​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លី​ប៊ី ប្រារព្ធ ទិវា​សេរីភាព របស់​ពួកគេ​នៅ​ថ្ងៃទី ២៣ ខែ តុលា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួក​ឧទ្ទាម ដោយមាន​ការគាំទ្រ​ពី​កងទ័ព NATO ដែលមាន អាមេរិក ជា​ប្រមុខ ផ្តួលរំលំ​របប ហ្គា​ដា​ហ្វី ដែល​ពួកលោក​ខាងលិច​ទុកជា​ឆ្អឹង​ទទឹង ក របស់ ពួកគេ ។​

ភូមិ​សាស្ត្រា​-​ប្រជាសាស្ត្រ​
​ប្រទេស លី​ប៊ី មាន​ផ្ទៃដី ១.៧៥៩.៥៤០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់ អាហ្វ្រិក ខាងជើង មាន​ព្រំដែន​ជាប់ សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ , អេ​ហ្ស៊ី​ប , ស៊ូដង់ , ឆាដ , នី​ហ្សេ , អាល់​ហ្ស៊េ​រី និង ទុយ​ណេ​ស៊ី ។ ឆ្នាំ ២០២០ មាន​ប្រជា​ជិត​ជិត ៧ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម និកាយ ស៊ូ​នី ភាសាផ្លូវការ​គឺ​ភាសា អារ៉ាប់​ទំនើប រដ្ឋធានី​គឺ​ទីក្រុង ទ្រី​ប៉ូ​លី ។

ប្រវត្តិសាស្ត្រ
​ពួក​ប្រវត្តិវិទូ​អះអាងថា ទឹកដី​ដែលជា​ប្រទេស លី​ប៊ី បច្ចុប្បន្ននេះ មាន​មនុស្ស​រស់នៅ​តាំងពី ប្រមាណ​ជា ៨០០ ឆ្នាំមុន គ្រិស្តសករាជ​មកម្ល៉េះ ។ គិត​ត្រឹម ៦៣០ ឆ្នាំមុន​គ្រិស្តសករាជ ទឹកដី​នេះ ត្រូវបានធ្វើ​អាណានិគម​ដោយ ក្រិ​ក បុរាណ អស់​រយៈពេល​ប្រមាណ​ជា ២០០ ឆ្នាំ ។ ចាប់ពី​ឆ្នាំ ៥២៥ មុន​គ្រិស្តសករាជ ទឹកដី​នោះ បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ជន​ជាតិ ពែ​ក ( អ៊ីរ៉ង់ ) រហូតដល់ ៣៣១ ឆ្នាំ មុន គ្រិស្តសករាជ ក៏​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់ ក្រិ​ក វិញ​ហើយ​បាន ក្លាយជា​ខេត្ត​របស់ រ៉ូ​ម៉ាំង នៅ​ឆ្នាំ ៧៤ មុន​គ្រិស្តសករាជ ។ ចាប់ពី​នោះមក​ក៏មាន​ការផ្លាស់ប្តូរ អ្នកត្រួតត្រា​តំបន់​នោះ​ជា​ញឹកញាប់ ហើយ​ជាទូទៅ​គឺ​តាមរយៈ​ការដណ្តើម​គ្នា​ដោយ​ប្រើ​កម្លាំង​ទ័ព ។​

ទ្រី​ប៉ូ​លី អូ​តូ​ម៉​ង់
​លុះដល់​ឆ្នាំ ១៥១០ នៃ គ​.​ស តំបន់ ទ្រី​ប៉ូ​លី ត្រូវបាន​លុកលុយ​ដោយ អេ​ស្ប៉ា​ញ ។ នៅ​ឆ្នាំ ១៥៥១ ចក្រភព អូ​តូ​ម៉​ង់ ( ទួ​ក​គី ) បាន​ដណ្តើម​តំបន់​នោះ​ពី អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ដោយ​ខ្វះ​ការគ្រប់គ្រង ឱ្យបាន​ដិតដល់ ទើប​មាន​រដ្ឋប្រហារ​នៅ​តំបន់ ទ្រី​ប៉ូ​លី នោះ​ជា​ញឹកញាប់​រហូត​បង្កើត​ឯករាជ្យ តំបន់​នោះ រួមទាំង​សង្គ្រាម​ជា​បន្តបន្ទាប់ រវាង សហរដ្ឋ អាមេរិក និង​រដ្ឋ​នានា​នៅ​តំបន់​នោះ ដែល​ហៅថា សង្គ្រាម Barbary លើក​ទី ១ និង សង្គ្រាម Barbary លើក​ទី ២ ។ ប៉ុន្តែ​ទីបំផុត​តំបន់ នោះ ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ អូ​តូ​ម៉​ង់ វិញ​នៅត្រឹម​ឆ្នាំ ១៨៥៨ ។​

