ដោយៈ គន្ធា / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គណនេយ្យ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបច្ចុប្បន្នភាព នៃច្បាប់សារពើពន្ ដែលមានការចូលរួមពី សហគ្រាសជាប់ពន្ធ ចំនួនប្រមាណ ១៥០ នាក់ នៅសណ្ឋាគារ ឌីវីត ភ្នំពេញ។
លោក ងី តាយី បានមានប្រសាសន៍ថាៈ សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្មនៅកម្ពុជា សារៈប្រយោជន៍ និងកាតព្វកិច្ចនានា ដែលសហគ្រាស ត្រូវអនុវត្ត ក្នុងនោះរួមមាន កាតព្វកិច្ចកាន់បញ្ជី គណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ច ដាក់របាយការណ៍ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យ ។

លោកបានលើកឡើង អំពីឧត្តមប្រយោជន៍ និងគុណសម្បត្តិជាច្រើន របស់ច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម និងវិធានពាក់ព័ន្ធ ដែលមានជាអាទិ៍៖ ១.បង្កើននិងលើកកម្ពស់តម្លាភាព និងសុក្រឹតភាព នៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ របស់សហគ្រាស ដែលអាចបង្កើននូវ ជំនឿទុកចិត្តរបស់ សាធារណជន មកលើសហគ្រាស ក៏ដូចជាទំនុកចិត្ត របស់វិនិយោគិនក្នុងស្រុក និងបរទេស; ២.ជំរុញគណនេយ្យភាព និងអភិបាលកិច្ចល្អ របស់សហគ្រាស; ៣.បង្កើនគុណភាព និងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ និងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម; ៤.ជំរុញបន្ថែម និងទ្រទ្រង់និរន្តរភាព នៃទីផ្សារមូលធន ព្រមទាំងបង្កលក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពចូលរួម ក្នុងទីផ្សារមូលធននាពេលអនាគត; ៥.ជួយបង្កនូវលទ្ធភាព នៃការទទួលបានឥណទាន; ៦.បង្កើតការងារ ក្នុងវិស័យគណនេយ្យ និងសវនកម្ម ជូនប្រជាពលរដ្ឋ និង៧.របាយការណ៍ហិរញ្ញវត្ថុ ដែលបង្កើតឡើង ដោយអនុលោមតាមច្បាប់នេះ គឺជាមូលដ្ឋានព័ត៌មានហិរញ្ញវត្ថុ តែមួយគត់ ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីប្រកាសពន្ធដារ ដែលធ្វើឲ្យការប្រមូលពន្ធ មានប្រសិទ្ធភាព។

លោកបានបញ្ជាក់បន្ថែម ជូនអង្គសិក្ខាសាលាទាំងមូល ឲ្យបានជ្រាប និងសូមកុំយល់ថាៈ ច្បាប់ និងបទប្បញ្ញត្តិ ដែលបានដាក់ឲ្យអនុវត្ត ពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម និងពាក់ព័ន្ធនឹងពន្ធដារ មិនមែនជាវិធានការ ឬជាគំនៀបរបស់ រាជរដ្ឋាភិបាល ទៅលើវិស័យឯកជននោះទេ តែផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ជាដៃគូមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទៅវិញនោះទេ ហើយច្បាប់ និងបទប្បញ្ញត្តិ គឺជាឧបករណ៍ ដ៏មានប្រសិទ្ធិភាព សម្រាប់គាំពារ, ទ្រទ្រង់និងលើកកម្ពស់វិស័យឯកជន ៕/V
