Home ព័ត៌មានជាតិ សន្តិសុខ បុរសជនជាតិចិន...

បុរសជនជាតិចិនបីនាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាមត្រូវតុលាការឃុំខ្លួន

ដោយៈសរិទ្ធ/ភ្នំពេញ ៖ បុរសជនជាតិចិនចំនួន៣នាក់ដែលជាប់ពាក់ព័ន្ធករណីរក្សាទុកនិង ជួញដូរគ្រឿងញៀនខុសច្បាប់ជាងមួយគីឡូក្រាមបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២០ដើម្បីរង់ចាំការស៊ើបអង្កេតរកគូកននិងមេក្លោងជាបន្តទៀត។

ការសម្រចឃុំខ្លួននេះបានធ្វើបន្ទាប់ពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពីបទរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់។

បុរសជនជាតិចិនទាំង៣នាក់នេះ ឈ្មោះ Huo Tao  អាយុ២៤ឆ្នាំ ឈ្មោះ Ba yun  អាយុ២៤ឆ្នាំ និងឈ្មោះ Shi Si Bel  អាយុ៥១ឆ្នាំ។

ពួកគេទាំង៣បានត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់កាលពីថ្ងៃទី១៧និង១៨ ខែតុលា ឆ្នាំ២០២០នៅពីរគោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញរហូតឈានដល់ការឃាត់ខ្លួនតែម្តង។

គោលដៅទី១៖ នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងគោលដៅទី២៖ នៅចំណុចមុខខុនដូបាលី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនទាំង៣នាក់នេះហើយ សមត្ថកិច្ច បានដកហូតវត្ថុតាងសារធាតុញៀនសរុប១គីឡូក្រាម ៤៥៣,៥៤ក្រាម (មេតំហ្វេតាមីន(ICE) ទម្ងន់១,៣៨៩.៤៣ក្រាមគ្រាប់ (WY) ២៩.២១ក្រាម, អ៊ិចស្តាស៊ី ៣៤.៩០ក្រាម) ជញ្ជីងថ្លឹង០១គ្រឿង និងទូរស័ព្ទ០២គ្រឿង។

 ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular