ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅត្រង់ផ្លូវចន្លោះដើមពោធិ៍យាយម៉ៅ – កូនដំរី នៃកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល – ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលទឹកជំនន់បាក់ទំនប់ អាងអូរខៃដន បង្កលិចហូរកាត់ផ្លូវ កន្លងមក ហើយមកដល់ពេលនេះ បានបណ្តាល ឱ្យស្ទះចរាចរណ៍ និងផ្ទុះបាតុភាព រវាងម្ចាស់ និងអ្នកបើកបរ ឆ្លងកាត់ ។
យោងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងការវិភាគ បានរកឃើញមូលហេតុ នៃបញ្ហានោះថាៈ ទី១ បុគ្គលជាម្ចាស់ ឬអ្នកបើកបរយានយន្តខ្លះ មិនគោរពសិទ្ធិ អាទិភាព ខ្វះគុណធម៌ ខ្វះការយោគយល់អធ្យាស្រ័យ មានៈ ហើយប្រឹងតែប្រជែងទៅមុន ។ ទី២ – ពួកគេ មិនទទួលស្គាល់តម្លៃ និងការខិតខំរបស់ សមត្ថកិច្ច ដែលធ្វើការសម្រួល ចរាចរណ៍ទាំងត្រាំទឹក ហើយក្រោមកំដៅថ្ងៃ ។ ទី៣.ក្រុមហ៊ុន ឬម្ចាស់យានយន្តធុនធ្ងន់ (ទោះអត់ផ្ទុក) ប្រញាប់ប្រជ្រៀត ឆ្លងកាត់ចំណុច ផ្លូវជាតិលេខ៥ ត្រង់ចំណុចបាក់ទំនប់ អាងអូរខៃដន ក្នុងក្រុងប៉ោយប៉ែតនោះ និងត្រង់ផ្សារគុត្តសត ស្រុកអូរជ្រៅ ។ ទី៤. អាជ្ញាធរ និងសមត្ថកិច្ច កងកម្លាំងជំនាញ គួរផ្អាកបណ្តោះអាសន្ន ទាំងលើយានយន្តធុនធ្ងន់ ទោះអត់បន្ទុក ព្រោះថា ចំណុចរងគ្រោះនោះ ទឹកហូរកាត់ផ្លូវ នៅជ្រៅនៅឡើយ ហើយគ្រឹះផ្លូវនៅជ្រាយ មិនរឹងមាំ មិនអាចមានលទ្ធភាព ទ្រាំទ្រទម្ងន់នៅឡើយ។
សូមរំលឹកថា កាលពីយប់ ថ្ងៃទី១៩ តុលា ទឹកជំនន់ដែលភាគច្រើន ស្រុងធ្លាក់មកពីប្រទេសថៃ បានធ្វើអោយទឹកអាងអូរខៃដន ហក់ឡើង និងមានសម្ពាធខ្លាំង ហើយបង្កបាក់ទំនប់អាង ផ្នែកកណ្តាល ខាងលិច ហើយបង្កលិច ហូរច្រោះកាត់ផ្លូវដែក និងផ្លូវជាតិលេខ៥ ប្រវែងជិត ១.០០០ ម៉ែត្រ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្នុងនាមរដ្ឋបាលក្រុង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្ន ការឆ្លងកាត់រថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រម ដើមពោធិ៍ លោកយាយម៉ៅ (ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ដល់ផ្លូវបំបែកកូនដំរី សង្កាត់និមិត្ត នៃផ្លូវបំបែក ទៅសិរីសោភ័ណ និងម៉ាឡៃ រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៩ ។ ប៉ុន្តែ តាំងពីថ្ងៃនោះមក គេឃើញថា រថយន្តធុនធំ មានផ្ទុកទំនិញ ចេញពីក្រុងប៉ោយប៉ែត បានវាងពីរង្វង់មូលស្ទឹងបត់ ទៅផ្លូវជាតិលេខ៥៨ ។ ប៉ុន្តែរថយន្តធុនធំជាច្រើន ដែលខ្លះអត់ផ្ទុក ខ្លះមានផ្ទុក បានសម្រុកឆ្លងកាត់។ ឯយានយន្ត មធ្យោបាយធ្វើដំណើរតូច មធ្យមផ្សេងទៀត ក៏បានប្រជ្រៀត្នា ឆ្លងកាត់ដែរ ។ ក្នុងនោះ ដូចយោងមូលហេតុខាងលើ ក៏ធ្វើអោយកកស្ទះចរាចរណ៍ ហើយកើតដោយអន្លើ នូវការប្រទូស្តរាយ ដោយសំដី រវាងម្ចាស់ ឬអ្នកបើកបរយានយន្ត និងកម្លាំងសមត្ថកិច្ច ដែលខិតខំបំពេញការងារ អន្តរាគមន៍ ។
មន្ត្រីសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ មន្ត្រីសាធារណការ ដែលឆ្លាស់វេនគ្នា ធ្វើអន្តរាគមន៍ បានប្រាប់ថាៈ អាចបំបាត់បាតុភាពខាងលើបាន លុះត្រាតែម្ចាស់ ឬអ្នកបើកបរយានយន្ត លុបបំបាត់មូលហេតុ ដូចខាងលើ ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២២ តុលា នេះ មិនលើកទទួលទូរស័ព្ទ សុំការបំភ្លឺពីអ្នកយកព័ត៌មានយើងឡើយ ៕/V