លី​ប៊ី អ៊ីតាលី​
​សង្គ្រាម អ៊ីតាលី​-​ទួ​ក​គី ពី​ឆ្នាំ ១៩១១-១៩១២ ញ៉ាំងឱ្យ​តំបន់​ទាំងនោះ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ អ៊ីតាលី វិញ​ម្តង ។ ពី​ឆ្នាំ ១៩១២ ដល់​ឆ្នាំ ១៩២៧ ទឹកដី​ដែលជា​ប្រទេស លី​ប៊ី បច្ចុប្បន្ននេះ មាន​ឈ្មោះថា អាហ្វ្រិក ខាងជើង​-​អ៊ីតាលី ។ ឆ្នាំ ១៩២៧ ដល់​ឆ្នាំ ១៩៣៤ ទឹកដី​នោះ​បែកបាក់​ទៅ ជា ២ ផ្នែក គឺ Italian Cyrenaica និង Italian Tripolitania ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល អ៊ីតាលី ដដែល ។ ឆ្នាំ ១៩៣៤ អ៊ីតាលី បានអនុម័ត​យកឈ្មោះ Libya ( លី​ប៊ី គឺជា​ឈ្មោះ​ដែល​ត្រូវបាន ប្រើ​ដោយ ក្រិ​ក បុរាណ សំដៅ​ដល់​តំបន់ អាហ្វ្រិក ខាងជើង ទាំងអស់ លើកលែងតែ ប្រទេស អេ​ហ្ស៊ី​ប ) ធ្វើជា​ឈ្មោះ​ផ្លូវការ​សម្រាប់​អាណានិគម​កិច្ច ( បង្កើតបានជា ៣ ខេត្ត គឺ​ខេត្ត Cyrenaica ខេត្ត Tripolitania និង ខេត្ត Fezzan ) ។​

​ក៏មាន​ចលនា​តស៊ូ​ប្រឆាំង​អាណានិគម អ៊ីតាលី ទៅលើ​តំបន់​ទាំង​នោះដែរ ហើយ​លោក Omar Mukhtar គឺជា​មេដឹកនាំ និង ជា​វិ​រ​បុរស​ជាតិ​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ លី​ប៊ី ។ ប៉ុន្តែ​គាត់​ត្រូវ បាន​ចាប់ខ្លួន និង កាត់ទោស​ប្រហារជីវិត​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៩៣១ ។ មុខ​របស់គាត់ ត្រូវបាន​បោះពុម្ព​នៅលើ​ក្រដាសប្រាក់ ១០ ឌី​ណា លី​ប៊ី ទុ​ជាការ​ចងចាំ​ង និង​ទទួលស្គាល់ នូវ​ការលះបង់​របស់គាត់​ចំពោះ​ជាតិ​មាតុភូមិ ។ ជនជាតិ លី​ប៊ី ប្រមាណ​ជា ៥០.០០០ នាក់ ត្រូវបាន​សម្លាប់​ដោយសារ​ការបង្ក្រាប​រប​ស់ អាណានិគម អ៊ីតាលី ។

​ខែ មិថុនា ឆ្នាំ ១៩៤០ អ៊ីតាលី បាន​ចូលខ្លួន​ទៅក្នុង​សង្គ្រាមលោកលើកទី ២ ហើយ លី​ប៊ី បានក្លាយ​ជាទី​តាំង​សមរភូមិ​ដ៏​ក្តៅគគុក​នៅ អាហ្វ្រិក​ខាងជើង ។ ចាប់ពី​ឆ្នាំ ១៩៤៣ លី​ប៊ី បាន​របូត​ចេញពី​ដៃ អ៊ីតាលី ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ សម្ព័ន្ធមិត្ត​វិញ រហូតដល់​ឆ្នាំ ១៩៥១ ដោយ អង់គ្លេស ជា​អ្នកកាន់កាប់​ខេត្ត Tripolitana និង ខេត្ត Cyrenaïca ចំណែក​ខេត្ត Fezzan នៅក្រោម ការត្រួតត្រា​របស់ បារាំង ហើយ អ៊ីតាលី បាន​ព្រម​លះបង់​សិទ្ធិ​របស់ខ្លួន​ទៅលើ លី​ប៊ី នៅក្នុង សន្ធិ​ស​ញ្ញ​ជាមួយ សម្ព័ន្ធមិត្ត ឆ្នាំ ១៩៤៧ គឺ​ដោយសារ អ៊ីតាលី ជា​អ្នកចាញ់​សង្គ្រាមលោកលើកទី ២ ។

