សិក្ខាសាលា​ស្តីពី “​ជម្រើស​ចាំបាច់​សម្រាប់​ជីវភាព​សហគមន៍​ក្នុងអំឡុង និង​ក្រោយពេល​កូ​វីដ​-១៩”

ដោយ​: មូល​សម្បត្តិ /​ភ្នំពេញ​: លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី “​ជម្រើស​ចាំបាច់​សម្រាប់​ជីវភាព​សហគមន៍​ក្នុងអំឡុង និង​ក្រោយពេល​កូ​វីដ​-១៩” ដោយមាន​ការចូលរួម​តំណាង​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន គណៈកម្មការ​បណ្តាញ​សហគមន៍ នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។ នេះ​តាម​ការផ្សាយ​ក្នុង​វេ​ប​សាយ​ក្រសួងបរិស្ថាន​នា​ថ្ងៃទី​២១​ខែតុលា​។​

​លោក ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ជា​សេនាធិការ​របស់​ក្រសួង បាន និង​កំពុង​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ និង​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន ក៏ដូចជា​ក្នុងការ​ចូលរួម​អភិរក្ស​តំបន់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ធម្មជាតិ និង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

​ក្នុងឱកាស​នោះ លោកស្រី ម៉ុម ថា​នី មានប្រសាសន៍ថា ការចូលរួម​របស់​ស​ហគ​មន៍​មូលដ្ឋាន គឺជា​ធាតុ​មួយ​យ៉ាងសំខាន់ និង​មិនអាច​ខ្វះ​បាន ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។ យ៉ាងណា​ម៉ិ​ញ ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ គឺ​ចាំបាច់ និង​តម្រូវឱ្យមាន​ការចូលរួម​ពី​សំណាក់​សហគមន៍​មូលដ្ឋាន​ផងដែរ ពីព្រោះថា ពួកគាត់​បានរស់នៅ​ក្បែ​រ និង​ក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​បាន​នឹង​កំពុង​ប្រើប្រាស់​ធនធានធម្មជាតិ សម្រាប់​បំពេញតម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ឈរ​នៅលើ​ទស្សនៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​សាធារណៈជន​ទូទៅ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​ការរៀបចំ​បង្កើត ជា​សហគមន៍​នេសាទ សហគមន៍​ព្រៃឈើ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែលជា​យុទ្ធសាស្ត្រ​សមស្រប សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ប្រកបដោយ​កាលានុវត្តភាព និង​ដោយ​ចីរភាព​។​

​លោកស្រី​រដ្ឋលេខាធិការ បញ្ជាក់ថា ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក និង​ប្រទេស​កម្ពុជា​ធ្វើឱ្យប៉ះពាល់​ផ្ទាល់​ដល់​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម រោងចក្រ​កាត់ដេរ សំណង់ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម អប់រំ សុខាភិបាល​។​ល​។ ដែល​ធ្វើឱ្យមាន​ការបាត់​បង់កា​រងារ និង​ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​។ ជាការ​ឆ្លើយតប រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ បាន​បង្កើត​នូវ​គណៈកម្មការ​ជាតិ​គណៈកម្មការ​អន្តរក្រសួង និង​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជធានី​-​ខេត្ត ដើម្បី​ជា​យន្តការ​ដឹកនាំ សម្របសម្រួល កំណត់​គោលនយោបាយ យុទ្ធសាស្ត្រ និង​បច្ចេកទេស​ពាក់ព័ន្ធ និង​អនុវត្ត​ផែនការ​ទប់ស្កាត់ និង​គ្រប់គ្រង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ ។ រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​ចាត់វិធានការ​ចាំបាច់​នានា ជាពិសេស គឺ​ការគិតគូ​លើ​តម្រូវការ​ជា​មូលដ្ឋាន នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​សិក្ខា​សាល​ទាំងអស់ នាពេលនេះ ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ជា​ប្រយោជន៍​សហគមន៍​រួម​នៅក្នុង​សហគមន៍ និង​ប្រទេសជាតិ​របស់​យើង ជាពិសេស​ស្នើឱ្យ​លោក លោកស្រី​ទាំងអស់ ចូលរួម​ជា​មតិយោបល់ ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ​អនុវត្ត​សកម្មភាព​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...