទាំង​ផ្ទះល្វែងក្នុង​បុរី​ខ្លះ នៅ​រាជធានី​ភ្នំពេញ​។ ទឹកភ្លៀង​លិច​ផ្លូវ និង​តំបន់​ទំនាប​ខ្លះ​នោះ កើតឡើង​យូរ​ឆ្នាំ​មកហើយ ដោយសារតែ​ភ្លៀង​ខ្លាំងពេក​ទឹក​ហូរ​មិនទាន់​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ទឹកភ្លៀង ក៏បាន​ជន់​លិច​ផ្ទះល្វែង នៅតាម​បុរី​មួយចំនួន​ឃើញ​ហើយគួរ​ឲ្យ​ស្លុត​ដោយសារតែ​ជម្រៅ​ទឹក​ហួស​ពី​ការ​នឹកស្មាន​។​

​រាប់​មាន​ភ្លៀង​ខ្លាំងកាលពី​ថ្ងៃ​១១ ខែតុលា បុរី​ពិភពថ្មី នៅ​ត្រពាំង​ថ្លឹង ជាប់​នឹង​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ទឹកភ្លៀង ជន់​លិច ដែល​ផ្ទះ​ខ្លះចូលដល់​ក្នុងផ្ទះ​ត្រឹម​ជង្គង់​។ ភ្លៀង​ចេះតែ​បន្តលិច​តំបន់​ជាច្រើន​នៅ​ភ្នំពេញ​ក៏​បណ្តាល​ឲ្យទឹកភ្លៀង ដែល​មិនមាន​កន្លែង​ហូរ បន្ត​នៅ​លិច​ផ្លូវ និង​ផ្ទះ ក្នុង​បុរី​ពិភពថ្មី រហូតដល់​ថ្ងៃទី​២១ ខែតុលា ។​

​ដោយឡែក បុរី​ពិភពថ្មី នៅ​ជិត​រង្វង់​មូល​កួរស្រូវ រួមទាំង​បុរី VIP ក្នុង​ខណ្ឌដង្កោ ក៏​ទទួលរង​នូវការលិចលង់​ធ្ងន់ធ្ងរ ដោយសារតែ​ជំនន់​ទឹកភ្លៀង ហូរ​មកពី​ស្ទឹង​ព្រែក​ត្នោត ចាប់តាំងពី​យប់ថ្ងៃទី​១៣ ខែតុលា ។ នៅ​តំបន់​នោះ ទឹក​លិច​ខ្លាំង ចូលក្នុង​ផ្ទះល្វែង​រហូត​ដល់​ត្រឹម​ទ្រូង​មនុស្សចាស់ ក៏មាន​។​

​ជាការ​ពិត ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ភ្នំពេញ មិនមែន​កើតឡើង​តែ​នៅ​ឆ្នាំនេះ​ទេ​។ ក៏ប៉ុន្តែ​នៅ​តំបន់​មួយចំនួន ពិសេស​នៅ​បុរី​ពិភពថ្មី ត្រពាំង​ថ្លឹង គឺ​តាំងពី​កកើត​បុរី យូរ​ឆ្នាំ​មកហើយ​មិនដែល​មានទឹកភ្លៀងនៅ​លិច​ត្រាំត្រែង​ច្រើន​ថ្ងៃ ដូច​ពេលនេះ​ទេ​។​

​ប៉ុន្តែ​នៅពេលនេះ បឹង ប្រឡាយ​ខាងក្រោយ ជាប់​បុរី​ពិភពថ្មី ត្រពាំង​ថ្លឹង ជាប់​ផ្លូវ​វេ​ង​ស្រេង គឺ​ត្រូវបាន​គេ​ចាក់​លុប ដើម្បី​រៀបចំ​សាងសង់​បុរី​ផ្ទះល្វែង​។ ដូច្នេះហើយ ទើប​លែងមាន​កន្លែងទឹក​ហូរ​ចេញពី​បុរី ដូច​លើក​មុនៗ​។ ហេតុផល ដែល​ទឹក​លិច​នៅ​តំបន់​ផ្សេងទៀត នៅពេលនេះ ក៏​មិន​ខុសពី​ករណី​បុរី​ពិភពថ្មី ត្រពាំង​ថ្លឹង នោះឡើយ​។​

​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ម្តុំ​សាលាក្តី​ខ្មែរក្រហម បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​នៅ ចំណុច​អូរ​ឌឹ​ម ជាដើម ក៏ត្រូវ​ទឹកភ្លៀង​ជន់​លិច​រាំ​រ៉ៃ​យូរថ្ងៃ​មកហើយ​ដោយសារតែ​ការចាក់ដីលុប​ស្រះ បឹង ប្រឡាយ បណ្តាល​ឲ្យ​ស្ទះ​ផ្លូវទឹក​។ ម្យ៉ាងទៀត បុរី​ផ្ទះល្វែង ធ្វើ​ថ្មីៗ​នេះ សងខាង​ផ្លូវ ក៏​ខ្ពស់ជាង​ផ្លូវ បណ្តាល​ឲ្យ​ទឹក​នៅ​ដក់​លិច​ផ្លូវ​រាប់​ខែ​ដូច្នេះ​តែម្តង​។​

​ដូច្នេះ​ករណី​ទឹកភ្លៀង នៅ​ដក់​លិច​បុរី និង​តំបន់​ជាច្រើន​នៅ​ភ្នំពេញ នាពេលនេះ គួរតែ​អាជ្ញាធរ សមត្ថកិច្ច មាន​វិធានការ​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​កើតហេតុ​ការណ៍​ដដែលៗ នេះ​ទៀត​។ ក្នុងនោះ ស្រះ បឹង ប្រឡាយ​ផ្លូវទឹក ដែលមាន​ស្រាប់ ក៏​គួរ​រក្សាទុក ហើយ​កាយ​ស្តារ​ពង្រីក​បន្ថែម ដើម្បីបើកផ្លូវ​រំដោះ​ទឹក​។ រីឯ​ម្ចាស់​បុរី​ផ្ទះល្វែង ក៏​ត្រូវតែ​សិក្សា​ជាមួយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ដែនដី​ឲ្យ បានច្បាស់លាស់ មុននឹង​ចាក់ដី​លុប​តំបន់​ទំនាប ស្រះ បឹង ប្រឡាយ​។ ប្រព័ន្ធ​លូបង្ហូរទឹក និង​កន្លែង​ស្តុក​ទឹកស្អុយ ក៏​គួរតែរៀបចំ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​បុរី​ផ្ទះល្វែង ដែលមាន​ប្លង់រឹង បែរ​ក្លាយជា​បុរី​ផ្ទះល្វែងប្លង់​រាវ នៅពេល​មាន​ភ្លៀង​ដូច្នេះ​៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...