ឯករាជភាព លី​ប៊ី​
​ទីបំផុត លី​ប៊ី បានប្រកាស​ឯករាជភាព​របស់ខ្លួន​នៅ​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៥១ ក្នុងឋានៈ​ជា លី​ប៊ី ចក្រភព អង់គ្លេស ហើយ​គឺជា ព្រះរាជាណាចក្រ អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយមាន​ព្រះរាជា Idris ។ ការរកឃើញ​អណ្តូងរ៉ែ​ប្រេងកាត នៅ​ឆ្នាំ ១៩៥៩ បានធ្វើឱ្យ​ជាតិ​សាសន៍​ដ៏​ក្រីក្រ​បំផុត​មួយ ក្នុង​លោក​នេះ ក្លាយទៅជា​រដ្ឋ​ដ៏​មានបាន ។ ទោះយ៉ាងណា ទ្រព្យសម្បត្តិ​ជាតិ គឺ​ស្ថិតនៅ​ក្នុងការ ក្តោប​ក្តាប់​របស់​ស្តេច Idris ទើប​បង្កើតបាន​ជាការ​មិន​ពេញចិត្ត​ជាច្រើន ឬ​អាច​និយាយ​ម្យ៉ាង ទៀតថា មាន​មនុស្ស​ជាច្រើន​ដណ្តើម​គ្នា​ចង់​កាន់កាប់ រ៉ែ​ប្រេងកាត ។​

​ដោ​យេ​ហ​តុ​នេះ នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៦៩ មេទ័ព​ឧទ្ទាម​មួយក្រុម ដឹកនាំ​ដោយ មូ​អា​ម៉ា ហ្គា​ដា​ហ្វ៊ី បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស្តេច Idris ដោយ​ជោគជ័យ និង ដោយ​គ្មាន​ការបង្ហូរ​ឈាម ។ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល អ៊ីតាលី នៅលើ​ទឹកដី លី​ប៊ី នៅ​ខែ តុលា ឆ្នាំ ១៩៧០ រាល់​ទ្រព្យ សម្បត្តិ​ដែលជា​កម្មសិទ្ធិ​របស់ ជនជាតិ អ៊ីតាលី ត្រូវបាន​ដកហូត ហើយ​សហគមន៍ អ៊ីតាលី ដ៏​ខ្លាំងក្លា ប្រមាណ​ជា ១២.០០០ នាក់ ត្រូវបាន​បណ្តេញ​ចេញពី លី​ប៊ី ស្របគ្នា​នឹង សហគមន៍ ជនជាតិ លី​ប៊ី ដើមកំណើត ជ្វី​ស មួយចំនួន​តូច​ទៀត ។

​ទ្រព្យសម្បត្តិ​របស់ លី​ប៊ី មាន​ភាពសម្បូរ ហើយ​ការបង្ក្រាប​ផ្នែក​នយោបាយ ផ្ទៃក្នុង ក៏​កើនឡើង ដែរ ហើយ​ទីបំផុត ការខ្វែងគំនិត​ផ្នែក​នយោបាយ ត្រូវបាន​កំណត់ថា​ជា​អំពើ​ខុស ច្បាប់ ពោល​គឺជា​របប​ផ្តាច់ការ ។ ការឃ្លាំមើល​ប្រជាពលរដ្ឋ ត្រូវបាន​អនុវត្ត​តាមរយៈ គណៈកម្មាធិការ បដិវត្តន៍ របស់ លោក ហ្គា​ដា​ហ្វ៊ី ។ ប៉ុន្តែ​របប​របស់លោក ហ្គា​ដា​ហ្វ៊ី បាន​លើកតម្កើង​តម្លៃ​ស្ត្រី ជាង​របប​មុនៗ ។

