លោក សៀង ណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប បានចុះទៅសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកា ចំនួន ៥០០ ដុល្លារអាមេរិក សម្រាប់ការព្យាបាលរបួស
ដោយៈ បាយ័ន / សៀមរាបៈ ដោយមានកិច្ចសហការគ្នាបានល្អ កម្លាំងនគរបាលស្រុកបរវេល ខេត្តបាត់ដំបង បានចាប់បានជនសង្ស័យ ដែលបាញ់ប្រពន្ធ បណ្តាលឲ្យរបួសនោះបានហើយ និងបច្ចុប្បន្ន កំពុងនាំខ្លួនមកកាន់ខេត្តសៀមរាប ដើម្បីសួរនាំ ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង ២ និង ៥០ នាទី ឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយពីកើតហេតុជនដៃដល់ បានរត់គេច ហើយចាប់បាន នៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃដដែល ខណៈរត់គេចទៅខេត្តបាត់ដំបង ។

ជនរងគ្រោះ ត្រូវបានប្តី (ពុំបានរៀបការ) ដោយបានប្រើកាំភ្លើងខ្លី k59 បាញ់ ក្នុងគោលបំណង សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ ហើយមុនបាញ់ ប្តីបើករថយន្ត ពីទិសខាងកើត ទៅទិសខាងលិច ដោយមូលហេតុប្រច័ណ្ឌប្រពន្ធ។
ស្ត្រីរងគ្រោះ មានកូនម្នាក់ អាយុ៨ឆ្នាំ ជាចំណងដៃ មិនទាន់រៀបការ។ នៅខណៈនោះ កម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ ក៏បានជួយសង្គ្រោះទាន់ពេលវេលា និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

គ្រានោះ សមត្ថកិច្ច បានស្រាវជ្រាវ តាមចាប់ជនបង្ក ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់។ ក្នុងនោះដែរ លោក សៀង ណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប បានចុះទៅសួរសុខទុក្ខ និងរួមចំណែក ក្នុងការព្យាបាល ជនរងគ្រោះ ហើយលោក ក៏បានឧបត្ថម្ភថវិកា ចំនួន ៥០០ ដុល្លារអាមេរិក ។ លោកក៏សូមជូនពរ ឲ្យក្មួយស្រី រួចផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត និងឆាប់បានជាសះស្បើយ ពីមុខរបួស។
ចំណែកជនសង្ស័យ មានឈ្មោះ ចាន់ ផល (ចាន់ ពៅ ) ឬ គុជ ផល្លី អាយុ ៥៧ឆ្នាំ មានទីលំនៅ នៅភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំណែកប្រពន្ធ មិនរៀបការឈ្មោះ សំអុល សុខដានី អាយុ២៧ឆ្នាំ មានទីលំនៅ នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឲ្យដឹងថាៈ ដោយមានកិច្ចសហការគ្នា បានល្អ រវាងនគរបាល ខេត្តសៀមរាប និងតាមបណ្តាខេត្ត ជាពិសេសេខេត្តបាត់ដំបង ជនសង្ស័យ ដែលបាញ់ប្រពន្ធ បណ្តាលឲ្យរបួសនោះ ត្រូវបានកម្លាំងនគរបាល ស្រុកបរវេល ចាប់ខ្លួនបានហើយ និងកំពុងនាំខ្លួន មកកាន់ខេត្តសៀមរាប ដើម្បីសួរនាំតាមច្បាប់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួន ទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕/V


