អគ្គលេខាធិការអង្គការណាតូបាននិយាយកាលពីថ្ងៃពុធទី២១តុលាថា អង្គការណាតូកំពុងសាងសង់មជ្ឈមណ្ឌលអវកាសថ្មីមួយដើម្បីតាមដានអាវុធចិននិងរុស្ស៊ីដែលខ្លួនបារម្ភថាអាចនឹងព្យាយាមបាញ់ទម្លាក់ផ្កាយរណប។
លោក ជេន ស្តូលថិនបឺក បានព្រមានថា ប្រទេសទាំងពីរកំពុងបង្កើតប្រព័ន្ធប្រឆាំងផ្កាយរណប។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង ខណៈដែលឧត្តមសេនីយ៍ សឺ ផាទ្រីក សាន់ឌ័រ ជាប្រធានទីបញ្ជាការយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិអង់គ្លេសនិយាយថា ប្រទេសអង់គ្លេសកំពុងស្ថិតនៅក្រោមការគំរាមកំហែងដោយផ្ទាល់នៅក្នុងវិស័យអ៊ីនធឺណេត។
លោកបានបន្ថែមថា ចក្រភពអង់គ្លេសដើរមិនទាន់យុគសម័យសង្គ្រាមព័ត៌មានទេពីព្រោះកងកម្លាំងការពារជាតិគឺហួសសម័យទៅហើយ។
មណ្ឌលអវកាសនឹងស្ថិតនៅឯមូលដ្ឋានអាកាសរ៉ាមស្តាញក្នុងប្រទេសអាល្លឺម៉ង់ហើយនឹងប្រមូលព័ត៌មានអំពីការគំរាមកំហែងដែលអាចកើតមានចំពោះផ្កាយរណប។
លោកស្តូលថិនបឺកនិយាយថា “ប្រព័ន្ធផ្កាយរណបធ្វើឱ្យពិភពលោករបស់យើងដំណើរការតាមរបៀបជាច្រើន ដែលមនុស្សមិនធ្លាប់បានដឹងទេ។ ពាណិជ្ជកម្ម ការព្យាករណ៍អាកាសធាតុ ទូរស័ព្ទចល័ត និងប្រព័ន្ធធនាគារ ទាំងអស់នេះសុទ្ធតែពឹងផ្អែកលើផ្កាយរណប”។
លោកបន្តថា “ការប្រាស្រ័យទាក់ទងតាមផ្កាយរណបដែលមានល្បឿនលឿនប្រសិទ្ធភាពនិងសុវត្ថិភាពគឺចាំបាច់ណាស់សម្រាប់កងទ័ពរបស់យើង។ ប្រទេសខ្លះរួមទាំងរុស្ស៊ីនិងចិនកំពុងបង្កើតប្រព័ន្ធប្រឆាំងផ្កាយរណប ដែលអាចធ្វើឱ្យខូច បិទ ឬ បាញ់ទម្លាក់ផ្កាយរណប”៕ ដោយ ៖ កញ្ញាដាលីស