Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូនបុរសម្ន...

បញ្ជូនបុរសម្នាក់ដែលបានផ្សព្វ ផ្សាយលក់កាំភ្លើង គ្រប់ប្រភេទតាមបណ្ដាញសង្គមមកតុលាការ

ដោយៈសរិទ្ធ/ភ្នំពេញ ៖ បុរសម្នាក់ដែលបានផ្សព្វផ្សាយលក់កាំភ្លើងខ្លីទំនើប កាំភ្លើងបាញ់សត្វ និង កាំភ្លើងហ្គាសគ្រប់ប្រភេទ តាមបណ្ដាញសង្គមហ្វេសប៊ុកបានត្រូវសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។

បុរសរូបនេះឈ្មោះ អ៊ាន សម្បត្តិ អាយុ៣២ឆ្នាំ បានត្រូវកម្លាំងនៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២០  នៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។  

ពាក់ព័ន្ធបញ្ហានេះសមត្ថកិច្ចបានបញ្ជាក់ ថាបុរសរូបនេះបានបង្កើត គណនីហ្វេសប៊ុក ជាច្រើន ដែលសុទ្ធតែជា គណនីក្លែងក្លាយ ហើយបានធ្វើការផ្សព្វផ្សាយលក់កាំភ្លើងខ្លីទំនើបៗ  កាំភ្លើងបាញ់សត្វ និង កាំភ្លើងហ្គាសគ្រប់ប្រភេទ ដោយធ្វើការនាំចូលពីប្រទេសជិតខាងយកមកលក់ក្នុងទឹកដីកម្ពុជាតែម្ដង ។

សមត្ថកិច្ចបានអះអាងថាក្នុងចំណោមគណនីហ្វេសប៊ុកគេទាំងនេះមានគណនីខ្លះគឺប្រើសម្រាប់បោកប្រាស់អ្នកទិញតែម្ដង គឺនៅពេលដែលកម្មង់ទិញឥវ៉ាន់ហើយ គេតម្រូវឲ្យអ្នកទិញវេរលុយឱ្យគេទាំងអស់ ហើយភាគច្រើនគេមិនបានផ្ដល់ទំនិញឲ្យនោះទេ ។

លោកឧត្តមសេនីយ៍ឯក ជា ពៅប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្តេជ្ញាថា នឹងបន្តបោសសម្អាតការជួញដូរខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យានេះបន្តទៀត និង សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលលេងតាមបណ្ដាញសង្គម រាយការណ៍មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមរយៈផេករបស់នាយកដ្ឋាន ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular