ដោយៈសុវណ្ណភូមិ/ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានចូលរួមសហការជាមួយ កម្លាំងនាយដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ ចុះទៅពិនិត្យទីតាំងស្តុក ផលិតផលមួយកន្លែង ស្ថិតនៅផ្ទះលេខ G52 ផ្លូវGOLD ក្រុមទី៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការពិនិត្យទីតាំងស្តុកផលិតផលនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែតុលា ឆាំ្ន២០២០ ដោយមានការសម្របសម្រួល ពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយ។

ក្នុងទីតាំងនោះ សមត្ថកិច្ច បានរកឃើញថាៈ ផលិតផលកំពុងស្នើសុំចុះបញ្ជិកាប្រវេទន៍ រួមមាន៖ ១. CC Cream Sun ចំនួន៤០កេស ស្មើនឹង ៣.៥០០ ដប ,
២. DongBeak Facia Foam ចំនួន ២0 កេស ស្មើនឹង ៧.000 ដប , ៣. Body Lotion ចំនួន ៦០ កេស ស្មើនឹង ២.២០០ ដប , ៤. U Weel Lotion ចំនួន ១២ កេស ស្មើនឹង ១២០ ដប . ៥. Miracle Special Night Cream ចំនួន ៣០០ ដប , ៦. សំបកខ្លង ចំនួន ៨៥ ខ្លង ។

ចំណែកឯផលិតផល មានចុះបញ្ជិកាប្រវេទន៍ រួមមាន៖ ១. Honey សេរ៉ូមស្បែក ២៥០ ក្រាម ចំនួន ២០០ ដប , ២. Lip Stick ចំនួន ២០០ ដប , ៣. Honey Collagen Serum ចំនួន ១០០ ដប ។

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ ទីតាំងខាងលើ សមត្ថកិច្ច បានពិនិត្យឃើញថា ផលិតផលមួយចំនួន មិនមានលេខប្រវេទស៍ ពីក្រសួងសុខាភិបាល ត្រឹមត្រូវ ហើយដោយបានការឯកភាព ពីព្រះរាជអាជ្ញារង លោកចែ សុង កម្លាំងសមត្ថកិច្ច គ.ប.ផ.ក បានសម្រេចផ្អាកបន្ទប់ នៃទីតាំងស្តុក ខាងលើ បណ្តោះអាសន្ន និងបង្គាប់ម្ចាស់ទីតាំង ចូលបំភ្លឺនៅលេខាធិការដ្ឋាន គ.ប.ផ.ក ។

បច្ចុប្បន្ន វត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ច គ.ប.ផ.ក ចូលរួមវេចខ្ចប់ រក្សាទុកនៅក្នុងបន្ទប់ ខាងលើ ជាបណ្តោះអាសន្ន និងដកយកមួយចំនួន បញ្ចូនទៅនាយដ្ឋាន ប្រឆាំងផលិតផល ក្លែងក្លាយ នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និងចាត់ការបន្ត តាមនីតិវិធី ៕/b