​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩៧៥ មេទ័ព ២០ បាន​ដឹក​នាំគ្នា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ ហ្គា​ដា​ហ្វ៊ី ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ហើយ​បាន​ចាប់ខ្លួន​កាត់ទោស​មេដឹកនាំ​ទាំងអស់ ។ អំឡុង​ឆ្នាំ ១៩៧៧ លី​ប៊ី មានទំនាស់​ប្រដាប់អាវុធ​ជាមួយ​ប្រទេស ឆាដ , អេ​ហ្ស៊ី​ប និង តង់​ហ្សា​នី ។ ហ្គា​ដា​ហ្វ៊ី​ក៏​ជា​អ្នកផ្តល់ ហិរញ្ញវត្ថុ​ដល់​ក្រុម ប្រឆាំងនឹង​អាវុធ​នុយ​គ្លី​អ៊ែរ ដែរ ។ ចាប់ពី​ឆ្នាំ ១៩៧៧ ទៅ ប្រាក់ចំណូល ប្រចាំឆ្នាំ​របស់​មនុស្សម្នា​ក់ៗ កើនឡើង​លើសពី ១១.០០០ ដុល្លារ គឺជា​ចំណូល​កម្រិត​ខ្ពស់ លំដាប់​ទី ៥ នៅ អាហ្វ្រិក ។ ចំណែក​កម្រិត​អភិវឌ្ឍន៍​ធនធានមនុស្ស​វិញ គឺមាន​កម្រិត​ខ្ពស់​ជាងគេ នៅ​អាហ្វ្រិក ហើយ​ខ្លាំងក្លា​ជាង អា​រ៉ា​ប៊ី សា​អ៊ូ​ឌី ទៅទៀត ។ ទន្លេ​សិប្បនិម្មិត​ដ៏​មហិមា ត្រូវបាន ស្ថាបនា​ឡើង ដើម្បី បង្ហូរ​ទឹកសាប ទៅ​ស្រោចស្រប់​ផ្នែក​ដ៏​ច្រើន​បំផុត នៃ​ផ្ទៃ​ប្រទេស ។​

​អ្វីដែល​ពិសេស​បំផុត​នោះ គឺថា​សមិទ្ធផល​ទាំងនេះ​សម្រេចបាន​ដោយ​គ្មាន​ការខ្ចីប្រាក់​ពី បរទេស​ឡើយ ពោលគឺ លី​ប៊ី ក្លាយជា​ប្រទេស​ដែល​គ្មាន​ជំពាក់​បំណុល​បរទេស​ដែល​នេះ​គឺជា ព្រឹត្តិការណ៍​ដ៏​កម្រ​បំផុត​មួយ​នៅក្នុង​លោក​សម័យ​ទំនើប ។

​ប៉ុន្តែ ហ្គា​ដា​ហ្វ៊ី មិនមែនជា​មនុស្ស​ជាទី​ពេញចិត្ត​ពី​សំណាក់​បណ្តា​ប្រទេស​លោកខាង លិច​ឡើយ ជាពិសេស ពី​សំណាក់​មហាអំណាច​លេខ ១ ក្នុង​លោក​គឺ សហរដ្ឋ អាមេរិក ។ ប្រការ​ទាំងនេះ គឺ​ដោយសារតែ ហ្គា​ដា​ហ្វ៊ី ការពារ​ប្រយោជន៍​ជាតិ​របស់គាត់ និង​ប្រយោជន៍​ជាតិ​សាសន៍​នៅ ជាប់​របង​គាត់ ហើយ ដើម្បី ធ្វើ​បែប​នោះបាន គឺ​គាត់​មិន​ឱនក្បាល​ចំពោះ​លោកខាងលិច​ឡើយ ។ ហេតុនេះ គាត់​ក៏​ដឹង​ច្បាស់​ដែរ​ថា គាត់​មុខជា​មិនបាន​សុខ​ឡើយ ។ ដូច្នេះ​ប្រាក់​ជាច្រើន​ត្រូវ បាន​ចំណាយ ដើម្បី ពង្រឹង​វិស័យ​យោធា គឺ​ដោយ​គាត់​បារម្ភ​អំពី​ក្រុម ឬ​ប្រទេស​ទាំងឡាយ ដែលមាន អាមេរិក នៅ​ពី​ក្រោយខ្នង ឬ អាមេរិក ដោយផ្ទាល់ នឹងធ្វើ​អមិត្ត​នឹង​គាត់ ។

