នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃព្រហស្បតិ៍ទី២២តុលា បានដកចេញច្បាប់គ្រាអាសន្នមួយទោះជាវាបរាជ័យក្នុងការកំចាត់ចោលការជួបជុំតវ៉ាដែលទាមទារអោយលោកចុះចេញពីតំណែង និងកែទំរង់របបរាជានិយមដែលមិនអាចប៉ះពាល់បាន។

វិធានការគ្រាអាសន្នធ្ងន់ធ្ងរនេះត្រូវបានប្រកាសប្រើកាលពីសប្តាហ៍មុនក្រោយពីបាតុករប្រឆាំងរដ្ឋាភិបាលលើកម្រាមដៃបីដាក់ក្បួនរថយន្តស្តេច ជាការប្រឈមមុខដ៏គឃ្លើនដែលមិនធ្លាប់មានចំពោះព្រះមហាក្សត្រ។តែបំរាមហាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងនេះបរាជ័យក្នុងការរារាំងកុំអោយពួកអ្នកតវ៉ាប្រឆាំងរាប់ពាន់នាក់ចេញមកតាមដងវិថីក្នុងរដ្ឋធានីថៃអស់ពេល១សប្តាហ៍មកនេះដើម្បីជំរុញការទាមទាររបស់គេ។
រដ្ឋាភិបាលនៅសប្តាហ៍នេះក៏ចេញបញ្ជាអោយបិទទូរទស្សន៍Voice TV ជាអង្គការសារព័ត៌មានដែលមានចំណែកភាគហ៊ុនមួយផ្នែករបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត ដោយសារតែវាផ្សាយព័ត៌មានអំពីបាតុកម្មជាប់។រដ្ឋាភិបាលលើកហេតុផលថា ការផ្សាយរបស់ទូរទស្សន៍នេះលើកទឹកចិត្តអោយមនុស្សចូលរួមការតវ៉ាប្រឆាំងកាន់តែច្រើន តែតុលាការព្រហ្មទណ្ឌក្រុងបាងកកបានដកចេញបំរាមបិទការផ្សាយនេះកាលពីថ្ងៃ២១តុលា ដោយថា«សេរីភាពនៃការទាក់ទងរបស់ប្រជាជនត្រូវតែគោរពការពារ»។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលកាលពីថ្ងៃ២២តុលា បាននិយាយថា ការដកចេញវិធានការគ្រាអាសន្ននេះ ដោយសារតែសភាពការណ៍នយោបាយបានធូរស្រាលគឺ «វិធានការគ្រាអាសន្ននេះបានបញ្ចប់និងនាំដល់សភាពការណ៍ដែលមន្ត្រីរដ្ឋាភិបាលនិងបណ្តាទីភ្នាក់ងាររដ្ឋអាចអនុវត្តច្បាប់ធម្មតា។រាល់លក្ខខណ្ឌកំណត់ក្រោមច្បាប់គ្រាអាសន្ននេះត្រូវបានបញ្ឈប់»។
កាលពីថ្ងៃពុធទី២១តុលា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយ លោកត្រៀមដកចេញការប្រើច្បាប់គ្រាអាសន្ននៅក្រុងបាងកក ដើម្បីបន្ថយកំដៅនយោបាយ តែបានស្នើសុំអោយពួកអ្នកប្រឆាំងតវ៉ាដែលបានមកជួបជុំគ្នារាល់ថ្ងៃនៅតាមដងវិថីនៃក្រុងបាងកកងាកមកធ្វើការដោះស្រាយគ្នាតាមរយៈសភា។
លោកបាននិយាយដូច្នេះក្នុងសុន្ទរកថាដែលត្រូវបានថតទុកជាមុនមួយហើយដែលត្រូវបានចាក់ផ្សាយក្នុងទូរទស្សន៍កាលពីយប់ថ្ងៃពុធ នៅពេលបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ដើរដង្ហែទៅកាន់វិមានរដ្ឋាភិបាល កន្លែងដែលប៉ូលិសដាក់ពង្រាយកម្លាំងការពារ។
