ប៉ូលិសចាប់ផ្តើមស៊ើបអង្កេត បន្ទាប់ពីមានការបង្ហោះសារតាមបណ្តាញសង្គមទ្វីតធើដែល សំដៅលើកីឡាករ ជ័រឌែន ភីកហ្វដ (Jordan Pickford) និងកីឡាករ រីឆាលីសិន (Ri charlison) ។
អ្នកទាំងពីរសុទ្ធតែជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដ៏អាក្រក់ អំឡុងពេលប្រកួតកាលពីថ្ងៃសៅរ៍ ដែលបញ្ចប់ក្នុងលទ្ធផល ២-២ នៅពហុកីឡាដ្ឋាន Goodison Park ។
ភីកហ្វដ គេចផុតពីកាតក្រហម ប៉ុន្តែប្រហែលជាបានបញ្ចប់រដូវកាលរបស់ វើហ្គីល វ៉ាន ឌីក ស្របពេលកីឡាករសញ្ជាតិហូឡង់រូបនេះត្រូវការវះកាត់ដែលអាចខកខានការប្រកួតពេញមួយរដូវកាល។
ស្របពេលជាមួយគ្នានោះដែរ រីឆាលីសិន ក៏ទទួលការព្រមានផងដែរដោយសារតែទាក់ជើង ផ្តួលកីឡាករ ធីអាហ្គោ (Thiago) ដែលធ្វើឲ្យកីឡាកររូបនេះចាកចេញពីទីលានប្រកួត។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា “បច្ចុប្បន្ន យើងស៊ើបអង្កេតការបង្ហោះសារជាច្រើនដែល ទាក់ទិននឹងកីឡាករទាំងពីររូបនេះរបស់ក្លឹប Everton ។ ភាសារដែលប្រើប្រាស់នេះ គឺពិតជា មិនអាចទទួលយកបានទេ ហើយយើងចាត់ទុករឿងនេះថា ជារឿងធ្ងន់ធ្ងរ”។
អ្នកនាំពាក្យរូបនេះបាននិយាយថា “អ្នកដែលប្រើប្រាស់អ៊ីនធើណិត ដើម្បីផ្តោតគោលដៅលើ អ្នកផ្សេងហើយអ្នកដែលប្រព្រឹត្តិបទល្មើសដូចជាគំរាមកំហែងនិងប្រព្រឹត្តិបទឧក្រិដ្ឋដ៏គួរឲ្យស្អប់ ខ្ពើមនោះ គឺមិនអាចរួចពីសំណាញ់ច្បាប់បានទេ”៕ ប្រែសម្រួល: ពិសិដ្ឋ