​ពួកលោក​ខាងលិច ត្រូវការ​ជា​ចាំបាច់ នូវ​ប្រេងឥន្ធនៈ ដើម្បី​ផ្គង់​ផ្គង់​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច របស់​ពួកគេ ហើយ លី​ប៊ី ចាត់ទុកថា​ជា​ប្រភព​ប្រេង ឥន្ធនៈ ដ៏​សំខាន់​មួយ​ដែរ ។ ប៉ុន្តែ ដើម្បី ការពារ​ប្រយោជន៍​របស់ខ្លួន លោក ហ្គា​ដា​ហ្វ៊ី ចៀស​មិន​ផុតពី​ការធ្វើឱ្យ​ប៉ះពាល់​ដល់​ផល ប្រយោជន៍​របស់​ពួក​មហាអំណាច ។ ហេតុនេះ ពួក​មហា​អំ​ណា​លោកខាងលិច​បាន​ប្រើ​វិធី ជាច្រើន ដើម្បី ដកហូត ហ្គា​ដា​ហ្វ៊ី ចេញ ពី​អំណាច ហើយ​យក​អ្នកណា​ដែល​ស្តាប់បង្គាប់​ពួកគេ ( មហាអំណាច​លោកខាងលិច ) ឱ្យ​កាន់អំណាច​នៅ លី​ប៊ី ជំនួស ហ្គា​ដា​ហ្វ៊ី វិញ ។ ហេតុនេះ ក៏មាន​ការចោទប្រកាន់​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទម្លាក់​ទៅលើ​លោក ហ្គា​ដា​ហ្វ៊ី ដូចជា​ថា​រំលោភ បំពាន​សិទ្ធិមនុស្ស និង នៅ​ពី​ក្រោយខ្នង​ភេ​វរ​កម្ម​ជាដើម ។​

​ឆ្នាំ ១៩៨៦ អាមេរិក បើក​ការវាយប្រហារ​តាម​អាកាស​ប៉ុនប៉ង​សម្លាប់​លោក ហ្គា​ដា​ហ្វ៊ី ប៉ុន្តែ​មិនបានសម្រេច​ឡើយ ។ ទោះយ៉ាងណា ទីបំផុត លី​ប៊ី ត្រូវបាន​អង្គការសហ ប្រជាជាតិ (​ដែលមាន អាមេរិក​ជា​អ្នក​ញាក់ ) ដាក់ទណ្ឌកម្ម បន្ទាប់ពី​ចោទថា លោក ហ្គា​ដា​ហ្វី​ជា​អ្នក​នៅ​ពី​ក្រោយខ្នង ការ​បំផ្ទុះ​គ្រាប់បែក​ទៅលើ​យន្តហោះ​ពាណិជ្ជកម្ម ដែល​បានសម្លាប់​មនុស្ស ២៧០ នាក់ ។

សង្គ្រាមស៊ីវិល​ឆ្នាំ ២០១១
​ជា​ការណ៍​ពិតណាស់ ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា មហាអំណាច​លោកខាងលិច​បាន​លូកដៃ​កកូ កកាយ​កិច្ចការ​ផ្ទៃក្នុង​របស់ លី​ប៊ី ជ្រៅ​ទៅៗ ទើប​មាន​ចលនា​ប្រឆាំងនឹង ហ្គា​ដា​ហ្វ៊ី​ក៏​កាន់តែ ច្រើន​ទៅៗ និង ស្រួល​ស្រាល់​ទៅៗ រហូតដល់​បង្កើតបាន​ជា​ក្រុម​ឧទ្ទាម​ប្រឆាំង​របប ហ្គា​ដា​ហ្វ៊ី ដោយ​យក​ហេតុផល​ថា ហ្គា​ដា​ហ្វ៊ី បំពាន​សិទ្ធិមនុស្ស ។ ក្រុម​ឧទ្ទាម​នេះ​រហូត​ឈានដល់ បង្កើតជា​តំបន់​ស្វយ័ត​ទៀតផង ។ ទីប្រឹក្សា​ដ៏​ចំណាន​ម្នាក់​របស់លោក ហ្គា​ដា​ហ្វ៊ី​បានផ្តល់ យោបល់ ឱ្យ​លោក​គេចខ្លួន​ចេញពី​ប្រទេស ឬ ក៏ត្រូវ​បន្ទន់ឥរិយាបថ​ចំពោះ​លោកខាងលិច ពោលគឺ​រណប​លោកខាងលិច ។ ប៉ុន្តែ ដើម្បី អ្វីដែល​គាត់​ហៅថា ផលប្រយោជន៍ និង​សេរ​ភាព ជាតិ​របស់គាត់ ត្រូវ​លោក ហ្គា​ដា​ហ្វ៊ី បដិសេធ ជានិច្ច បើទោះជា​គាត់​ដឹងថា គាត់​ប្រហែលជា មិនបាន​សុខ​ក៏ដោយ ។​

