មន្ត្រីស៊ើបការណ៍កំពូលអាម៉េរិកព្រមានថាអ៊ីរ៉ង់និងរុស្ស៊ីកំពុងប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតី ដោយអ៊ីរ៉ង់បានផ្សព្វផ្សាយព័ត៌មានមិនពិតដល់អ្នកបោះឆ្នោតអាម៉េរិករួចទៅហើយ។
ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិលោក ចន រ៉ាតគ្លីហ្វ បាននិយាយនៅក្នុងសន្និសីទកាសែតយ៉ាងរហ័សមួយកាលពីថ្ងៃពុធទី ២១ ខែតុលាថា “យើងសូមបញ្ជាក់ថា ព័ត៌មានចុះឈ្មោះរបស់អ្នកបោះឆ្នោតមួយចំនួនត្រូវបានទទួលដោយអ៊ីរ៉ង់ និងរុស្ស៊ីដាច់ដោយឡែកពីគ្នា។ ទិន្នន័យនេះអាចត្រូវបានប្រើដោយតួអង្គបរទេសដើម្បីប៉ុនប៉ងបញ្ជូនបន្តនូវព័ត៌មានមិនពិត”។
លោករ៉ាតគ្លីហ្វនិយាយថា “យើងស្នើសុំឱ្យជនជាតិអាម៉េរិកទាំងអស់ចូលរួមចំណែករបស់ពួកគេដើម្បីការពារប្រឆាំងនឹងអ្នកដែលចង់ធ្វើបាបយើង ។ កុំអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនេះជះឥទ្ធិពលតាមដែលពួកគេចង់បាន”។
ព័ត៌មានរបស់អ្នកបោះឆ្នោតដែលទទួលបានដោយប្រទេសទាំងពីរនេះគឺអាចរកបានជាសាធារណៈហើយគ្មានការហ៊ែកចូលណាមួយនោះឡើយ នេះបើយោងតាមមន្ត្រីអាម៉េរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះរឿងនេះជាបញ្ហារសើប។
យោងតាមមន្ត្រីម្នាក់នោះបានឱ្យដឹងថា អ៊ីរ៉ង់បានផ្ញើអ៊ីមែលគំរាមទៅកាន់អ្នកបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យ ដែលអះអាងថាមកពីក្រុម Proud Boys ដែលជាក្រុមស្តាំនិយម។
លោករ៉ាតគ្លីហ្វ ដែលចូលរួមដោយនាយក FBI លោកគ្រីស្តូហ្វើ រ៉ាយ បាននិយាយថា អ៊ីរ៉ង់មានគោលបំណងបំផ្លាញការប្រឹងប្រែងដើម្បីជាប់ឆ្នោតមួយអាណត្តិទៀតរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។
លោកនិយាយថា “យើងបានឃើញអ៊ីរ៉ង់ផ្ញើរួចមកហើយនូវអ៊ីមែលក្លែងបន្លំ ដែលបង្កើតឡើងដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត ញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម និង បំផ្លាញលោកប្រធានាធិបតីត្រាំ”៕ ដោយ ៖ កញ្ញាដាលីស
