ដោយៈ សុផល / ភ្នំពេញៈ សាកលវិទ្យាល័យ និងស្ថាប័នអប់រំជប៉ុនជាច្រើន នឹងរៀបចំធ្វើពិព័រណ៍សិក្សា តាមអនឡាញ នៅថ្ងៃទី២៤ និង ២៥ ខែតុលា ឆ្នាំ២០២០ ។ កម្មវិធីនេះ រៀបចំដោយមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៥:៣០ ល្ងាច ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CJCC បានឱ្យដឹងថាៈ ពិព័រណ៍សិក្សានេះ នឹងផ្តោតទៅលើព័ត៌មាន ស្ដីពីការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅប្រទេសជប៉ុន។ នេះជាឱកាសល្អ សម្រាប់សិស្ស និស្សិត សាធារណជន និងអាណាព្យាបាលកម្ពុជា ដែលមានចំណាប់អារម្មណ៍ ឬមានបំណងបញ្ចូនកូន ទៅសិក្សា នៅប្រទេសជប៉ុន។
សិស្ស និស្សិត សាធារណជន និងអាណាព្យាបាល អាចអញ្ជើញចុះឈ្មោះ ចូលរួមពិព័រណ៍នេះ បានដោយសេរី និងឥតគិតថ្លៃ តាមរយៈ Zoom និងទស្សនាការផ្សាយផ្ទាល់ ពីហ្វេសបុកផេក របស់មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដើម្បីមានឱកាស ជួបប្រឹក្សាយោបល់ផ្ទាល់ ជាមួយនឹងអ្នកតំណាង មកពីសាកលវិទ្យាល័យល្បីៗ នៅប្រទេសជប៉ុន និងអ្នកតំណាង មកពីស្ថាប័នផ្សេងៗ ដែលមានវត្តមាន ក្នុងពិព័រណ៍នេះ។
ពិព័រណ៍នេះ មានការចូលរួមពី សាកលវិទ្យាល័យល្បីៗ នៅក្នុងប្រទេសជប៉ុន និងស្ថាប័នផ្សេងៗ ដូចជា៖
១.ការិយាល័យផ្ដល់ព័ត៌មាន ពីការសិក្សា នៅប្រទេសជប៉ុន ប្រចាំតំបន់អាស៊ាន (Study in Japan Regional Office in ASEAN)។
២. សាកលវិទ្យាល័យ អន្តរជាតិតូក្យូ (កម្មវិធីសិក្សា ជាភាសាអង់គ្លេស) (Tokyo International University, English Track Program)។
៣. សាកលវិទ្យាល័យក្យូតូ (កម្មវិធីថ្នាក់បរិញ្ញាប័ត្រអន្តរជាតិ) (Kyoto University International Undergraduate Program)។
៤. សាកលវិទ្យាល័យ អាស៊ីប៉ាស៊ីហ្វីក រីហ្ស៊ឹ មេកាំង (Ritsumeikan Asia Pacific University)។
៥. សាកលវិទ្យាល័យ រីហ្ស៊ឹមេកាំង (Ritsumeikan University)។
៦. សាកលវិទ្យាល័យគុម៉ាម៉ុតុ (Kumamoto University)។
៧. ស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា (Embassy of Japan in Cambodia) និង
៨. ការចែករំលែកបទពិសោធន៍ ពីនិស្សិតកម្ពុជា ដែលទៅសិក្សា នៅប្រទេសជប៉ុន។
សូមជម្រាបផងដែរថា ពិព័រណ៍ស្ដីពីការសិក្សា នៅប្រទេសជប៉ុននេះ ចាប់ផ្ដើមបង្កើតឡើង តាំងពីឆ្នាំ២០០៨ ដោយមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ក្រោមការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងស្ថាប័នផ្សេងៗទៀត។ សម្រាប់ពត៌មាន នៃការចុះឈ្មោះ អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ 077 34 35 43 ឬតាមរយៈសារអេឡិចត្រូនិច៖ [email protected] ៕ ល