​គិត​ត្រឹម​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១១ ភាពច្របូកច្របល់​បាន​រីក​រាលដាល​ដល់ទី​ក្រុង ទ្រី​ប៉ូ​លី ។ ថ្ងៃទី ២៧ ខែ និង ឆ្នាំ ដដែល​នោះ ក្រុម​ប្រឹក្សាជាតិ បណ្តោះអាសន្ន ត្រូវបាន​បង្កើតឡើង ដើម្បី គ្រប់គ្រង​តំបន់​ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម ( ត្រូវបាន​គេ​ដឹងថា ពួក​ឧទ្ទាម​នេះ គឺមាន​លោក ខាងលិច ជាពិសេស អាមេរិក នៅ​ពី​ក្រោយខ្នង ) ។ មាន​អ្នក​ច្រៀង មាន​អ្នក​បន្ទរ ! ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១១ បារាំង គឺជា​ប្រទេស​ទី ១ ដែល​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ក្រុម​ប្រឹក្សាជាតិ បណ្តោះអាសន្ន នោះ​ថា​ជា​តំណាង​ប្រជាពលរដ្ឋ លី​ប៊ី ។​កងទ័ព​គាំទ្រ ហ្គា​ដា​ហ្វ៊ី​បើក​ប្រតិបត្តិការ យោធា រុញច្រាន​ពួក​ឧទ្ទាម នៅ​ភាគ​ខាងលិច​ប្រទេស និង ក្រុង​ជាច្រើន​ទៀត​ស្ទើរតែ​ទៅដល់ ទីចាត់ការ​កណ្តាល​រប​ស់​ក្រុម​ឧទ្ទាម ។

​ពេលនោះ ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ រួមទាំង​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ បាន គី​-​មូ​ន និង ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផង បាននាំគ្នា​ចេញមុខ​ព្រោងព្រាត​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​នោះ​ថា​ជា​អំពើហិង្សា​ប្រឆាំង ច្បាប់​អន្តរជាតិ និង បណ្តេញ​តំណាង លី​ប៊ី ចេញពី​អង្គការសហប្រជាជាតិ​ទៀតផង ។ ចំណែក​ទង្វើ​ទាំងឡាយ​ដែល​ពួកគេ ( លោកខាងលិច ) បានធ្វើឱ្យ​មានការ​ឆាបឆេះ​សង្គ្រាម និង ការ​បំបែក​ប្រទេស​បែប​នោះ ពួកគេ​បែរជា​ចាត់ទុកថា ដើម្បី​ការពារ​សិទ្ធិមនុស្ស​ទៅវិញ ។​

​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១១ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ច្បាប់​លេខ ១៩៧៣ ដោយ​បង្កើត​តំបន់​គ្មាន​ការហោះហើរ​នៅ​ប្រទេស លី​ប៊ី ដោយ​និយាយថា នឹង​ប្រើ គ្រប់​មធ្យោបាយ​ដែល​ចាំបាច់ ដើម្បី ការពារ​ជន​ស៊ីវិល លី​ប៊ី ។ ប៉ុន្តែ​មាត្រា​ច្បាប់​នោះ ត្រូវបាន​អនុប្បវាទ​ដោយ រុស្ស៊ី , ចិន ( ទាំង ២ នេះ គឺជា​បងធំ​ក្នុងចំណោម បងធំ​ទាំង ៥ របស់​អង្គការសហប្រជាជាតិ ) ឥណ្ឌា , ប្រេ​ស៊ី​ល , និង អា​ល្លី​ម៉​ង់ ។ ច្បាប់​នេះឯង​ហើយ ដែល​ពួក​បរទេស ព្រួត​គ្នា​ទៅ​គូសវាស​បម្រាម​របស់ខ្លួន​នៅលើ​ទឹកដី​អ្នកដទៃ គឺ លី​ប៊ី ។​

​ថ្ងៃទី ១៩ ខែ និង ឆ្នាំ ដដែល​នោះ កងទ័ព​សម្ព័ន្ធមិត្ត​អង្គការ NATO ( ដែលមាន​អាមេរិក ជា​ប្រមុខ ) បាន​បើក​ការ​វាយកម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ លី​ប៊ី ខណៈ​កងទ័ព បារាំង​ជា​អ្នក​ចូល កម្ទេច​ដោយផ្ទាល់​នូវ​ទីតាំង​ទ័ពអាកាស​របស់ លី​ប៊ី ។ ប៉ុន្មាន​សប្តាហ៍​ជាប់ៗ​គ្នា​បន្ទាប់ពី​នោះមក អាមេរិក គឺជា​ប្រមុខ នៃ កងទ័ព NATO បាន​បើក​យុទ្ធនាការ​កងទ័ព​ប្រឆាំង លី​ប៊ី ។ រថក្រោះ និង យន្តហោះ​ចម្បាំង​របស់​អាមេរិក ជាង ៨.០០០ គ្រឿង នៅលើ​នាវាចម្បាំង​ត្រូវបាន​ដាក់ពង្រាយ នៅ​តំបន់​នោះ ។ យ៉ាងហោចណាស់ គោលដៅ​ចំនួន ៣.០០០ បាន​រង​ការវាយប្រហារ​ពី​កងទ័ព NATO ក្នុងនោះ ៧១៦ គោលដៅ នៅក្នុង​ទីក្រុង ទ្រី​ប៉ូ​លី ។ កង​អាកាស​របស់​អាមេរិក បើក​ការវាយលុក និង ទម្លាក់​គ្រាប់បែក​ដោយផ្ទាល់ ។​

