នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃពុធទី២១តុលាថា លោកត្រៀមដកចេញការប្រើច្បាប់គ្រាអាសន្ននៅក្រុងបាងកក ដើម្បីបន្ថយកម្ដៅនយោបាយ តែបានស្នើសុំឲ្យពួកអ្នកប្រឆាំងតវ៉ាដែលបានមកជួបជុំគ្នារាល់ថ្ងៃនៅតាមដងវិថីនៃក្រុងបាងកកងាកមកធ្វើការដោះស្រាយគ្នាតាមរយៈសភា។
លោកបាននិយាយដូច្នេះក្នុងសុន្ទរកថាដែលត្រូវបានថតទុកជាមុនមួយហើយដែលត្រូវបានចាក់ផ្សាយក្នុងទូរទស្សន៍កាលពីយប់ថ្ងៃពុធ នៅពេលបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ដើរដង្ហែទៅកាន់វិមានរដ្ឋាភិបាល កន្លែងដែលប៉ូលិសដាក់ពង្រាយកម្លាំងការពារ។
បាតុកម្មភាគច្រើនដឹកនាំដោយពួកយុវជនដែលទាមទារឲ្យកែប្រែរដ្ឋធម្មនុញ្ញ ទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង និងកែទំរង់របបរាជានិយម ។ពួកគេបានមកជួបជុំគ្នាធ្វើការទាមទាររាល់ថ្ងៃនៅមួយសប្តាហ៍មកនេះ ទោះជារដ្ឋាភិបាលចេញច្បាប់ហាមប្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងនិងផ្តល់អំណាចដល់កងសន្តិសុខស្វែងរកនិងចាប់ខ្លួនមនុស្សនៅក្នុងរដ្ឋធានីក្តី។
ការជួបជុំតវ៉ា ជាទូទៅបានប្រព្រឹត្តទៅដោយអហិង្សាជាមួយនឹងការឡើងថ្លែងសុន្ទរកថាខ្លីៗថ្កោលទោសរដ្ឋាភិបាល និងលើកម្រាមដៃបង្ហាញការប្រឆាំងនឹងភាពផ្តាច់ការ។តែការចាប់ខ្លួនមេដឹកនាំចលនាប្រឆាំងតវ៉ានេះរាប់សិបនាក់ វាហាក់កាន់តែជំរុញការតវ៉ាប្រឆាំងខ្លាំងឡើង ដោយពួកគេមិនស្តាប់បម្រាមនិងមិនញញើតនឹងកម្លាំងប៉ូលិស។
ពួកបាតុករក្មេងៗបាននិយាយអំពីតម្រូវការឲ្យដាក់សិទ្ធិអំណាចរបស់ស្តេច មហា វ៉េចរ៉ាឡុងកន ស្របតាមឋានៈផ្លូវការរបស់ទ្រង់ក្នុងនាមជាព្រះរាជានៃរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ស្តេចថៃ ដែលត្រូវបានចាត់ទុកថាជាព្រះមហាក្សត្រមានបំផុតក្នុងលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណ៤០ពាន់លានដុល្លារ បច្ចុប្បន្នគ្រប់គ្រងអង្គភាពទ័ព២ដោយផ្ទាល់។
តែការទាមទារនេះជួបការប្រឆាំងជំទាស់ពីក្រុមរាជានិយម និងខ្លះបានចេញមកប្រវាយប្រតប់ជាមួយពួកប្រឆាំងតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតាមដងផ្លូវនៃក្រុងបាងកក។

ប៉ូលិសព្យាយាមបំបែកអ្នកប្រឆាំងតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នករាជានិយម(ពាក់អាវពណ៌លឿង)ក្នុងការប៉ះទង្គិចគ្នាមួយនៅក្រុងបាងកកកាលពីថ្ងៃ២១តុលា
លោកប្រាយុទ្ធ បាននិយាយកាលពីយប់ថ្ងៃពុធថា«ឥឡូវ ខ្ញុំត្រៀមដកចេញច្បាប់គ្រាអាសន្ននៅបាងកក ហើយនឹងធ្វើដូច្នេះភ្លាមបើមិនមានឧបទ្ទវហេតុហិង្សាទេ។អ្នកប្រឆាំងតវ៉ាបានបញ្ចេញសំឡេងនិងសម្តែងមតិរបស់់គេខ្លាំងណាស់រួចមកហើយ។ឥឡូវដល់ពេលពួកគេទុកឲ្យទស្សនៈរបស់គេសម្របសម្រួលជាមួយទស្សនៈរបស់ផ្នែកផ្សេងៗទៀតនៃសង្គមថៃតាមរយៈសភា។ខ្ញុំអំពាវនាវដល់គ្រប់ភាគីថា យើងត្រូវតែផ្សះផ្សារស្នាមរបួសមុនពេលវាក្លាយជាដំបៅជ្រៅខ្លាំង»។
តែមេដឹកនាំតវ៉ាម្នាក់លោក តាតេប រឿងប្រាផៃគិតសេរី បានប្រាប់សារព័ត៌មានបរទេសមួយថា «ប្រាយុទ្ធ ត្រូវតែចុះចេញពីតំណែងជាមុន ហើយវាជារឿងងាយធ្វើបំផុត»។
ក្នុងពេលជាមួយគ្នា ប៉ូលិសបានផ្សាយបន្តសេចក្តីប្រកាសក្នុងព្រឹត្តិបត្រព្រះបរមរាជវាំងមួយដែលប្រកាសថា សម័យប្រជុំសភាពិសេសមួយនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃ។
មានការព្រួយបារម្ភថា ជម្លោះតិចៗតែក្តៅងំនេះ អាចរាលដាលហួសពីការអាចគ្រប់គ្រងបាន ហើយទីបំផុតរុញទម្លាក់សេដ្ឋកិច្ចថៃដែលកំពុងជួបកំណើនអវិជ្ជមានដល់ទៅ៧ភាគរយ(-៧%)នៅឆ្នាំនេះដោយសារតែវិបត្តិសកលបង្កឡើងដោយវីរុសកូរ៉ូណា៕ប្រែសម្រួល៖វាសនា/Ha

ប្រាយុទ្ធ៖ យើងត្រូវតែឈានថយក្រោយចេញពីគែមនៃជម្រាលដ៏រអិលដែលងាយនឹងអោយយើងធ្លាក់ចូលក្នុងភាពវឹកវរ