ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធទី២១តុលាថាមនុស្សយ៉ាងតិចណាស់ចំនួន១១១នាក់បានស្លាប់និង ២០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅភាគកណ្តាលប្រទេសវៀតណាមបន្ទាប់ពីមានទឹកជំនន់និងបំណាក់ដីអស់ជាច្រើនសប្តាហ៍មកនេះខណៈដែលប្រទេសនេះត្រៀមទប់ទល់នឹងព្យុះមួយទៀតនៅចុងសប្តាហ៍នេះ។
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមបាននិយាយថាផ្ទះប្រហែល ១៧៨.០០០ ខ្នងត្រូវបានទឹកជន់លិច។ ក្រុមអ្នកសង្គ្រោះបានបង្កើនការខំប្រឹងប្រែងដើម្បីនាំយកជំនួយស្បៀងហារនិងទឹកស្អាតទៅដល់អ្នកដែលជាប់ខ្លួននៅតំបន់រងគ្រោះទាំងនោះ។
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមបានបន្ថែមថាផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំជាច្រើន នៅតំបន់ភាគកណ្តាលនៃប្រទេសនេះក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរនិង បានព្រមានថាមនុស្សរាប់សែននាក់នឹងត្រូវការទីជម្រកនិងជំនួយសង្គ្រោះនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សមាគមកាកបាទក្រហមវៀតណាមបាននិយាយថា ” ទឹកជំនន់នៅពេលនេះគឺជាអាក្រក់បំផុតតាមដែលយើងធ្លាប់បានឃើញមួយទសវត្សរ៍កន្លងមកនេះ”។
ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាយ៉ាងហោចណាស់មនុស្សចំនួន ១១១ នាក់ត្រូវបានសម្លាប់ ខណៈដែលជិត ២០០.០០០ នាក់ត្រូវបានជម្លៀសចេញ៕ប្រែសម្រួល៖សុខា/sn
អ្នកនេសាទក្នុងខេត្តក្វាងប៊ីញ ជួយការងារជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃ២០ ខែតុលា