​តាមពិតទៅ​កងទ័ព​របស់ លី​ប៊ី ដែលមាន​ភក្តីភាព​ចំពោះ​លោក ហ្គា​ដា​ហ្វ៊ី ក៏​ខ្លាំងក្លា ណាស់ដែរ ហើយ​បើ​ធៀប​ទៅនឹង​កងទ័ព​បណ្តា​ប្រទេស​ក្នុង​តំបន់​នោះ គឺ​កងទ័ព​ដែលមាន​ភក្តីភាព​ចំពោះ ហ្គា​ដា​ហ្វី គ្មាន​បារម្ភ​ឡើយ ។ ប៉ុន្តែ​បើ​ធៀប​ទៅនឹង​មហាអំណាច​នោះ គឺ​ពួកគេ​ពិតជា​មិនអាច ទប់ទល់​បានឡើយ ។ ទោះយ៉ាងណា ក៏​កងទ័ព​ទាំងនោះ នៅតែ​រក្សា​ភក្តីភាព​របស់​ពួកគេ​ប្តូរផ្តាច់ ស៊ូ​លះបង់​ជីវិត ក៏​មិន​លះបង់​ភក្តីភាព​របស់ខ្លួន​ចំពោះ​របប ហ្គា​ដា​ហ្វ៊ី ដែរ​ទើប​ការប្រយុទ្ធ ក៏​ចេះតែ​ប្រព្រឹត្តទៅ​យ៉ាង​អង់អាច ទោះជា​ពួកគេ​ដឹងថា​មិនអាច​ទប់ទល់​នឹង​កម្លាំង​ទ័ព​ដ៏​មហិមា របស់ NATO ក៏ដោយ ព្រោះ​ពួកគេ​ចាត់ទុក ហ្គា​ដា​ហ្វី ថា​ជា​វិ​រ​បុរស​ការពារជាតិ​ហើយ​ចាត់ទុក ក្រុម​ឧទ្ទាម ថា​ជា​ជន​ក្បត់ជាតិ លក់​ក្បាល​ឱ្យ​បរទេស​ជាពិសេស​ចំពោះ​មហាអំណាច​លោក ខាងលិច ដែលមាន អាមេរិក ជា​មេក្លោង ។​

​ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា របស់​កងទ័ព NATO ដូច្នោះ គិត​ត្រឹម​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១១ នោះ កងទ័ព​ឧទ្ទាម​បាន​ចូលដល់​ទីក្រុង ទ្រី​ប៉ូ​លី ។ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១១ គឺជា​ការប្រយុទ្ធ​ខ្លាំងក្លា​ចុងក្រោយ​បំផុត​រវាង​អ្នក​ស្មោះត្រង់​លោក ហ្គា​ដា​ហ្វ៊ី និង ក្រុម​ឧទ្ទាម ដែលមាន​បរទេស​នៅ​ពីក្រោយ​ខ្នង ហើយ​ទីបំផុត​លោក ហ្គា​ដា​ហ្វ៊ី​ត្រូវបាន​កងទ័ព​ឧទ្ទាម​ចាប់ ខ្លួន​បាន​ក្នុង​លេនដ្ឋាន ១ កន្លែង​នៅ​ទីក្រុង Sirte ( ភាគខាងត្បូង​ប្រទេស ) ហើយ​លោក ហ្គា​ដា​ហ្វី ត្រូវបាន​ពួក​ឧទ្ទាម​សម្លាប់​យ៉ាង​ប្រមាថ ហើយ​រូបភាព​ដ៏​គួរឱ្យ​ឈឺចាប់​នោះ​ត្រូវបាន​ផ្សាយ​តាម កញ្ចក់​ទូរទស្សន៍​ដ៏​ល្បី​នៅលើ​លោក​ទៀតផង ( ដែល​ទិដ្ឋភាព​បែបនេះ​មិនសូវមាន​គុណធម៌ ទាល់តែសោះ ចំពោះ​ក្រមសីលធម៌​សារព័ត៌មាន ) ។

​ការផ្តួលរំលំ​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ្គា​ដា​ហ្វ៊ី ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១១ គឺ ៣ ថ្ងៃ​បន្ទាប់ពី​ការ​ផ្តួល​ទីក្រុង Sirte ។ ថ្ងៃ​នោះឯង​ហើយ​ដែល​ពួក​ឧទ្ទាម​ដែលជា​អ្នក ទទួលបាន​ជោគជ័យ​ក្នុង​ផ្តួលរំលំ​របប​លោក ហ្គា​ដា​ហ្វ៊ី ហៅថា ទិវា​សេរីភាព លី​ប៊ី ហើយ​ទិវា​នេះ ក៏​ចាប់ផ្តើម​មាន​ពី​ពេល​នោះឯង ។ ប្រជាពលរដ្ឋ លី​ប៊ី យ៉ាងហោចណាស់ ៣០.០០០​នាក់​បាន ស្លាប់​ក្នង​សង្គ្រាមស៊ីវិល​នោះ ។ បន្ថែម​ពីលើ​នេះ​ទៅ ភាគី​ខាង ក្រុមប្រឹក្សា​ជាតិ​បណ្តោះអាសន្ន បាន​រងរបួស​ប្រមាណ​ជា ៥០.០០០ នាក់​ដែរ ។​

ក្រោយ​ការដួលរលំ​របប ហ្គា​ដា​ហ្វ៊ី​
​ក្រោយពី​ការដួលរលំ​ទៅ នៃ របប ហ្គា​ដា​ហ្វ៊ី ប្រទេស លី​ប៊ី ត្រូវបាន​ហែកហួរ​ជា​ពួក​ជា​ក្រុម តាម​តំបន់ តាម​កុលសម្ព័ន្ធ និង ក្រុង​នានា​ជាច្រើន ខណៈ​រដ្ឋាភិបាលកណ្តាល​ក្សត់ខ្សោយ គ្មាន​លទ្ធភាព​ដាក់​អាជ្ញាធរ​នៅ​តំបន់​នានា​ឱ្យបាន​គ្រប់​ទូទាំងប្រទេស ។ ការវាយប្រហារ​ប្រឆាំង គ្នា​ទៅវិញទៅមក ដោយសារ​ទំនាស់​នយោបាយ និង សាសនា ។

​ទម្រាំ​បាន​ចូលដល់ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១២ លី​ប៊ី រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​សភាព​លើក​ទី ១ របស់ខ្លួន ។ ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ដដែល​នោះ​ក្រុម​ប្រឹក្សាជាតិ បណ្តោះអាសន្ន បាន​កាន់កាប់​អំណាច​ទាំងអស់​ជា​ផ្លូវការ ហើយ​ដឹកនាំ​ការបោះឆ្នោត​ជ្រើស តាំង​សភាជាតិ ដែល​បន្ទាប់មក​មានកា​ត​ព្វ​កិច្ច​បង្កើត​រដ្ឋាភិបាល​ស្តីទី និង​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី មួយ​របស់ លី​ប៊ី សម្រាប់​អនុម័ត​នៅក្នុង​ការធ្វើប្រជាមតិ​ទូទៅ​មួយ ។​ទោះយ៉ាងណា​រដ្ឋាភិបាល និង សភា ចេះតែមាន​ផុល​រមាស់ ពោលគឺ​ប្រទេសជាតិ មិនបាន​សុខសាន្តត្រាណ​ឡើយ ហើយក៏​មានការ​វាយប្រហា​រ​ជា​បន្តបន្ទាប់​ដែរ រហូតដល់​ឆ្នាំ ២០១៩ ក៏​ប្រទេស លី​ប៊ី មិនទាន់ ប្រាកដថា​មាន​សន្តិភាព ឬ យ៉ាងណា​នៅឡើយ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

មួ​អា​ម៉ា ហ្គា​ដា​ហ្វី គឺជា​មេដឹកនាំ លី​ប៊ី ដែល​មិន​ឱនក្បាល​ចំពោះ​លោក ខាងលិច សុខចិត្ត​លះបង់​ជីវិត
ទីក្រុង ទ្រី​ប៉ូ​លី នៃ ប្រទេស លី​ប៊ី នាពេល​បច្ចុប្បន្ន
ទីក្រុង ទ្រី​ប៉ូ​លី រង​ការ​ព្រួត​គ្នា​វាយប្រហារ​ដោយ​កងទ័ព​សម្ព័ន្ធ NATO