ដោយៈ សុខុម / ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែង បានចុះឃាត់គ្រឿងចក្រមួយគ្រឿង ពាក់ព័ន្ធករណីកាយប្រឡាយព្រំ ដើម្បីយកដីព្រៃរដ្ឋ អត់ប្លង់កម្មសិទ្ធិ ចេញដោយសុរិយោដីខេត្ត មានទំហំជាង ៥០ ហិកតា ក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ការបង្ក្រាប ករណីនេះ បន្ទាប់ពីមានបទបញ្ជា ពីលោកជេត ខេមរា ព្រះរាជអាជ្ញា អមសាលាខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា កម្លាំងនគរបាល ឃាត់គ្រឿងចក្រមួយគ្រឿង និងបានប្រគល់ឲ្យជំនាញ រដ្ឋបាលព្រៃឈើស្រុក កសាងសំណុំរឿងបន្ត កាលពីថ្ងៃទី១៨ ខែតុលា។ រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ ជំនាញរដ្ឋបាលព្រៃឈើផ្នែក ស្រុកថាឡាបរិវ៉ាត់ មិនទាន់បានធ្វើការដឹកជញ្ជូន គ្រឿងចក្រ មករក្សាទុកនៅឡើយទេ។
លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថាៈ គ្រឿងចក្រ ដែលខាងកម្លាំងនគរបាល ឃាត់នោះ ពុំទាន់បានយកចេញមកទេ ដោយសារគ្រឿងចក្រ បើកចេញពីកន្លែងទីតាំង ចម្ងាយជាង ៥០០ ម៉ែត្រ បានខូច ។ ម្យ៉ាងទៀត ដោយសារស្ថានភាពផ្លូវ ក្នុងរដូវធ្លាក់ភ្លៀង លំបាកខ្លាំង។
ប្រភពព័ត៌មាន បានឱ្យដឹងថា គ្រឿងចក្រពីរគ្រឿង គ្រោងសម្អាតព្រៃ យកដីពីរកន្លែងផ្សេងគ្នា មានទំហំប្រមាណជា ៨០ ហិកតា នៅភូមិសាស្ត្រឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។ នៅក្នុងនោះ គ្រឿងចក្រមួយគ្រឿង កំពុងតែឈួសផ្លូវចូល និងមួយគ្រឿងទៀត បានកាយប្រឡាយព្រំ លើផ្ទៃដីជាង ៥០ ហិកតា រួចរាល់ហើយ។ ដីជាង ៥០ ហិកតា ដែលគ្រឿងចក្រមួយគ្រឿង កាយព្រំ ដើម្បីឈូសឆាយ សម្អាតព្រៃនោះ ទំនងមិនទាន់មានប្លង់កាន់កាប់ ចេញដោយ សុរិយោដីខេត្ត នៅឡើយទេ ពីព្រោះថា ដីនៅព្រៃ ពុំទាន់មានដំណាំសោះ។ រីឯម្ចាស់ដី គឺជាអ្នកភ្នំពេញ ជិះរថយន្តទំនើបមួយគ្រឿង ចេញចូលមើលការខុសត្រូវ។ តែពេលឃើញសមត្ថកិច្ច ក៏បើករថយន្តគេចបាត់។

ដំបូង មេការម្នាក់ ឈ្មោះឌី បានយកគ្រឿងចក្រ ចំនួន២គ្រឿង ទៅសម្អាតព្រៃ ពីរកន្លែង នៅចំណុចខាងលើ។ ប៉ុន្តែសកម្មភាពជាក់ស្តែង គ្រឿងចក្រមួយគ្រឿង ទើបបានកាយព្រំ លើផ្ទៃដីទំហំជាង ៥០ ហិកតាហើយ។ ហេតុនេះហើយ កម្លាំងសមត្ថកិច្ច ដកហូតយកគ្រឿងចក្រ តែមួយគ្រឿងទេ ពីព្រោះថា បានធ្វើសកម្មភាព បទល្មើសជាក់ស្តែង និងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ពិនិត្យបន្ត។ ដោយឡែក មួយគ្រឿងទៀត មិនទាន់ធ្វើសកម្មភាពនៅឡើយទេ។ តែគេបានឃើញធ្វើផ្លូវចូល ទៅកាន់ដីទំហំជាង ៥០ ហិកតា។
មេការគ្រឿងចក្រ ឈ្មោះឌី បានអួតខ្លួនថា គ្រឿងចក្រដែលកំពុងតែកាយនោះ គឺធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ ហើយក៏បានសុំអនុញ្ញាត ពីសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន រួចហើយដែរ។ ថែមទាំងអួតថា ម្ចាស់ដីមានខ្នងធំណាស់ នៅក្រុងភ្នំពេញ។ ករណីនេះ មិនមានការឃាត់ខ្លួន អ្នកជាប់ពាក់ព័ន្ធឡើយ៕ ល/Ha

