ដោយ: គ្រញូង / បាត់ដំបង: កាលពីព្រឹក ថ្ងៃ ទី ២១ខែតុលាឆ្នាំ២០២០ លោក កាំង កុសល ប្រធានការិយាល័យលិខិតឆ្លងដែនសាខាបាត់ដំបង និងលោក នក់ គួយហុង ហៅ ម៉េង ជាអាជីវករបាននាំយកទេយ្យទានមួយចំនួនទៅប្រគេនព្រះចៅអធិការវត្តត្រស់ ស្ថិតក្នុងឃុំអូរតាគីស្រុកថ្មគោល ព្រមទាំងព្រះសង្ឃជាច្រើនអង្គដែលទឹកជំនន់លិចផ្លូវ និងដាច់ចង្ហាន់។

ព្រះតេជគុណព្រះ វិបុល មុនីហេងសុខន ចៅអធិការបានមានសង្ឃដីកាថា វត្តត្រស់ស្ថិតក្នុងភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោល ត្រូវទឹកជំនន់ជន់លិចផ្លូវមិនអាចឲ្យព្រះសង្ឃចេញបិណ្ឌបាត្របាន ហើយឧបាសកឧបាសិកាចំណុះជើងវត្ត ក៏មិនអាចយកចង្ហាន់មកប្រគេនដែរ ជាហេតុធ្វើឲ្យព្រះសង្ឃទូទាំងវត្តដាច់ចង្ហាន់ជាច្រើនថ្ងៃ។ ហេតុដូច្នេះហើយ ទើបព្រះចៅអធិការវត្តបានបិណ្ឌបាត្រសុំឲ្យសប្បុរសជនជួយ ជាពិសេសសាខាកក្រកខេត្តជួយឧបត្ថម្ភដល់វត្តផង។
បន្ទាប់ពីឮការអំពាវនាវភ្លាមលោក កាំង កុសល ប្រធានការិយាល័យលិខិតឆ្លងដែនសាខាបាត់ដំបង និងលោក នក់ គួយហុង ហៅម៉េង ជាអាជីវករបានមូលមតិគ្នាដើររៃអង្គាសពីសប្បុរសជន ដោយទទួលបានគ្រឿងឧបភោគ បរិភោគមួយចំនួន ក៏ដឹកតាមរថយន្តច្នៃ យកមកប្រគេនដល់ព្រះសង្ឃដែលគង់ចាំនៅវត្តត្រស់។
ព្រះចៅអធិការបានថ្លែងអំណរគុណដល់ម្ចាស់ទេយ្យទាន ដែលបានជួយឧបត្ថម្ភដល់ព្រះសង្ឃដែលកំពុងជួបនូវការខ្វះចង្ហាន់បានទាន់ពេលវេល៕ ល