លោកប្រាយុទ្ធ បាននិយាយកាលពីយប់ថ្ងៃពុធថា«ឥឡូវ ខ្ញុំត្រៀមដកចេញច្បាប់គ្រាអាសន្ននៅបាងកក ហើយនឹងធ្វើដូច្នេះភ្លាមបើមិនមានឧបទ្ទវហេតុហិង្សាទេ។អ្នកប្រឆាំងតវ៉ាបានបញ្ចេញសម្លេងនិងសម្តែងមតិរបស់់គេខ្លាំងណាស់រួចមកហើយ។ឥឡូវដល់ពេលពួកគេទុកអោយទស្សនៈរបស់គេសម្របសម្រួលជាមួយទស្សនៈរបស់ផ្នែកផ្សេងៗទៀតនៃសង្គមថៃតាមរយៈសភា។ខ្ញុំអំពាវនាវដល់គ្រប់ភាគីថា យើងត្រូវតែផ្សះផ្សារស្នាមរបួសមុនពេលវាក្លាយជាដំបៅជ្រៅខ្លាំង»។
តែមេដឹកនាំតវ៉ាម្នាក់លោក តាតេប រឿងប្រាផៃគិតសេរី បានប្រាប់សារព័ត៌មានបរទេសមួយថា «ប្រាយុទ្ធ ត្រូវតែចុះចេញពីតំណែងជាមុន ហើយវាជារឿងងាយធ្វើបំផុត»។
បាតុកម្មភាគច្រើនដឹកនាំដោយពួកយុវជនដែលទាមទារអោយកែប្រែរដ្ឋធម្មនុញ្ញ ទាមទារអោយលោកប្រាយុទ្ធចុះចេញពីតំណែង និងកែទំរង់របបរាជានិយម ។ពួកគេបានមកជួបជុំគ្នាធ្វើការទាមទាររាល់ថ្ងៃនៅមួយសប្តាហ៍មកនេះ ទោះជារដ្ឋាភិបាលចេញច្បាប់ហាមប្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងនិងផ្តល់អំណាចដល់កងសន្តិសុខស្វែងរកនិងចាប់ខ្លួនមនុស្សនៅក្នុងរដ្ឋធានីក្តី។
ការជួបជុំតវ៉ា ជាទូទៅបានប្រព្រឹត្តទៅដោយអហិង្សាជាមួយនឹងការឡើងថ្លែងសុន្ទរកថាខ្លីៗថ្កោលទោសរដ្ឋាភិបាល និងលើកម្រាមដៃបង្ហាញការប្រឆាំងនឹងភាពផ្តាច់ការ។តែការចាប់ខ្លួនមេដឹកនាំចលនាប្រឆាំងតវ៉ានេះរាប់សិបនាក់ វាហាក់កាន់តែជំរុញការតវ៉ាប្រឆាំងខ្លាំងឡើង ដោយពួកគេមិនស្តាប់បំរាមនិងមិនញញើតនឹងកម្លាំងប៉ូលិស។
ពួកបាតុករក្មេងៗបាននិយាយអំពីតំរូវការអោយដាក់សិទ្ធិអំណាចរបស់ស្តេច មហា វ៉េចរ៉ាឡុងកន ស្របតាមឋានៈផ្លូវការរបស់ទ្រង់ក្នុងនាមជាព្រះរាជានៃរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ស្តេចថៃ ដែលត្រូវបានចាត់ទុកថាជាព្រះមហាក្សត្រមានបំផុតក្នុងលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណ៤០ពាន់លានដុល្លារ បច្ចុប្បន្នគ្រប់គ្រងអង្គភាពទ័ព២ដោយផ្ទាល់។
តែការទាមទារនេះជួបការប្រឆាំងជំទាស់ពីក្រុមរាជានិយម និងខ្លះបានចេញមកប្រវាយប្រតប់ជាមួយពួកប្រឆាំងតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតាមដងផ្លូវនៃក្រុងបាងកក។
ក្នុងពេលជាមួយគ្នា ប៉ូលិសបានផ្សាយបន្តសេចក្តីប្រកាសក្នុងព្រឹត្តបត្រព្រះរបរាជវាំងមួយដែលប្រកាសថា សម័យប្រជុំសភាពិសេសមួយនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃ។
មានការព្រួយបារម្ភថា ជម្លោះតិចៗតែក្តៅងំនេះ អាចរាលដាលហួសពីការអាចគ្រប់គ្រងបាន ហើយទីបំផុតរុញទម្លាក់សេដ្ឋកិច្ចថៃដែលកំពុងជួបកំណើនអវិជ្ជមានដល់ទៅ៧ភាគរយ(-៧%)នៅឆ្នាំនេះដោយសារតែវិបត្តិសកលបង្កឡើងដោយវីរុសកូរ៉ូណា៕ប្រែសម្រួល៖វាសនា